បើមិនចង់ឲ្យមាត់ស្ងួត ប្រេះ ហើយអាក្រក់មើលទេ កុំធ្វើរឿង ៥យ៉ាងនេះ
- 2018-05-09 03:45:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ឲ្យមាត់ស្ងួត ប្រេះ ហើយអាក្រក់មើលទេ កុំធ្វើរឿង ៥យ៉ាងនេះ
បញ្ហាបបូរមាត់ ស្ងួត ប្រេះ របកដែលជាទីរំខានមួយរបស់មនុស្សស្រីមួយចំនួនដែលធ្វើឲ្យពួកគេពិបាកទាំងពេលលាបក្រែមព្រោះមិនចូលសព្វ។ ថ្ងៃនេះ កញ្ញា នឹងលើកយកពីមូលហេតុ ៥យ៉ាងដែលបណ្ដាលឲ្យមានបញ្ហាបែបនេះកើតឡើង ហើយអ្នកគួរតែកុំបន្តធ្វើវាទៀតអី ៖
១. ផឹកទឹកតិចពេក
ការផឹកទឹកគឺសំខាន់ណាស់សម្រាប់អ្នកដែលមិនចង់ឲ្យស្បែកស្ងួត គ្មានសំណើម។ កង្វះការផឹកទឹកនឹងជះឥទ្ធិពលអាក្រក់ដល់ស្បែក ហើយក៏បណ្ដាលឲ្យបបូរស្ងួត ប្រេះ មិនស្អាតផងដែរ។
២. លិទ្ធមាត់
មនុស្សមួយចំនួនចូលចិត្តលិទ្ធមាត់ណាស់ ដោយមិនដឹងថាវាមានផលអាក្រក់ដល់បបូរមាត់។ ទឹកមាត់ដែលមានអង់ស៊ីមអាចធ្វើឲ្យស្បែកជុំវិញមាត់ប្រេះ ស្ងួត ដូច្នេះអ្នកគួរចោលទម្លាប់អាក្រក់នេះ ដោយជំនួសការលាបក្រែមរលោងវិញ។
៣. បកស្បែកមាត់ចេញពេលវាស្ងួត និងរបក
សឹងតែគ្រប់ពេលទៅហើយដែលអ្នកចូលចិត្តបកស្បែកមាត់ពេលវារបកដោយរីករាយ។ ការបកបែបនេះមិនបានធ្វើឲ្យមាត់ឈប់របកឡើយ តែវាអាចឲ្យបបូរមាត់ហូរឈាមក៏ថាបាន។ វិធីដែលល្អអ្នកគួរតែលាបក្រែមថែរក្សាបបូរមាត់ និងក្រែមរលោងវិញ។
៤. មិនដែលធ្វើការខាត់បបូរមាត់
មានវិធីសាស្រ្តជាច្រើនដែលអាចជួយឲ្យបបូរមាត់ទន់ រលោង និងមិនប្រេះបែក តែប្រហែលជាអ្នកមិនដែលធ្វើការខាត់មាត់ ទើបបានជាមានការប្រេះបែកបែបនេះ។ ការខាត់បបូរមាត់គឺអាចឲ្យមាត់អ្នកទន់ រលោង និងជួយមិនឲ្យស្ងួតប្រេះ របក។
៥. មុនពេលចូលគេង មិនលាបក្រែមផ្ដល់សំណើមដល់មាត់
ក្រែមផ្ដល់សំណើមដល់បបូរមាត់គឺជាវិធីដ៏ល្អមួយសម្រាប់ជួយថែរក្សាបបូរមាត់ឲ្យទន់ មិនប្រេះ ស្ងួត ដូច្នេះអ្នកគួរតែលាបវាមុនពេលចូលគេងឲ្យបានទៀងទាត់។
ការថែរក្សាបបូរគឺសំខាន់ណាស់សម្រាប់មនុស្សស្រី ព្រោះវាគឺជាផ្នែកមួយដ៏ទាក់ទាញបំផុតនៃសម្រស់៕
ចុចអាន៖ចង់ឲ្យសម្រស់ក្មេងជាងវ័យ ស្រីៗកុំភ្លេចធ្វើរឿងទាំងនេះឲ្យបាន