ល្មមគិតគូររឿងបង្កើតគ្រួសារហើយ បើអ្នកមានចំណុចទាំងនេះ
- 2018-03-20 10:22:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្មមគិតគូររឿងបង្កើតគ្រួសារហើយ បើអ្នកមានចំណុចទាំងនេះ
ការបង្កើតគ្រួសារមួយមិនមែនងាយស្រួលឡើយ ព្រោះបន្ទុកជាច្រើននឹងរត់មករកអ្នកដើម្បីឲ្យអ្នកដោះស្រាយ។ យ៉ាងណាមិញបើអ្នកឃើញខ្លួនឯងមានចំណុចទាំងនេះហើយ នោះមានន័យថាអ្នកអាចគិតគូរឿងបង្កើតគ្រួសារបានហើយ ៖
១. មានចំណូលផ្ទាល់ខ្លួន
បើអ្នកអាចរកចំណូលផ្ទាល់ខ្លួនសមល្មមហើយ នោះមានន័យថាអ្នកមានភាពឯករាជ្យរឿងលុយកាក់ដោយមិនបាច់ពឹងពាក់អ្នកណាទៀតនោះទេ។ ពេលដែលអ្នកមានគ្រួសារ អ្នកក៏មិនពិបាកក្នុងការរកចំណូលដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារតូចមួយដែរ។
**២. ចាប់ផ្ដើមស្រឡាញ់ក្មេងខុសធម្មតា**
វាជាសញ្ញាមួយដែលបង្ហាញថាអ្នកចង់មានគ្រួសារហើយ ព្រោះអ្នកចាប់ផ្ដើមចេះស្រឡាញ់ក្មេង។ ការដែលលែងធុញទ្រាន់នឹងក្មេង អាចបញ្ជាក់ថាអ្នកអាចមើលថែ និងស៊ូទ្រាំជាមួយការមានកូនតូចៗបាន។
៣. រកឃើញមនុស្សដែលខ្លួនពេញចិត្ត
នៅពេលដែលអ្នករកឃើញមនុស្សម្នាក់ដែលខ្លួនពេញចិត្តហើយនោះ អារម្មណ៍ដែលចង់បង្កើតគ្រួសារនឹងចាប់ផ្ដើមកើតឡើង។ អ្នកចង់មើលថែរក្សាគេ អ្នកចង់ឲ្យគេក្លាយជាគ្រួសារអ្នក។ បើគិតថាជាម្នាក់នោះសក្តិសម និងត្រៀមខ្លួនហើយ អ្នកក៏គួរតែគិតគូរដែរ។
៤. លែងរញ៉េរញ៉ៃក្នុងភាពសប្បាយរបស់យុវវ័យ
បើអ្នកលែងខ្វល់ខ្វាយនឹងការសប្បាយបែបយុវវ័យទៀតនោះ មានន័យថាអ្នកមានភាពចាស់ទុំក្នុងជីវិតខ្លះហើយ។ អ្នកមានភាពច្បាស់លាស់ គិតគូរពីអនាគត ហើយលែងចំណាយពេលឥតប្រយោជន៍ដូចពីមុនទៀត។ អ្នកចាប់ផ្ដើមចេះរកលុយទុកសន្សំ ហើយចេះរៀបចំខ្លួនឲ្យបានល្អជាងមុន។
៥. មានការអត់ធ្មត់ខ្ពស់
ការអត់ធ្មត់នៅក្នុងគ្រួសារគឺសំខាន់ណាស់ ដូច្នេះបើអ្នកមិនទាន់មានភាពនឹងធឹង អត់ទ្រាំខ្លះទេអ្នកក៏មិនគួរចាប់ដៃគ្នាបង្កើតគ្រួសារដែរ។ ត្រូវរង់ចាំ និងហ្វឹកហាត់ខ្លួនឯងឲ្យមានភាពអត់ធន់ ចេះទប់កំហឹង ចេះដោះស្រាយបញ្ហាសិនសឹមសម្រេចចិត្តមានគ្រួសារ ព្រោះរៀបការហើយអ្នកត្រូវប្រឈមមុខនឹងគ្រួសារខាងគេ និងដោះស្រាយគ្រួសារខាងយើង បែបនេះហើយមិនមែនជារឿងងាយស្រួលឡើយ៕
ចុចអាន៖មាន ៧ចំណុចនេះ បង្ហាញថាអ្នកពិតសំណាងខ្លាំងដែលមានគាត់ជាសង្សារ