សំបុត្រឪពុកម្ដាយក្រីក្រ ផ្ដាំផ្ញើកូនស្រីថ្ងៃរៀបការ បង្កប់អត្ថន័យមិនអាចកាត់ថ្លៃបាន
- 2018-04-18 09:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុត្រឪពុកម្ដាយក្រីក្រ ផ្ដាំផ្ញើកូនស្រីថ្ងៃរៀបការ បង្កប់អត្ថន័យមិនអាចកាត់ថ្លៃបាន
កូនស្រីរបស់ពួកគាត់បានទៅធ្វើការនៅតៃវ៉ាន់។
ថ្ងៃមួយកូនស្រីក៏បានទូរសព្ទទៅរកឪពុកនៅចិន ដើម្បីប្រាប់ដំណឹងថាខ្លួនជិតរៀបការ។ ឪពុកនិងម្ដាយក៏មិនអាចធ្វើដំណើរទៅចូលរួមមង្គលការរបស់កូនស្រីបាន។ ដោយសារឋានៈគ្រួសារក្រក្រី ទើបបានត្រឹមតែសរសេរសំបុត្រឲ្យកូនស្រី និងសុំឲ្យលោកអាចារ្យជួយអានក្នុងថ្ងៃរៀបការរបស់កូនស្រីផង។
“ភីងអ៊ឺកូនសម្លាញ់
នៅពេលពុកម៉ែបានឮដំណឹងថាកូននឹងរៀបការ ពុកម៉ែសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែចម្ងាយផ្លូវឆ្ងាយពេក ពុកនិងម៉ែមិនអាចទៅចូលរួមមង្គលការកូន ហើយក៏មិនអាចឡើងទៅធ្វើជាឪពុកម្ដាយកូនក្រមុំដើម្បីជូនពរកូនបានឡើយ។ នេះគឺជាអ្វីដែលពុកនិងម៉ែសោកស្ដាយបំផុត ប៉ុន្តែកូនគឺជាកូនរបស់ពុកម៉ែ ជឿថាកូននឹងអាចយល់ពីអារម្មណ៍ពុកនិងម៉ែបាន។
ថ្ងៃនោះ ក្រោយពីទទួលទូរសព្ទកូន ទាំងពុក ទាំងម៉ែក៏ស្ងៀមស្ងាត់មួយស្របក់ធំ។ គិតទៅតែមួយភ្លែតសោះ កូនយើងធំដឹងក្ដីហើយឬ? បន្ទាប់ពីនោះ ម៉ែរបស់កូនក៏ងើបទៅឆ្លុះកញ្ចក់ ព្រមទាំងនិយាយប្រាប់ពុកថា
“ពុកមើលចុះ ពេលនេះសក់របស់ខ្ញុំចាប់ផ្ដើមស្កូវហើយ អីចឹងភីងអ៊ឺក៏ល្មមដល់ពេលការហើយដែរ”
ពុកវែកមើលសក់ស្កូវរបស់ម៉ែ មួយសរសៃៗក៏នឹកដល់រូបភាពផ្សេងៗ។ នៅពេលពុកកំពុងគិត ម្ដាយរបស់កូនក៏និយាយទៀតថា
“យើងសរសេរសំបុត្រឲ្យកូនទៅល្អអត់ពុកវា ចាត់ទុកថាជាកាដូថ្ងៃរៀបការឲ្យកូនទៅចុះ!”
ភីងអ៊ឺកូនសម្លាញ់
ពុកនិងម៉ែគឺជាមនុស្សធម្មតាលើលោកនេះ។ ចំណែកកូនក៏ជាកូនធម្មតាៗម្នាក់ដូចគ្នា។ ពុកនិងម៉ែមិនបានត្រូវការអ្វីច្រើនទេ គឺសង្ឃឹមតែម្យ៉ាងថា នៅពេលកូនរៀបការហើយ នៅលើផ្លូវជីវិតរបស់កូន នឹងពោរពេញដោយការរឭកដឹងគុណ និងមានភាពរលូនគ្រប់ច្រកល្ហក។ តាមបទពិសោធន៍ជីវិតគូដែលពុកម៉ែធ្លាប់ឆ្លងកាត់ ពុកចង់ប្រាប់កូនស្រីថា “គ្រួសារ មិនមែនទីដែលត្រូវយកហេតុផលមកនិយាយគ្នាជាធំទេ”
ស្ដាប់ទៅហាក់ដូចគ្មានហេតុផល ប៉ុន្តែទោះយ៉ាងណា វាគឺជាការពិត។ ប្រយោគមួយនេះ គឺជាសច្ចធម៌ គឺជាហេតុ គឺជាផល ដែលគូស្វាមីភរិយាជាច្រើន និងគ្រួសារទាំងឡាយ (រួមទាំងគ្រួសារយើងផង) ប្រើពេលវេលា ការខិតខំ ក្ដីស្រលាញ់ ការពិត ការប្រឌិត ខុស ត្រូវ ផ្ដុំបញ្ចូលគ្នាដើម្បីឲ្យជីវិតគ្រួសារមានក្ដីសុខបាន។
នៅពេលមានរឿងទាស់ទែង មិនយល់ពីគ្នា ផ្ទះក៏ចាប់ផ្ដើមក្លាយជារោងល្ខោន ដែលម្នាក់ៗលើកហេតុផលរៀងៗខ្លួនមកបង្ហាញ។ គ្រប់សម្ដី គ្រប់អាកប្បកិរិយាក៏ចាប់ផ្ដើមហែកហួរគ្នាដោយហេតុផលផ្ទាល់ខ្លួន ធ្វើឲ្យម្នាក់ៗមានរបួស ស្នាមជាំ ទីបំផុតត្រូវចាញ់ទាំងសងខាងយ៉ាងត្រដាបត្រដួស។
មានគូស្វាមីភរិយាច្រើនប៉ុណ្ណាទៅ ដែលតាំងចិត្តយក "ហេតុផល” មកហែកហួរគ្នារហូតស្ទើរតែក្លាយជាសត្រូវ? ពួកគេមិនដឹងទេថា ពាក្យថា “គ្រួសារ” គឺមិនត្រូវការហេតុផល “គ្រួសារ” មិនមែនកន្លែងដែលត្រូវជម្រះបញ្ជី។ ហើយចុះ “គ្រួសារ” គឺអ្វីទៅ?
នៅពេលពុកនិងម៉ែនៅក្មេង ពុកម៉ែក៏ឆ្លើយសំណួរនេះមិនចេញដូចគ្នា។ ពួកយើងក៏ដូចជាគ្រួសារដទៃ ឈ្លោះគ្នាដោយសារហេតុផលតូចតាច ហើយរឿងមិនសមឈ្លោះក៏ឈ្លោះ។ មាននៅឆ្នាំមួយនោះ ដែលពុកនិងម៉ែឈ្លោះគ្នាព្រោះរឿងទិញរបស់ឲ្យកូន គឺឈ្លោះរហូតស្ទើរស្លាប់ស្ទើររស់ ដល់ថ្នាក់រកលែងលះចែកផ្លូវគ្នា ប៉ុន្តែសំណាងល្អ កាលនោះពុកនិងម៉ែមិនហ៊ានដល់ថ្នាក់ហ្នឹង កុំអីគ្រួសាររបស់យើងមិនអាចនៅជុំគ្នាដូចសព្វថ្ងៃនេះទេ។
រហូតដល់ថ្ងៃមួយ សិស្សច្បងរបស់ពុកក៏បាននិយាយជាមួយកូនប្រុសរបស់គាត់ នៅក្នុងថ្ងៃរៀបការថា “សូមឲ្យកូនចេះស្រលាញ់គ្នាដល់ចាស់ ខាំចេករបូតខាំពោតរបេះ”
ពុកស្រលាញ់ពាក្យនេះណាស់។ មែនហើយ គ្រួសារ មិនត្រូវការហេតុផលនោះទេ ប៉ុន្តែគ្រួសារត្រូវការក្ដីស្រលាញ់!
ស្រលាញ់គ្នាមួយភ្លែតគឺជារឿងងាយ ប៉ុន្តែស្រលាញ់គ្នារហូតគឺជារឿងពិបាក!
ពុកចង់ប្រាប់កូនថា “ជីវិតរៀបការប្រៀបដូចជាចានទទេ កូនត្រូវរកអ្វីមកដាក់ក្នុងចាននេះ ទើបកូនទទួលបានអ្វីដែលជារបស់ខ្លួនឯង"។
មានប្ដីប្រពន្ធច្រើនណាស់ ដែលសង្ឃឹមថាក្រោយរៀបការហើយ នឹងមានក្ដីសុខ នឹងស្រលាញ់គ្នា ស្ងប់សុខ គ្រួសាររឹងមាំ ប៉ុន្តែគ្រប់គ្នាមិនដឹងទេថា ការរៀបការគឺជាការទទួលបានចានទទេប៉ុណ្ណោះ។
ត្រូវចេះផ្ដល់ឲ្យ ចេះស្រលាញ់ ចេះថ្នាក់ថ្នម សរសើរលើកទឹកចិត្តគ្នា នោះទើបនៅពេលពេលវេលាកន្លងទៅ ចានមួយនោះអាចផ្ទុកទៅដោយរបស់មានតម្លៃហូរហៀរ។
ហើយចាននោះ គួរដាក់អ្វីដំបូងគេ?
“ការនឹករឭក”
ការនឹករឭកចាត់ទុកថាជាអារម្មណ៍ដក់ជាប់ជ្រៅក្នុងចិត្តរបស់យើង គឺជាអ្វីដែលកើតឡើងពីក្ដីស្រលាញ់ ភាពជឿជាក់ ជឿចិត្ត និងការយកចិត្តទុកដាក់។ “ការនឹក” គឺជាវិធីតូចមួយដែលអាចជួយឲ្យយើងចង់ត្រលប់ទៅផ្ទះឲ្យឆាប់នៅពេលហត់នឿយ គឺជាភាពកក់ក្ដៅនៅពេលមានអារម្មណ៍រងា គឺជាក្លិនបាយក្រអូបនៅពេលបើកទ្វារចូលផ្ទះក្នុងថ្ងៃដែលយើងអស់កម្លាំងព្រោះការធ្វើការ។ របស់ទី២ដែលគួរដាក់ចូលក្នុងចាននេះគឺ៖ “សិល្បៈ” ក្នុងការដឹកនាំជីវិតគ្រួសារ នៅពេលខឹង គឺត្រូវខឹងប្រកបដោយសិល្បៈ នៅពេលឈ្លោះគ្នាក៏ត្រូវឈ្លោះគ្នាដោយមានសិល្បៈដែរ។
មានគ្រួសារមួយ នៅរួមរស់ជាមួយគ្នាគ្រាលំបាក។ ប្ដីប្រពន្ធនោះមានកូនជាមួយគ្នា ៥នាក់។ ការលំបាកនេះ គឺមានតែគាត់និងនាងប៉ុណ្ណោះដែលអាចដឹង កូនៗមិនដឹងឡើយ។ នៅថ្ងៃមួយ ប្ដីប្រពន្ធទាំងពីរក៏ឈ្លោះគ្នាព្រោះរឿងកូន។ អ្នកទាំងពីរឈ្លោះគ្នារហូតរឿងរាលដាលធំឡើង ប៉ុន្តែក្រោយមកប្រពន្ធក៏ស្រែកថា
“ឈប់...! ខ្ញុំឈឺពោះរកកើតកូនហើយ!”
ការពិតគាត់មានទៅកើតកូនឯណា ប្រយោគនេះគ្រាន់ជាសិល្បៈរបស់គាត់ដើម្បីបញ្ឈប់ការឈ្លោះគ្នាសោះ។ ក្រៅពីការនឹករឭក និងសិល្បៈហើយ ចានទទេ នេះអាចដាក់បន្ថែមអ្វីជាច្រើនទៀត តាមតែចិត្តកូនត្រូវការ។
សរសេរដល់ត្រឹមនេះ ពុកក៏នឹកដល់អ្នកនិពន្ធម្នាក់ ដែលបានសរសេរថា
“អ្នកជាឪពុកម្ដាយជាអ្នកផ្ដល់កំណើត ជាអ្នកចិញ្ចឹមអប់រំ នាទីរបស់ពួកអ្នកចប់ហើយ អំណោយដែលល្អបំផុតដែលពួកអ្នកគួរផ្ដល់ឲ្យកូនៗគឺស្លាបមួយគូ"
ភីងអ៊ឺកូនសម្លាញ់
សំបុត្រមួយច្បាប់នេះគឺជាអំណោយដែលពុកនិងម៉ែចងដៃកូនក្នុងថ្ងៃរៀបការ។ សង្ឃឹមថាកូននឹងចងចាំពាក្យជូនពររបស់ពុកនិងម៉ែថ្ងៃនេះ ហើយហោះហើរទៅដោយមានក្ដីសុខ។
ពី
ពុក និងម៉ែរបស់កូន”
ចប់សំឡេងរបស់លោកអាចារ្យ ភ្ញៀវកិត្តិយសទាំងអស់ក៏នាំគ្នាទះដៃលាន់រំពងយ៉ាងយូរ ៕
ចុចអាន៖
ល្មមគិតគូររឿងបង្កើតគ្រួសារហើយ បើអ្នកមានចំណុចទាំងនេះ
ប្ដីគិតមិនដូចប្រពន្ធគិត! ប្រពន្ធល្អដែលប្ដីស្រឡាញ់ស្ទើរលេបត្រូវប្រកបដោយ ៨យ៉ាងនេះ