ចាំទុក “កុំយកបេះដូងយើងទៅចងនឹងបាតជើងអ្នកដទៃ”
- 2018-05-24 08:43:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំទុក “កុំយកបេះដូងយើងទៅចងនឹងបាតជើងអ្នកដទៃ”
មនុស្សជាច្រើនសុខចិត្តយកបេះដូងខ្លួនឯងទៅចងផ្អោបជើងមនុស្សដែលខ្លួនស្រលាញ់ ដើម្បីគ្រាន់តែត្រូវការឈានដើរទៅមុខជាមួយគេ។ ប៉ុន្តែចុងក្រោយ អ្វីដែលទទួលបានគឺគ្មានអ្វីក្រៅពីឈឺចិត្ត ព្រោះខណៈពេលដែលគេដើរ គេក៏បានជាន់ឈ្លីបេះដូងយើងតាមហ្នឹងដែរ។ ទីបំផុត អ្នកឈឺគឺជាយើង ហើយគេក៏មានអារម្មណ៍ពិបាក ដែលការធ្វើដំណើររបស់គេមិនរលូន។ សម្រាប់គេ វាប្រៀបដូចជាមានដុំអ្វីម្យ៉ាងមកដាក់សម្ពាធជើងគេជានិច្ច។ មកដល់ចំណុចនេះ សាកល្បងគិតឲ្យបានល្អទៅថា
យើងគួរយកបេះដូងរបស់យើងត្រលប់មកវិញទេ?
បើគេមិនយកវាទៅថែរក្សា តើចង់ឲ្យគេអូសវាទៅនឹងជើងគេបែបហ្នឹងឬ?
យើងត្រូវអត់ធ្មត់ឲ្យគេជាន់ឲ្យគេឈ្លីអស់មួយជីវិតមែនទេ?
បែបនេះ គេក៏ហត់ យើងក៏ឈឺ
ការស្រលាញ់នរណាម្នាក់ មិនចាំបាច់ត្រូវស្រលាញ់រហូតដល់លែងស្រលាញ់ខ្លួនឯង ហើយក៏មិនចាំបាច់យកបេះដូងយើងទៅឲ្យគេជាន់ដែរ។ អ្វីដែលអាក្រក់បំផុតនោះគឺការមើលមិនឃើញតម្លៃរបស់ខ្លួនឯងនេះហើយ។ បើខ្លួនឯងមើលមិនឃើញតម្លៃខ្លួនឯងផង តើគិតថាអ្នកដទៃមើលឃើញ?
ឈប់បែបនេះទៀតទៅ បណ្ដោយឲ្យគេដើរយ៉ាងស្រួលទៅចុះ ហើយលែងចិត្តរបស់យើងឲ្យមានសេរីភាព។ មនុស្សដែលស្រលាញ់ និងពេញចិត្តមើលថែបេះដូងរបស់យើងនោះមានច្រើនទៀតណាស់។ បើមិនហ៊ានជឿចិត្តថាមានអ្នកណានឹងស្រលាញ់៖
សូមឆ្លុះកញ្ចក់ មនុស្សដែលនៅក្នុងកញ្ចក់នោះហើយគឺជាមនុស្សដែលយើងត្រូវមើលថែ
សូមឆ្លុះកញ្ចក់ ថាតើមនុស្សក្នុងកញ្ចក់នោះមុខដូចអ្នកណា?
គឺ “ឪពុកម្ដាយ”
មនុស្សជាច្រើននិយាយថា ក្ដីស្រលាញ់ដែលត្រូវការវាមិនដូចគ្នាទេ ស្រលាញ់បែបគ្រួសារ ស្រលាញ់បែបសង្សារ គឺវាខុសគ្នា។ មែន វាអាចនឹងខុសគ្នា ព្រោះ៖
ឪពុកម្ដាយស្រលាញ់យើង ទោះបីយើងជាមនុស្សអាក្រក់
ឪពុកម្ដាយស្រលាញ់យើង ទោះបីមិនទាន់បានឃើញមុខយើង
ឪពុកម្ដាយស្រលាញ់យើង ទោះបីមិនដឹងថាយើងស្រលាញ់ពួកគាត់ប៉ុណ្ណា
ឪពុកម្ដាយស្រលាញ់យើង ទោះបីយើងមិនបាច់ព្យាយាមធ្វើអ្វី
ដូច្នេះហើយ ទើបយើងមើលរំលងក្ដីស្រលាញ់ដែលបានមកយ៉ាងងាយនេះមែនទេ?
ស្រលាញ់ខ្លួនឯង និងគ្រួសារ គឺចម្លើយដែលល្អបំផុត ប្រសិនបើសេចក្ដីស្នេហាវាធ្វើឲ្យយើងមានរបួសផ្លូវចិត្តខ្លាំងពេក។ បើមិនចេះស្រលាញ់ខ្លួនឯងទេ តើយើងអាចទៅស្រលាញ់អ្នកដទៃដោយមានសតិបានដោយរបៀបណា? ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ មុននឹងសុំឲ្យអ្នកដទៃមកស្រលាញ់ ៕
ចុចអាន៖
ទោះឆោតដល់ថ្នាក់ណា ស្រីៗមិនត្រូវហែករឿងទាំងនេះឲ្យអ្នកក្រៅដឹងដែរ
សារខ្លីៗតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅជួយគូស្នេហ៍កាន់តែផ្អែមល្ហែម