កូន​ៗគ្មាន​ថ្ងៃ​ក្រ បើ​ឪពុក​ម្ដាយ​បង្រៀន​ឲ្យ​គេ​យល់​មេរៀន​ជីវិត​ទាំង​នេះ

  • 2018-04-04 00:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ឪពុក​ម្ដាយ​ជា​ច្រើន​ប្រាកដ​ជា​មាន​វិធី​ចិញ្ចឹម​អប់រំ​កូន​ខុស​ៗ​គ្នា ប៉ុន្តែ​ជា​រួម​មក​ឪពុក​ម្ដាយ​ទាំង​​អស់​គឺ​សុទ្ធ​តែ​ចង់​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ល្អ​ទាំង​អស់។ ក្ដី​សង្ឃឹម​របស់​ឪពុក​ម្ដាយ​គឺ​បង្រៀន​កូន​ឲ្យ​អាច​ចិញ្ចឹម​ខ្លួន​ឯង​រស់ ធំ​ឡើង​មាន​ការងារ​ល្អ​ធ្វើ និង​រៀន​​ពូកែ។ ខាង​ក្រោម​នេះ កញ្ញា នឹង​បង្ហាញ​ពី​​មេរៀន​ជីវិត​ចំនួន ១៩ដែល​ឪពុក​ម្ដាយ​គួរ​តែ​បង្រៀន​ឲ្យ​កូន​ៗ​បាន​យល់​ ដើម្បី​ឲ្យ​ពួក​គេ​បាន​ជោគជ័យ​ទៅ​អនាគត៖

១. ​រៀន​ភាសា​អង់គ្លេស និង​​ភាសា​ចិន​ ឲ្យ​​ចេះ​ច្បាស់។ មុខ​វិជ្ជា​ផ្សេង​ៗ​រៀន​ល្មម​ៗ​នឹង​អាច​ធ្វើ​ការ​បាន​គឺ​គ្រប់គ្រាន់​ហើយ ព្រោះ​ក្នុង​សង្គម​ពិត គឺ​គេ​គិត​ទៅ​លើ​លទ្ធផល​ការងារ មិន​មែន​ពិន្ទុ​​ខ្ពស់​នោះ​ទេ ហើយ​ចំណេះដឹង​ផ្នែក​ភាសា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ឱកាស​កាន់​តែ​ច្រើន។

២. សុខភាព​គឺ​​ជា​រឿង​សំខាន់​ លំដាប់​ទី​មួយ ដូច្នេះ​សូម​ថែរក្សា​វា​ឲ្យ​បាន​ល្អ។

៣. រើស​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ ប៉ុន្តែ​កុំ​ភ្លេច​ដែរ​ថា អាជីព​នោះ​អាច​ចិញ្ចឹម​ខ្លួន​យើង​បាន​ឬ​​ក៏​អត់ បើ​អត់​ទេ​ កុំ​ព្យាយាម​បោក​ប្រាស់​ខ្លួន​ឯង។

៤. ពេល​ចូល​ដល់​វ័យ​ធ្វើ​ការ អ្នក​ណា​សន្សំ​លុយ​បាន​មុន ក្លាយ​ជា​អ្នក​មាន​លឿន​ជាង​មិន​សំខាន់ តែ​អ្វី​ដែល​ត្រូវ​ចាំ​ទុក គឺ​ជីវិត​ដែល​គ្មាន​បំណុល​ជុំ​ទិស គឺ​ជីវិត​ដែល​ល្អ​បំផុត។

៥. ស្វែង​រក​គោលដៅ​ក្នុង​ជីវិត​ ឲ្យ​ឃើញ​លឿន​បំផុត ព្រោះ​វា​នឹង​ជា​គ្រឿង​នាំ​ផ្លូវ​​យើង​​ទៅ​កាន់​ជោគជ័យ។

៦. ទិញ​ផ្ទះ​មុន​ទិញ​ឡាន ព្រោះ​ផ្ទះ​ដី​មាន​តែ​ឡើង​ថ្លៃ ចំណែក​ឡាន​គឺ​មាន​តែ​ចុះ​ថ្លៃ។

៧. បើ​ទិញ​ផ្ទះ​រំលួស​ ត្រូវ​ប្រញាប់​​​រក​សង​គេ​ឲ្យ​ដាច់​ឲ្យ​បាន​​លឿន​ កុំ​ឲ្យ​ពិបាក​ដល់​ពេល​ចាស់

៨. ការ​សន្សំ​លុយ​គឺ​គ្រាន់​តែ​ជា​ជណ្ដើរ​ដំបូង​ទៅ​កាន់​ជោគជ័យ​ ប៉ុណ្ណោះ ប៉ុន្តែ​ដំណាក់​កាល​បន្ទាប់ គឺ​ត្រូវ​ចេះ​បណ្ដាក់​ទុន។ ត្រូវ​ស្វែង​រក​ទី​ប្រឹក្សា​រឿង​លុយ​កាក់​នេះ​ឲ្យ​បាន​ល្អ បើ​សិន​មិន​ទាន់​មាន​បទពិសោធន៍។

៩. កុំ​ធ្វើ​ជា​សត្រូវ​ជាមួយ​អ្នក​ណា​ក៏​ដោយ​លើ​លោក​នេះ ព្រោះ​អ្នក​គ្មាន​ផ្លូវ​នឹង​អាច​ដឹង​ឡើយ​ថា ថ្ងៃ​ណា​មួយ​គេ​នឹង​ក្លាយ​ជា​ធំ ហើយ​ងាក​មក​បំផ្លាញ​អ្នក។

១០. Connection ឬ​បណ្ដាញ​ទំនាក់ទំនង​គឺ​សំខាន់​ខ្លាំង បើ​ទោះ​បី​ពូកែ​ប៉ុណ្ណោះ​ក៏​​មិន​អាច​ប្រៀប​ស្មើ​នឹង​មាន​មិត្ត​ច្រើន​បាន​ដែរ។

១១. គួរ​មាន​ការងារ​​ធ្វើ​លើស​ពី​មួយ ព្រោះ​ភាព​​ស្ថិតស្ថេរ​​គឺ​គ្មាន​ទេ​​លើ​លោក​នេះ។

១២. កុំ​គិត​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​បាន​តែ​ម្យ៉ាង ព្រោះ​សម្ថភាព​របស់​មនុស្ស​គឺ​មាន​លើស​ពី​មួយ​ជានិច្ច។

១៣. នៅ​ពេល​មាន​ឱកាស​ណា​មួយ​ចូល​មក ចូរ​កុំ​បដិសេធ បើ​ទោះ​បី​នឹង​បរាជ័យ ប៉ុន្តែ​វា​ក៏​ជា​បទពិសោធន៍។

១៤. ខំ​រក​លុយ​ទុក​ឲ្យ​បាន​​លឿន​បំផុត នៅ​ខណៈ​ពេល​នៅ​​​ក្មេង​ពេញ​កម្លាំង ព្រោះ​ការ​ពុះពារ​ឧបសគ្គ​នៅ​វ័យ​ចំណាស់​គឺ​មិនមែន​ជា​រឿង​ស្រួល​ទេ។

១៥. ចេញ​ដើរ​លេង​ឆ្ងាយ​ៗ ដើរ​ទាន់​នៅ​កំលោះ​ក្រមុំ ព្រោះ​នៅ​ពេល​ណា​មាន​គ្រួសារ​ហើយ ការ​ធ្វើ​ដំណើរ​គឺ​ជា​រឿង​ពិបាក​។

១៦. ជ្រើសរើស​គូ​ជីវិត ត្រូវ​គិត​គូរ​ឲ្យ​បាន​ល្អ កុំ​មើល​តែ​ចំណុច​ល្អ​របស់​គេ ប៉ុន្តែ​ត្រូវ​មើល​ផង​ថា​យើង​អាច​ទទួល​យក​ចំណុច​មិន​ល្អ​របស់​គេ​បាន​កម្រិត​ណា។

១៧. ការ​មាន​សង្សារ ឬ​ប្ដី​ប្រពន្ធ​នៅ​អាច​ផ្ដាច់​ទំនាក់ទំនង​គ្នា​បាន ប៉ុន្តែ​ ទំនាក់ទំនង​ឪពុក​ម្ដាយ​និង​កូន គឺ​មិន​អាច​ផ្ដាច់​បាន​នោះ​ទេ ដូច្នេះ​គួរ​​មើល​ថែ ទទួល​ខុស​ត្រូវ​​ពួក​គេ​ឲ្យ​បាន​ល្អ។

១៨. ជោគជ័យ​ច្រើន​ប៉ុណ្ណាក៏​មិន​អាច​ប៉ះប៉ូវ​បរាជ័យ​នៃ​ជីវិត​គ្រួសារ​បាន​ដែរ។

១៩. សាក​ល្បង​រក​ពេល​ទំនេរ​ៗ​មិន​បាច់​ធ្វើ​អ្វី​ទាំង​អស់​ខ្លះ កុំ​ទូល​រែក​ពិភពលោក​ទាំង​មូល​តែ​ម្នាក់​ឯង។ ម្យ៉ាង​ទៀត​ការងារ ក៏​មិន​មែន​គ្រប់យ៉ាង​នៃ​ជីវិត​ដែរ ៕

ចុចអាន៖

ប្រភព៖ chit-in ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម