រឿង​មិន​បានការ​ ៦​ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ឈ្លោះ​គ្នា​​​​បែក​ផ្សែង​ញឹក​ញាប់

  • 2018-05-04 09:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព្រោះ​ស្រលាញ់​ខ្លាំង គិត​ថា​គេ​សំខាន់​ខ្លាំង ទើប​គ្រប់​រឿង​​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ស្រលាញ់ ក្លាយ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​ជានិច្ច។ គូ​ស្នេហ៍​ជា​ច្រើន​គូ​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ដោយ​សារ​រឿង​ដែល​​អ្នក​ខាង​ក្រៅ​អាច​នឹង​មើល​ឃើញ​ថា វា​ជា​រឿង​​ឥត​ប្រយោជន៍​សោះ។ ប៉ុន្តែ​​គ្មាន​ស្នេហា​អ្នក​ណា​ល្អ​ជាមួយ​គ្នា​បាន​រាល់​ថ្ងៃ​ទេ ការ​ឈ្លោះ​គ្នា​ខ្លះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​គូ​ស្នេហ៍​គ្រប់​គូ។ ថ្ងៃ​នេះ យើង​មក​មើល​រឿង​គ្មាន​ប្រយោជន៍​ចំនួន ៦​ដែល​គូ​ស្នេហ៍​ឈ្លោះ​គ្នា​ច្រើន​ខ្លាំង។

១. មិន​ទទួល​ទូរសព្ទ / Reply សារ​យឺត

ហេតុ​អ្វី​មិន​ទទួល​ទូរសព្ទ? Chat ទៅ​ហេតុ​អី​មិន​តប? បើ​អ្នក​ជួប​សំនួរ​បែប​នេះ ហើយ​រក​ហេតុផល​​ឆ្លើយ​តប​វិញ​ល្អ​ៗ​មិន​បាន​នោះ ត្រៀម​​ខ្លួន​ឲ្យ​ហើយ​ទៅ ព្រោះ​វា​នឹង​មាន​សំនួរ​ជា​ច្រើន​ទៀត​​បន្ត​កន្ទុយ​គ្នា។ កុំ​ធុញ​ទ្រាន់ បើ​មាន​អ្នក​ណា​ឈ្លោះ​ជាមួយ​អ្នក​ដោយ​សារ​រឿង​នេះ ព្រោះ​វា​បង្ហាញ​ថា​គេ​ស្រលាញ់ គេ​នឹក និង​បារម្ភ ខ្លាច​អ្នក​ជួប​បញ្ហា​អ្វី​មួយ។

២. គិត​ខ្លួន​ឯង

ការ​គិត​រវើរវាយ​របស់​មនុស្ស​ស្រី​អាច​កើត​ឡើង​ពិបាក​កំណត់។ ពេល​ខ្លះ គ្មាន​រឿង​អ្វី​កើត​ឡើង​សោះ ក៏​នាង​គិត​ច្រើន​ ហើយ​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង។ អ្នក​ខ្លះ​គ្រាន់​តែ​យល់​សប្តិ​ឃើញ​គូ​ស្នេហ៍​ក្បត់​ចិត្ត​សោះ ភ្ញាក់​ឡើង​ក៏​ស្រែក​ឡូឡា ឬ​ឈ្លោះ​គ្នា​ដោយ​សារ​ចុច Love លើ​រូប​អ្នក​ដទៃ។ គេ​ដឹង​ហើយ​ថា​ស្រលាញ់ ហួងហែង ប៉ុន្តែ​ការ​ពូកែ​ប្រច័ណ្ឌ​តាម​ចាប់​ខ្លាំង​ពេក ក្រៅ​ពី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មិន​សប្បាយ​ចិត្ត​ហើយ វា​ក៏​ធ្វើ​ឲ្យ​អ្នក​ម្ខាង​ទៀត​ពិបាក​ទ្រាំ​ដែរ។

៣. រឿង​ញ៉ាំ

ធ្លាប់​អត់ ឈ្លោះ​គ្នា​ដោយ​សារ​តែ​រឿង​ញ៉ាំ​អី? សំនួរ​ “ថ្ងៃ​នេះ​យើង​ញ៉ាំ​អី​ល្អ?” ចាត់​ទុក​ថា​ជា​សំនួរ​នាំ​ទៅ​រក​ការ​ឈ្លោះ​គ្នា​មួយ ពេល​រក​ចម្លើយ​មិន​ឃើញ ឬ​មិន​ស្រប។ ពេល​ខ្លះ​ឃ្លាន​ហើយ​ មិន​បាន​ញ៉ាំខឹង​ចិត្ត ក៏​ឈ្លោះ​គ្នា ជួន​កាល​ចង់​ញ៉ាំ តែ​មិន​បាន​ញ៉ាំ​ក៏​ឈ្លោះ​គ្នា ញ៉ាំ​ហើយ​ធាត់​ក៏​បន្ទោស​ដៃ​គូ... នេះ​ក៏​ព្រោះ​សម្រាប់​មនុស្ស​មួយ​ចំនួន ការ​ញ៉ាំ​គឺ​ជា​បញ្ហា​ដ៏​ធំ​បំផុត។

៤. រឿង​លុយ

លុយ​មិន​មែន​សំខាន់​បំផុត​ទេ ប៉ុន្តែ​វា​ក៏​សំខាន់​ខ្លាំង​ខ្វះ​មិន​បាន ជា​ពិសេស​នៅ​ពេល​លុយ​ពិបាក​រក។ គូ​ស្នេហ៍​ជា​ច្រើន​ធ្លាប់​ឈ្លោះ​គ្នា​ព្រោះ​រឿង​លុយ ឈ្លោះ​គ្នា​ថា​អ្នក​ណា​រក​លុយ​បាន​ច្រើន​ជាង ដល់​ពេល​រក​លុយ​ជាមួយ​គ្នា​ក៏​ឈ្លោះ​គ្នា​​ថា​អ្នក​ណា​ចាយ​លុយ​ច្រើន​ជាង។ និយាយ​គ្នា​មិន​ត្រូវ ជួន​កាល​អាច​ដល់​ថ្នាក់​ចែក​ផ្លូវ​ក៏​មាន។

៥. ទម្លាប់​រស់​នៅ

ធំឡើង​ក្នុង​គ្រួសារ​ខុស​គ្នា សង្គម​ខុស​គ្នា ដូច្នេះ​ហើយ​ការ​ប្រព្រឹត្ត អាកប្បកិរិយា​ និង​មារយាទ​ក៏​មាន​នោះ​ក៏​ខុស​គ្នា​តាម​នោះ​ដែរ។ អ្នក​ខ្លះ​​យល់​ថា ការ​ចូល​​បន្ទប់ទឹក​មិន​បិទ​ទ្វារ ការ​ភើ ផោម ឬ​និយាយ​ស្ដី​មិន​ពីរោះ​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​សម្រាប់​អ្នក​ម្ខាង​ទៀត គឺ​អាច​យល់​ថា​គឺ​ជា​ទង្វើ​គ្មាន​សុជីវធម៌ ដែល​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​គ្នា។

៦. រឿង​សង្សារ​ចាស់

សង្សារ​ចាស់​មិន​ខុស​​រងើក​ភ្លើង​នោះ​ទេ គឺ​គ្រាន់​តែ​ឆ្កឹះ​បន្តិច​នឹង​មាន​អារម្មណ៍​មិន​ល្អ​ភ្លាម។ អ្នក​ខ្លះ​ឈ្លោះ​គ្នា​ មិន​ដឹង​និយាយ​អ្វី ក៏​យក​អ្នក​បច្ចុប្បន្ន​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ចាស់ ទាំង​ដែល​គេ​មិន​បាន​ចូលមក​ពាក់ព័ន្ធ​ទាល់​តែ​សោះ។

ចុះ​គូ​ស្នេហ៍​របស់​អ្នក​ធ្លាប់​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​ទាំង​អស់​ហ្នឹង​ញឹក​អត់?

ចុចអាន៖

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន