​ទម្លាប់​​​ចិញ្ចឹម​កូន​​​បែប​ខុស​ៗ ៤​​​យ៉ាង​​​ធ្វើ​ឲ្យ​កូន​ធំ​ឡើង​​​​​ទំនើង កោង​កាច

  • 2018-02-28 08:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​​​ទំនើង​សំដៅ​លើ​កូន​​ដែល​កើត​មក​ក្រោម​ការ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អ​ពី​អាណាព្យាបាល ប្រៀប​បី​ដូច​ជា​ទេវតា​មក​ចាប់​កំណើត ដោយ​ឪពុក​ម្ដាយ​មិន​ហ៊ាន​​ឲ្យ​ឃ្នើស​ចិត្ត​នោះ​ទេ មាន​អ្វី​ក៏​តែង​ប្រគេន​​ថ្វាយ​ជានិច្ច។ កូន​បែប​នេះ​ភាគ​ច្រើន​ពេល​ដែល​​ធំ​ឡើង​នឹង​ក្លាយ​ជា​​មនុស្ស​ពិបាក​ស្ដី​ប្រដៅ មាន​ភាព​មានៈ​រឹងរូស ចូលចិត្ត​ខ្សែ​លើ​អ្នក​ដទៃ ដែល​​បច្ចុប្បន្ន​គេ​​សង្កេត​ឃើញ​ថា​កូន ឬ​ក៏​មនុស្ស​ប្រភេទ​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់។ របៀប​ចិញ្ចឹម​កូន​ដែល​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​កូន​ទេវតា​ដូច​រៀបរាប់​មក​នេះ មាន​ដូច​ជា៖

រូបតំណាង

**១. តាម​ចិត្ត​កូន​ដោយ​​គ្មាន​មូលហេតុ**

កូន​ចង់​បាន​អ្វី​ក៏​ទិញ​ឲ្យ​ដោយ​គ្មាន​លក្ខខណ្ឌ ចង់​ញ៉ាំ​អ្វី​ក៏​ទិញ​ឲ្យ​ ចង់​ដើរ​លេង​កន្លែង​ណា បែប​ណា​ក៏​បាន​ឲ្យ​តែ​កូន​ប្រាប់ ទោះបី​ជា​ឪពុក​ម្ដាយ​មិន​មាន​លុយ​ក៏​ដោយ​ប៉ុន្តែ​នឹង​រក​មក​ឲ្យ​កូន​ឲ្យ​បាន ដោយ​មិន​ព្រម​បង្រៀន​ឲ្យ​កូន​ចេះ​អត់ធ្មត់ អត់​ទ្រាំ ឬ​មិន​បង្រៀន​កូន​ឲ្យ​ចេះ​សន្សំ​លុយ ឬ​រក​របស់​ទាំង​នោះ​មក​ដោយ​កម្លាំង​ខ្លួន​ឯង។

២. ទិញ​របស់​​ដែល​ខ្លួន​ធ្លាប់​​ប្រាថ្នា​កាល​ពី​​ក្មេង​​​ឲ្យ​កូន

ដោយ​សារ​​យល់​ថា​ខ្លួន​ឯង​ពីក្មេង​លំបាក ចង់​បាន​អ្វី​ជា​ច្រើន​ក៏​មិន​បាន​ដូច​ចិត្ត ដូច្នេះ​ពេល​មាន​កូន​​ឪពុក​ម្ដាយ​ខ្លះ​ក៏​ទិញ​របស់​អស់​ទាំង​នោះ​ឲ្យ​កូន ដោយ​មិន​ខ្វល់​ថា​របស់​ទាំង​នោះ​ចាំបាច់ ឬ​មិន​ចាំបាច់​សម្រាប់​ក្មេង​ឡើយ។ ​ ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​ធ្វើ​បាប​កូន​ទៅ​វិញ​ទេ ព្រោះ​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ខ្ជះខ្ជាយ មិន​ចេះ​រក​លុយ ចង់​បាន​អ្វី​ក៏​បាន​នោះ ស្រដៀង​នឹង​ចំណុច​ទី​១​ខាង​លើ​ដែរ។

៣. ពេល​កូន​ធ្វើ​ខុស​ក៏​មិន​ណែនាំ

ចំណុច​នេះ​សំដៅ​លើ​ឪពុក​ម្ដាយ​ដែល​កូន​ធ្វើ​ខុស​ហើយ​ក៏​មិន​ណែនាំ មិន​ស្ដី​មិន​ថា បែរ​ជា​ឲ្យ​កូន​ធ្វើ​ថែម ឬសើច​​ដោយ​គិត​ថា​ជា​រឿង​កំប្លែង​ទៅ​វិញ​នោះ រួម​ទាំង​ពេល​លោក​គ្រូ​អ្នក​គ្រូ​ណែនាំ ឬ​ស្ដី​បន្ទោស​ក៏​មិន​ព្រម​ស៊ើប​សួរ​ដើម្បី​ដឹង​រឿង​ពិត​ប្រាកដ តែ​បែរ​ជា​កាន់​ជើង​កូន​ជានិច្ច។ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កូន​ធំ​ឡើង​​ក្លាយ​ជា​មនុស្ស​ដែល​មិន​​ទទួល​ខុស​ត្រូវ មិន​ដឹង​ល្អ​អាក្រក់ ដែល​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​សង្គម។

៤. ធ្វើ​គ្រប់​យ៉ាង​ជំនួស​កូន ដោះស្រាយ​បញ្ហា​ជំនួស​កូន​គ្រប់​យ៉ាង

​ឪពុក​ម្ដាយ​ខ្លះ​ខំ​ប្រឹង​​ធ្វើ​កិច្ចការ​សាលា​ឲ្យ​កូន ជួយ​កែ​នេះ​កែ​នោះ​ឲ្យ​កូន​សព្វ​គ្រប់ ដោយ​សារ​ខ្លាច​កូន​​រៀន​មិន​ជាប់ ឬ​មិន​បាន​ពិន្ទុ​ខ្ពស់ ប៉ុន្តែ​ទី​បំផុត​​ការ​ធ្វើ​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ដែល​មិន​ចេះ​ធ្វើ​អ្វី​ទាំង​អស់​​នៅ​ពេល​គ្មាន​ម្ដាយ​ឪពុក ៕

ចុចអាន៖

ប្រភព៖ kruvoice ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម