៨​យ៉ាងកុំធ្វើឲ្យ​សោះ បើ​ចង់​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​ មាន​អ្នក​ប៉ង​ចង់​បាន​​​ជុំ​ទិស

  • 2018-04-26 08:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. កុំ​ធ្វើ​ខ្លួន​អត់​ប្រយោជន៍ មួយ​ថ្ងៃ​ៗ​មិន​ធ្វើ​អី អង្គុយ​ខ្ជិល អូស​ក្រឡា ធ្វើ​តែ​រឿង​មិន​បាន​ការ ប៉ុន្តែ​ត្រូវ​ឧស្សាហ៍ ធ្វើ​ការ រហ័សរហួន​ បង្កើត​អ្វី​ៗ​ដែល​មាន​ប្រយោជន៍។ កុំ​កើត​មក ដើម្បី​ឲ្យ​តែ​ធ្ងន់​ផែនដី ហើយ​ក៏​ស្លាប់​ទៅ​វិញ ជីវិត​នេះ​ខ្លី​ណាស់ ដូច្នេះ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​មាន​តម្លៃ។

២. កុំ​ពូកែ​តែ​អួត ធ្វើ​ខ្លួន​អឿ ដើរ​ចុះ​ដើរ​ឡើង ប៉ុន្តែ​មិន​ដែល​ធ្វើ​ឲ្យ​អ្វី​រីក​ចម្រើន។ មនុស្ស​ពូកែ​ពិត​ប្រាកដ​​គឺ​ត្រូវ​និយាយ​តិច ប៉ុន្តែ​ធ្វើ​ច្រើន អួត​តិច តែ​រៀន​ច្រើន បូរបាច់​តិច តែ​លទ្ធផល​ការងារ​ច្រើន។ ត្រូវ​កាត់​បន្ថយ​ការ​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង ហើយ​បន្ថែម​ការ​អភិវឌ្ឍ​ខ្លួន​ជំនួស​វិញ។

៣. កុំ​កំសាក មនុស្ស​កំសាក​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ ចង់​ធ្វើ​អ្វី​មួយ កុំ​បាច់​ខ្លាច ប៉ុន្តែ​ត្រូវ​ធ្វើ​ទាំង​ខ្លួន​ខ្លាច។ កុំ​រវល់​តែ​ស្ដាប់​សម្ដី​មនុស្ស​កំសាក ដែល​ប្រាប់​ថា​កុំ​ឲ្យ​ធ្វើ ព្រោះ​ទី​បំផុត​យើង​នឹង​​ក្លាយ​ជា​មនុស្ស​ឆាប់​ចុះចាញ់​ដូច​អ្នក​ដែល​និយាយ​ប្រាប់​អីចឹង។ ត្រូវ​មើល​គំរូ​អ្នក​ដែល​ហ៊ាន​គិត ហ៊ាន​ធ្វើ ហ៊ាន​បរាជ័យ ឲ្យ​បាន​ច្រើន​ជាង។

៤. កុំ​គិត​អវិជ្ជមាន បើ​គិត​អវិជ្ជមាន ជីវិត​នឹង​ងងឹត​ស្លុប​គ្រប់​យ៉ាង ខួរ​ក្បាល​នឹង​អួអាប់ មាន​អារម្មណ៍​មួម៉ៅ មើល​ឃើញ​ពិភពលោក​​​​តែ​ផ្លូវ​​អាក្រក់។ ដូច្នេះ​សូម​ឈប់​គិត​អវិជ្ជមាន ព្រោះ​ចុងក្រោយ​វា​​ក៏​ប្រៀប​ដូច​ជា​បំផ្លាញ​ខ្លួន​ឯង​ដែរ។

៥. កុំ​អាត្មានិយម រាល់​ថ្ងៃ​នេះ​រស់​នៅ​ដើម្បី​អ្នក​ណា​ខ្លះ? ស្រលាញ់​អ្នក​ណា​ខ្លះ? នឹក​ដល់​អ្នក​ណា​ខ្លះ​ក្រៅ​ពី​ខ្លួន​ឯង? មនុស្ស​អាត្មានិយម​ អាច​និយាយ​បាន​ថា​មាន​ជីវិត​រស់​នៅ​ក៏​គ្មាន​តម្លៃ​ដែរ បើ​មិន​​ចេះ​បើក​ចិត្ត​ទូលាយ គ្មាន​ទឹក​ចិត្ត ឬ​ធ្វើ​អ្វី​ដើម្បី​អ្នក​ណា​សោះ។

៦. កុំ​វីវក់​តែ​រឿង​​ស្នេហា គ្មាន​ស្នេហា មិន​ស្លាប់​ទេ ប៉ុន្តែ​បើ​ខ្លួន​យើង​គ្មាន​អ្វី​ល្អ គ្មាន​តម្លៃ គ្មាន​អ្វី​ជាប់​ខ្លួន​ឡើយ​នោះ បាន​ហៅ​ថា​ស្លាប់​មែនទែន​តែ​ម្ដង។ ចង់​បាន​ស្នេហា​ល្អ​ៗ​ ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​ល្អ​សិន។ ចង់​បាន​​គូ​ស្នេហ៍​ដែល​ល្អ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សក្ដិសម​នឹង​គេ​សិន។ ឈប់​ឈ្មុសឈ្មុល​រក​ស្នេហា​ល្អ​ទៀត បើ​ដឹង​ថា​ខ្លួន​ឯង​មិន​ទាន់​មាន​តម្លៃ​ក្នុង​ខ្សែ​ភ្នែក​អ្នក​ណា ព្រោះ​បើ​ទោះ​បី​​មិន​ត្រូវ​បាន​គេ​មើល​រំលង ប៉ុន្តែ​គង់​តែ​ត្រូវ​បាន​គេ​បោះបង់​ចោល​កណ្ដាល​ផ្លូវ​ដដែល។

៧. កុំ​ស្រលាញ់​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង ​អ្នក​ណា​​មិន​ស្រលាញ់ មិន​ចាប់​អារម្មណ៍ មិន​ឃើញ​តម្លៃ​យើង​ ក៏​ស្រេច​តែ​គេ​ទៅ​ចុះ កុំ​យំ​ស្រែក តាម​អង្វរករ​គេ​ធ្វើ​អី។ បំភ្លេច​គេ​ចោល កុំ​ស្ដាយ មនុស្ស​ល្អ​ៗ​លើ​លោក​នេះ​មាន​ច្រើន​ណាស់។ ត្រូវ​ចាំ​ថា បើ​ចង់​ឲ្យ​គេ​មើល​ឃើញ​តម្លៃ​យើង យើង​ត្រូវ​មើល​ឃើញ​តម្លៃ​ខ្លួន​ឯង​ជាមុន​សិន មិន​មែន​ទម្លាក់​តម្លៃ​ខ្លួន​ឯង ហើយ​​ចង់​ឲ្យ​គេ​​មើល​ឃើញ​នោះ​ទេ។

៨. កុំ​ធ្វើ​អាក្រក់​ច្រើន​ពេក កើត​មក​លើ​លោក​នេះ មិន​ចាំបាច់​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នោះ​ទេ សុំ​ត្រឹម​តែ​កុំ​ឲ្យ​​ធ្វើ​ល្អ​តិច ហើយ​អាក្រក់​ច្រើន​ទៅ​​បាន​ហើយ។ មនុស្ស​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​ជា​រឿង​ធម្មតា​ទេ សំខាន់​អ្វី​ដែល​នៅ​សល់​ពី​នោះ​គឺ​ត្រូវ​ព្យាយាម​ធ្វើ​ល្អ​ឲ្យ​បាន​ច្រើន ដើម្បី​ប៉ះប៉ូវ​នូវ​ចំណុច​មិន​ល្អ​ទាំង​នោះ។

មនុស្ស​មាន​ “តម្លៃ” លុះ​ត្រា​តែ​​ចេះ "បង្កើត​តម្លៃ" ឲ្យ​ខ្លួន​ឯង។ បើ​សិន​មិន​បាន​ធ្វើ​អ្វី​ទេ សូម​កុំ​យល់​ច្រឡំ​ថា​ខ្លួន​មាន​តម្លៃ​ឲ្យ​សោះ ៕

ចុចអាន៖

ប្រភព៖ chermarnratanapongtrakoon ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន