មនុស្សស្រីរឹងមាំ ៨ចំណុចនេះ បើបុរសៗណាបានជាគូចាត់ទុកថាសំណាងធំបំផុត
- 2018-05-03 04:47:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីរឹងមាំ ៨ចំណុចនេះ បើបុរសៗណាបានជាគូចាត់ទុកថាសំណាងធំបំផុត
ភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រី មិនមែនស្ថិតនៅលើមុខមាត់នោះទេ ប៉ុន្តែវាត្រូវកើតចេញពីចិត្ត និងអារម្មណ៍ដែលនាងផ្ដល់ឲ្យអ្នកនៅជុំវិញខ្លួន ជាពិសេសគឺក្ដីស្រលាញ់ ហើយភាពស្រស់ស្អាតបែបនេះហើយដែលគង់វង្សមិនបាត់បង់តាមពេលវេលា។ សម្រាប់អត្ថបទខាងក្រោមនេះ កញ្ញា នឹងលើកពីឧទាហរណ៍ខ្លះៗនៃលក្ខណៈមនុស្សស្រីល្អៗដែលបុរសគ្រប់គ្នាប៉ងប្រាថ្នាជាដៃគូជីវិត៖
១. នាងអាចមើលថែខ្លួនឯងបាន
មនុស្សស្រីឆ្លាតហើយពូកែ រមែងទទួលបានការចាប់អារម្មណ៍ និងជាទីគោរពរាប់អានក្នុងខ្សែភ្នែកអ្នកដទៃ។ នាងមានការទទួលខុសត្រូវនូវទង្វើ និងការងាររបស់ខ្លួន និងអាចចាត់ចែងការងារនានាដោយខ្លួនឯងយ៉ាងប៉ិនប្រសប់ មិនថាការងារក្រៅផ្ទះ និងក្នុងផ្ទះ ប៉ុន្តែក៏មិនប្រមាថ រិះគន់អ្នកដទៃដោយគ្មានហេតុផលដែរ។
២. នាងពេញចិត្តនឹងរូបរាងរបស់ខ្លួនឯង
មនុស្សស្រីប្រភេទនេះ នឹងមើលឃើញតម្លៃរបស់ខ្លួនឯង និងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ បើទោះបីនាងអាចមិនពេញចិត្តខ្លួនឯងនូវចំណុចខ្លះទៅតាមធម្មជាតិរបស់មនុស្ស ប៉ុន្តែនាងនៅតែអាចឆ្លុះកញ្ចក់មើលខ្លួនឯងដោយមានមោទនភាព។
៣. នាងចេះគិតពីអារម្មណ៍អ្នកដទៃ
ប្រាកដណាស់ មនុស្សស្រីដែលមានចរិតល្អនឹងមិនគិតផ្គាប់ចិត្តតែខ្លួនឯងតែម្នាក់នោះឡើយ។ ផ្ទុយទៅវិញ គឺនាងច្រើនខ្វាយខ្វល់ពីអារម្មណ៍អ្នកដទៃ ហើយគុណសម្បត្តិនេះនឹងលេចចេញកាន់តែច្បាស់នៅពេលមានស្នេហា ព្រោះនាងរមែងផ្ដល់ទាំងក្ដីស្រលាញ់ ភាពស្មោះត្រង់ និងការគោរពដល់ដៃគូរបស់ខ្លួន។
៤. មានភាពចាស់ទុំ មិនចាប់អារម្មណ៍រឿងដ្រាម៉ា
នាងមានភាពចាស់ទុំច្រើន ដូច្នេះនាងនឹងមិនសូវចាប់អារម្មណ៍នឹងការត្អូញត្អែរ ទួញសោកលើសពីអ្វីដែលជាការពិតនោះឡើយ។ នាងនឹងមិនបង្កររឿងឲ្យធំដុំវែងឆ្ងាយ ឬព្យាយាមធ្វើឲ្យអ្នកប្រចែប្រច័ណ្ឌនោះទេ។ ជួនកាលនាងអាចមិនចូលចិត្តការដ្រាម៉ាច្រើនជាងអ្នកជាមនុស្សប្រុសទៅទៀត។
៥. នាងជាកម្លាំងជំរុញចិត្តឲ្យអ្នកអភិវឌ្ឍខ្លួនឯង
មនុស្សស្រីមានគំនិតល្អនឹងអាចដឹងថាអ្នកអាចវិវត្តខ្លួនឯងបានឆ្ងាយទៀតកម្រិតណា ហើយនឹងជួយជ្រោមជ្រែងអ្នកដោយមិនរករឿងសាំញ៉ាំច្រើន។ នាងមានបំណងប្រាថ្នាឲ្យអ្នកពង្រឹងសក្ដានុពលរបស់ខ្លួនឯង ព្រោះនាងស្រលាញ់ និងគោរពអ្នក រួមទាំងសមត្ថភាពរបស់អ្នកផងដែរ។
៦. ជឿជាក់លើជំហរខ្លួនឯង ប៉ុន្តែក៏បើកចិត្តទូលាយចំពោះអ្វីដែលខុសពីខ្លួន
នាងតែងមានហេតុផលសមរម្យដើម្បីគាំទ្រការគិតរបស់ខ្លួនឯង ប៉ុន្តែក៏មានភាពអត់ធ្មត់ចំពោះអ្នកដទៃ ហើយតែងតាំងចិត្ត និងបើកចិត្តស្ដាប់គំនិតយោបល់អ្នកដទៃដែលប្លែកពីខ្លួន។ បែបនេះក្នុងទំនាក់ទំនងស្នេហា គឺមានន័យថា នាងមិនត្រូវការយកឈ្នះអ្នក ប៉ុន្តែក៏មិនត្រូវការឲ្យអ្នកយកចិត្តយកថ្លើមនាងដូចគ្នា។
៧. មានភាពច្បាស់លាស់រឿងស្នេហា
បើអ្នកកំពុងកសាងទំនាក់ទំនងស្នេហាជាមួយនាង អ្នកនឹងអាចដឹងថា តើពេលណានាងត្រៀមខ្លួនរួចរាល់នឹងឈានចូលដំណាក់កាលបន្តបន្ទាប់ទៀត។ នាងតែងហ៊ាននិយាយថានាងចូលចិត្ត ឬមិនចូលចិត្តអ្វី ដោយចិត្តត្រជាក់ មានភាពច្បាស់លាស់ និងចាស់ទុំច្រើនក្នុងរឿងស្នេហា។
៨. ជាមនុស្សគួរឲ្យស្រលាញ់សម្រាប់អ្នកផងទាំងពួង
ដោយសារមានអត្តចរិតល្អ មានភាពជឿជាក់ ឆ្លាតវៃ ចិត្តទូលាយ និងស្មោះត្រង់ ធ្វើឲ្យនាងទទួលបានការស្រលាញ់រាប់អារម្មណ៍ច្រើនជានិច្ចពីអ្នកដទៃ ហើយអ្វីដែលល្អនោះគឺគ្រួសារ និងមិត្តភ័ក្ដិរបស់អ្នកក៏នឹងសរសើរ និងគោរពនាងទៅតាមនោះដែរ។
អ្នកគួរមានមោទនភាពចំពោះខ្លួនឯង បើសិនជាមាននាងក្បែរខ្លួន ព្រោះមនុស្សស្រីបែបនេះគឺគ្មានផ្លូវស្រលាញ់បុរសដែលប្រឡងមិនជាប់តាមវិញ្ញាសារបស់នាងឡើយ ហើយបើនាងយល់ព្រមផ្ញើជីវិតដែលសេសសល់ជាមួយអ្នក នោះអ្នកគឺក្លាយជាបុរសដែលមានសំណាងបំផុត ៕
ចុចអាន៖
រៀបការក៏ដោយ ត្រឹមស្រលាញ់គ្នាក៏ដោយ ចង់ហៅប្ដីប្រពន្ធ ទាល់តែធ្វើបាន១១ចំណុចនេះសិន
៤ វិធីធ្វើឲ្យឪពុកម្ដាយទុកចិត្ត ហើយបណ្ដោយឲ្យធ្វើអ្វីដែលអ្នកចង់ធ្វើ