៩វិធី​បង្រៀន​កូន​​ឲ្យ​​ពូកែ និង​​រឹង​មាំ​ជាង​យើង​​ទៅ​អនាគត

  • 2018-05-04 05:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​ការ​លំបាក​កាល​ពី​​ក្មេង ឪពុក​ម្ដាយ​មួយ​ចំនួន​ក៏​យល់​ថា​នៅ​ពេល​មាន​កូន គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ៗ​របស់​ពួក​គេ​មាន​ជីវិត​ស្រណុក​ស្រួល​បំផុត។ នេះ​ដោយ​សារ​តែ​ក្ដី​ស្រលាញ់ ប៉ុន្តែ​វា​អាច​ជា​កំហុស​អចេតនា​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​កូន​ធំ​ឡើង​ គ្មាន​ភាព​រឹង​មាំ មិន​អាច​ឈរ​ដោយ​ជើង​របស់​ខ្លួន​ឯង​បាន។ ដើម្បី​បាន​យល់​កាន់​តែ​ច្បាស់ ខាង​ក្រោម​នេះ កញ្ញា នឹង​ចែក​រំលែក​ពី​​វិធីសាស្រ្ត​មួយ​ចំនួន​ក្នុង​ការ​បង្រៀន​កូន​ឲ្យ​ក្លាយ​ជា​មនុស្ស​ពូកែ​មួយ​រូប​ក្នុង​យុគ​សម័យ​ឌីជីថល​នេះ៖

១. បង្រៀន​ឲ្យ​ទទួល​កំហុស

អ្នក​ដែល​អាច​រៀន​សូត្រ​ពី​បទពិសោធន៍​ដែល​ខ្លួន​ជួប​ប្រទះ​បាន​គឺ​អ្នក​ដែល​ដឹង​ខ្លួន​ថា​ខុស​ហើយ​មាន​គំនិត​កែ​ខ្លួន។ ចំណែក​អ្នក​ដែល​មិន​ទទួល​ស្គាល់​កំហុស​គឺ​អ្នក​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​ឡើយ​ក្នុង​ជីវិត ហើយ​ក៏​មិន​មាន​គំនិត​កែប្រែ​ដែរ។

២. បង្រៀន​ឲ្យ​បង្កើត​​ការងារ

​ឪពុក​ម្ដាយ​​ភាគ​ច្រើន​​បញ្ជូន​កូន​ឲ្យ​ទៅ​សាលា​រៀន ដើម្បី​ឲ្យ​​ពេល​គេ​ធំ​ឡើង​អាច​រក​ការងារ​ធ្វើ​បាន ប៉ុន្តែ​បើ​ចង់​ឲ្យ​កូន​មាន​ជីវិត​ល្អ​ក្នុង​យុគ​សកលភាវូបនីយកម្ម​នេះ គឺ​ត្រូវ​ឲ្យ​បណ្ដុះ​គំនិត​ឲ្យ​គេ​បង្កើត​ការងារ បង្កើត​អាជីព ដើម្បី​រក​ប្រាក់​ចំណូល​ដោយ​ខ្លួន​ឯង។ សូម​កុំ​បង្រៀន​ឲ្យ​គេ​រក​ការងារ​ធ្វើ​តែ​ម្យ៉ាង ប៉ុន្តែ​ត្រូវ​បង្រៀន​ឲ្យ​គេ​ដឹង​ពី​វិធី​បង្កើត​ការងារ​ផង​ដែរ។

៣. បង្ហាត់​ឲ្យ​គេ​ធ្វើ​ការ​តាំង​ពី​តូច

អ្នក​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់​ភាគ​ច្រើន ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​តាំង​ពី​អាយុ​នៅ​តិច។ មិន​មែន​ដោយ​សារ​តែ​គេ​ពូកែ​ធ្វើ​ការ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​អ្នក​ដែល​ធ្វើ​ការ​តាំង​ពី​ក្មេង នឹង​អាច​ដឹង​ពី​តម្លៃ​នៃ​លុយ​មុន​អ្នក​ណា​ៗ។

៤. ឲ្យ​កូន​ចាត់ចែង​រឿង​លុយ​កាក់​ដោយ​ខ្លួន​ឯង

អ្នក​ដែល​មាន​ជីវិត​ស្រណុក​ស្រួល​គឺ​អ្នក​ដែល​ចេះ​ចាត់ចែង​សាច់​ប្រាក់​​ដោយ​ខ្លួន​ឯង។ អ្នក​មិន​គួរ​ឲ្យ​លុយ​គេ​ចាយ ដោយ​គេ​មិន​បាន​ធ្វើ​អ្វី​សោះ​នោះ​ទេ។ ស្ដាប់​ទៅ​ដូច​ជា​តឹងរ៉ឹង​បន្តិច ប៉ុន្តែ​ជីវិត​ពិត​​របស់​យើង​ក៏​បែប​ហ្នឹង​ដែរ មែន​អត់? ត្រូវ​បង្រៀន​ឲ្យ​គេ​ចេះ​ចាយ​លុយ​យ៉ាង​មាន​វិន័យ ហើយ​បើ​អាច​បង្ហាត់​ឲ្យ​គេ​យល់​ពី​ការ​បណ្ដាក់​ទុន​ទៀត គឺ​កាន់​តែ​ល្អ។

៥. ត្រូវ​ចេះ​សរសើរ​កូន

កុំ​ចេះ​តែ​ប្រៀបធៀប​កូន​ជាមួយ​កូន​អ្នក​ដទៃ វា​គ្មាន​អ្វី​ល្អ​នោះ​ទេ។ គួរ​កាត់​បន្ថយ​ការ​រអ៊ូរ កាត់​បន្ថយ​ការ​បន្តុះ​បង្អាប់​កូន​ខ្លួន​ឯង ប៉ុន្តែ​ត្រូវ​បង្រៀន​កូន​ដោយ​ប្រើ​ហេតុ​និង​ផល។

៦. ​ដាក់​ទោស​គេ​ពេល​គេ​ធ្វើ​ខុស

ប្រសិន​បើ​ឪពុក​ម្ដាយ​មិន​ដែល​ដាក់​ទោស​​នៅ​ពេល​ដែល​កូន​ធ្វើ​ខុស​ទេ ​ទៅ​អនាគត​ សង្គម​នឹង​ដាក់​ទោស​គេ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។ ដូច្នេះ បើ​ស្រលាញ់​កូន ត្រូវ​បង្រៀន​ឲ្យ​គេ​ស្គាល់​​ត្រូវ​ខុស កុំ​រវល់​តែ​ទម្រើស។

៧. បង្រៀន​ឲ្យ​គេ​ចេះ​ស្រលាញ់​ខ្លួន​ឯង

បញ្ហា​ធំ​មួយ​របស់​ក្មេង​សម័យ​នេះ​គឺ ការ​មិន​ស្រលាញ់​ និង​មើល​មិន​ឃើញ​តម្លៃ​របស់​ខ្លួន​ឯង ព្រោះ​មនុស្ស​សម័យ​នេះ​ចូល​ចិត្ត​ប្រើ​សម្ភារៈ និង​លុយ​ដើម្បី​វាស់វែង​តម្លៃ​របស់​មនុស្ស។ ការ​ស្រលាញ់​ខ្លួន​ឯង​​ គឺ​ការ​ស្គាល់​តម្លៃ​ខ្លួន​ឯង និង​ចេះ​ជ្រើសរើស​អ្វី​ដែល​ខ្លួន​ឯង​ត្រូវ​ការ​ពិត​ប្រាកដ មិន​មែន​ប្រើ​ជីវិត​ដើម្បី​​ឲ្យ​ល្អ​មើល​ក្នុង​ភ្នែក​អ្នក​ដទៃ​ ឬ​ផ្គាប់​ចិត្ត​អ្នក​ដទៃ​នោះ​ទេ។

៨. បង្រៀន​ឲ្យ​ចេះ​ “ឲ្យ”

សម័យ​នេះ​ឱកាស​មាន​ច្រើន​សម្រាប់​អ្នក​ដែល​ “ឲ្យ”។ ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​អ្វី​ដើម្បី​អ្នក​ដទៃ​ដោយ​មិន​បាន​ផល​តបស្នង​ខ្លះ​ផង ដើម្បី​ឲ្យ​គេ​បាន​សាក​ល្បង​ធ្វើ​ការងារ បាន​អភិវឌ្ឍ​ខ្លួន ចេះ​ជួយ​អ្នក​ដទៃ និង​ចេះ​បរិច្ចាគ។

៩. បង្រៀន​​ឲ្យ​កូន​ចេះ​សម្លឹង​វែង​ឆ្ងាយ

រឿង​សម្លឹង​​មើល​វែង​ឆ្ងាយ​គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​បង្រៀន​ឲ្យ​គេ​ចេះ ព្រោះ​​សង្គម​​រាល់​ថ្ងៃ​នេះ​ច្រើន​ទាញ​ឲ្យ​មនុស្ស​គិត​និង​សម្លឹង​មើល​ខ្លី​ៗ។ អ្នក​ដែល​ជោគជ័យ​ជាង​អ្នក​ដទៃ​ទៅ​អនាគត គឺ​អ្នក​ដែល​ចេះ​សម្លឹង​ ឬ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ព្រោះ​នៅ​គ្រប់​កន្លែង​គឺ​ត្រូវ​ការ​អ្នក​ដែល​ចេះ​គិត និង​ធ្វើ​ការ​ដើម្បី​ភាព​​គង់វង្ស​ក្នុង​រយៈ​ពេល​យូរ អាច​​បង្កើត​ការងារ​ជា​ប្រយោជន៍​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន ជា​ការងារ​ដែល​ធ្វើ​​ហើយ​សប្បាយ​ចិត្ត​ ថែមទាំង​បាន​ប្រាក់​ចំណូល ចេះ​​រៀន​សូត្រ​ពី​កំហុស និង​មិន​ឈប់​ដើរ ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម