ប្ដីគិតមិនដូចប្រពន្ធគិត! ប្រពន្ធល្អដែលប្ដីស្រឡាញ់ស្ទើរលេបត្រូវប្រកបដោយ ៨យ៉ាងនេះ
- 2018-03-13 09:46:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីគិតមិនដូចប្រពន្ធគិត! ប្រពន្ធល្អដែលប្ដីស្រឡាញ់ស្ទើរលេបត្រូវប្រកបដោយ ៨យ៉ាងនេះ
នៅពេលដែលអ្នកពិចារណាពីតួនាទីរបស់ខ្លួនក្នុងឋានៈជាភរិយា តើអ្នកឲ្យពិន្ទុខ្លួនឯងប៉ុន្មាន? ចុះគិតថាប្ដីអ្នកនឹងឲ្យពិន្ទុអ្នកប៉ុន្មាន? ប្រសិនបើចំណងអាពាហ៍ពិពាហ៍របស់អ្នកនៅរឹងមាំ និងមានក្ដីសុខ ពិន្ទុពីស្វាមីរបស់អ្នកគង់មិនខុសគ្នាពីពិន្ទុដែលអ្នកគិតខ្លួនឯងប៉ុន្មានឡើយ។
ប៉ុន្តែរបៀបដែលអ្នកនិងស្វាមីអ្នកគិតពាក់ព័ន្ធហេតុផលដែលអ្នកជាប្រពន្ធដ៏វិសេសវិសាលនោះអាចមានភាពខុសគ្នាដាច់ស្រលះ។ តើអ្វីទៅជាតម្រូវការរបស់បុរស?
បើឲ្យរៀបរាប់លម្អិតពីអ្វីដែលមនុស្សប្រុសត្រូវការឲ្យមាន និងចាំបាច់ត្រូវមានក្នុងខ្លួនភរិយា ព័ត៌មានខាងក្រោមនេះគួរតែជាកត្តាសំខាន់សម្រាប់ជីវិតរៀបការដែលនៅគង់វង្ស និងជាចំណុចដែលមនុស្សប្រុសប្រើដើម្បីពិចារណាអំពីប្រពន្ធល្អ៖
១. ប្រពន្ធល្អគួរផ្ដល់កិត្តិយសឲ្យប្ដី មានការគោរព និងយល់ពីធម្មជាតិរបស់ប្ដីថាមនុស្សប្រុសគឺជាភេទដែលចូលចិត្តដោះស្រាយបញ្ហា។ ប្រពន្ធគួរដឹងថាប្ដីមិនមែនគ្រាន់តែស្ដាប់បញ្ហាដែលកើតឡើង ដោយមិនរកវិធីដោះស្រាយបញ្ហា ឬប្រឈមនឹងស្ថានការណ៍នោះទេ។ នៅក្នុងកែវភ្នែករបស់ប្ដី ប្រពន្ធគួរធ្វើឲ្យប្ដីមានការជឿជាក់ថាគេបានបំពេញតួនាទីជាមេគ្រួសារបានយ៉ាងល្អ។ កុំគិតថារឿងមនុស្សប្រុសគួរជាដំរីជើងមុខគឺជារឿងកំប្លែង ព្រោះវាប្រៀបដូចជាញាណរបស់មនុស្សប្រុសទៅហើយដែលត្រូវមានអារម្មណ៍បែបនេះ។
២. ប្រពន្ធល្អគួរមើលថែប្ដី និងចៀសវាងការរករឿងឈ្លោះ មិននិយាយអាក្រក់ៗពីប្ដីនៅមុខកូនៗ និងញាតិមិត្ត។ បញ្ហាប្ដីប្រពន្ធគឺជារឿងដែលគួរតែដឹងតែសម្រាប់មនុស្សពីរនាក់ លើកលែងតែថាអ្នកត្រូវការទីប្រឹក្សាជំនាញមកជួយដោះស្រាយបញ្ហាដែលអ្នកទាំងពីរនាក់មិនអាចដោះស្រាយបាន។ យ៉ាងណាក៏ដោយ ត្រូវចាំទុកថា មិត្តរួមការងាររបស់អ្នកមិនមែនជាទីប្រឹក្សាបញ្ហាជីវិតគូរបស់អ្នកឡើយ។
៣. ប្រពន្ធល្អនឹងមិនព្យាយាមផ្លាស់ប្ដូរស្វាមីឲ្យក្លាយជាមនុស្សប្រុសល្អឥតខ្ចោះតាមដែលនាងត្រូវការឡើយ។
៤. ជាប្រពន្ធគួរមានពេលវេលាឲ្យប្ដីឲ្យរាល់ថ្ងៃ ទោះបីថ្ងៃខ្លះមានពេលតិចជាងធម្មតា ប៉ុន្តែក៏ត្រូវប្រាកដចិត្តថាអ្នកមានពេលវេលាសម្រាប់គូជីវិតអ្នកជានិច្ច។
៥. ប្រពន្ធល្អនឹងទទួលស្ដាប់ការយល់ឃើញរបស់ប្ដី។ នាងមិនចាំបាច់ត្រូវតែយល់ស្របតាមគ្រប់យ៉ាងដែលស្វាមីគិតនោះទេ ប៉ុន្តែយ៉ាងហោចណាស់គួរបើកចិត្តស្ដាប់សម្ដីរបស់ប្ដីដូចដែលនាងត្រូវការឲ្យប្ដីទទួលស្ដាប់ការយល់ឃើញរបស់នាងដែរ។
៦. ប្រពន្ធល្អនឹងធ្វើឲ្យប្ដីអាចយល់ដោយនាងមិនចាំបាច់ហើបមាត់និយាយ ថាប្ដីរបស់នាងនៅតែមើលទៅមានមន្តស្នេហ៍ និងមានភាពទាក់ទាញខ្លាំងសម្រាប់នាង។
៧. ប្រពន្ធល្អគឺអ្នកដែលមើលថែយកចិត្តទុកដាក់គ្រួសារ។ មិនថាអ្នកគិតថាគ្រួសារអ្នកគឺជាគ្រួសារសម័យថ្មី និងរីកចម្រើនប៉ុណ្ណា តួនាទីរបស់ប្រពន្ធនៅតែរួមមានការទទួលខុសត្រូវនេះមិនផ្លាស់ប្ដូរ។ ម្យ៉ាងទៀត ប្រពន្ធដែលល្អនឹងធ្វើឲ្យប្ដីលំបាកចិត្តថាត្រូវជ្រើសរើសរវាងនាងនិងគ្រួសាររបស់គេឡើយ។ គ្រួសារត្រង់នេះអាចសំដៅលើឪពុកម្ដាយរបស់គេ ឬកូនរបស់គេជាមួយប្រពន្ធមុន។ ការជប់លៀងម្ដងម្កាលជាមួយបងប្អូនមិត្តភ័ក្ដិ ក៏មិនគួរយកមកធ្វើជាបញ្ហាឲ្យគេជ្រើសរើសដែរ។
៨. ប្រពន្ធល្អនឹងនិយាយថាស្រឡាញ់ប្ដី និងមើលឃើញតម្លៃរបស់ប្ដីរៀងរាល់ថ្ងៃ។ រឿងសំខាន់ដែលអ្នកគួរចាំទុកគឺ ការធ្វើជាប្រពន្ធល្អគឺខុសគ្នាពីការធ្វើជាប្រពន្ធឥតខ្ចោះ។ គ្មាននរណាដែលល្អឥតខ្ចោះនោះទេ ហើយប្ដីរបស់អ្នកក៏គួរតែដឹងពីរឿងនេះយ៉ាងល្អដូចគ្នា។ ចំណុចសំខាន់នៃជីវិតគូគឺការយល់ដឹងពីតម្រូវការ និងការរំពឹងទុករបស់គ្នាទៅវិញទៅមក ទាំងខាងប្ដី និងខាងប្រពន្ធ ៕
ចុចអាន៖
៦ វិធីដែលមនុស្សស្រីអាច ធ្វើដើម្បីឲ្យស្នេហាកាន់តែពិសេស និងគង់វង្សយូរ
ជីវិតគូនឹងមិនសូវរកាំរកូស បើអ្នកទាំងពីរមានចំណុចដូចគ្នា ៣ យ៉ាងនេះ