ជីវិត​អ្នក​ធ្វើ​ការ​ហត់​ខ្លាំង ​ស្ត្រេស​ខ្លាំង​គឺ​ដោយ​សារ​ហេតុផល​​ធំៗ​ ៥​យ៉ាង​នេះ

  • 2018-04-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​អ្នក​ធ្វើ​ការ​ការិយាល័យ​គឺ​ពោរពេញ​ទៅ​ដោយ​ការ​លំបាក​ជា​ច្រើន ជា​ពិសេស​ក្នុង​សម័យ​បច្ចប្បន្ន​ដែល​​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ភាព​ប្រញាប់ប្រញាល់ ក្រោក​តាំង​ពី​ព្រឹក​ ចេញ​ដំណើរ​ទៅ​ធ្វើ​ការ ចូល​ប្រជុំ​មួយ​ទៅ​មួយ គិត​ពី Project ធ្វើ Report រហូត​​ដល់​ម៉ោង​ចេញ គឺ​ត្រូវ​ស្ទះ​ចរាចរណ៍​ទៀត​ទម្រាំ​បាន​ទៅ​ដល់​ផ្ទះ គឺ​ព្រលប់​​រាល់​ថ្ងៃ។ ក្នុង​ចន្លោះ​ពេល​នោះ​ដែរ​ គឺ​មាន​រឿង​នានា​ដែល​កើត​ឡើង​ធ្វើ​ឲ្យ​ពួក​គេ​ហត់​នឿយ​ខ្លាំង ទាំង​កាយ​ទាំង​ចិត្ត។ តួ​យ៉ាង​ខាង​ក្រោម​នេះ គឺ​ជា​កត្តា​ធំ​ៗ​ចំនួន ៥​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​ការិយាល័យ​ហត់​នឿយ​ខ្លាំង​បំផុត រួម​ជាមួយ​វិធី​ដោះស្រាយ​ងាយ​ៗ៖

១. ហត់​នឿយ​​ដោយ​សារ​​​​គេង​យប់​ជ្រៅ ហើយ​ក្រោក​ពី​ព្រឹក

មិន​ថា​ដោយ​សារ​តួនាទី​ការងារ​ដែល​​តម្រូវ​ឲ្យ​នៅ​អង្គុយ​ធ្វើ​ការ​រហូត​ដល់​យប់​ជ្រៅ ឬ​​រវល់​តាមដាន​រឿង​ភាគ លេង​ហ្វេសប៊ុក​ជ្រុល​ក៏​ដោយ នៅ​ពេល​រាង​កាយ​មិន​បាន​ទទួល​ការ​សម្រាក​គ្រប់គ្រាន់ (យ៉ាង​ហោច​ ៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ សម្រាប់​វ័យ​អ្នក​ធ្វើ​ការ) នោះ​វា​នឹង​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​រាង​កាយ​មាន​អារម្មណ៍​ខ្សោយ ងោកងុយ ​នៅ​ពេល​ព្រឹក​បន្ទាប់។ បើ​សិន​មិន​អាច​ជៀស​វាង​ការ​ចូល​គេង​​យប់​ជ្រៅ​បាន អ្នក​ត្រូវ​បម្រុង​រាងកាយ​បន្ថែម ដោយ​ការ​ទទួលទាន​អាហារ​ប្រភេទ​ប្រូតេអ៊ីន​ពី​សាច់​សត្វ ទឹក​ដោះ​គោ ស៊ុត ឬ​អាហារ​ដែល​មាន​វីតាមីន​ស៊ី ក៏​ជួយ​ជំរុញ​ឲ្យ​រាងកាយ​ស្រស់ស្រាយ​ឡើង​ដែរ។

២. ​ហត់​នឿយ​​ដោយ​សារ​ការ​ធ្វើ​ដំណើរ

អ្នក​ធ្វើ​ការ​ភាគ​ច្រើន​ត្រូវ​ចំណាយ​ពេល​ចោល​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ទៅ​​​​លើ​ការ​ធ្វើ​ដំណើរ​​។ អ្នក​ដែល​ជិះឡាន ម៉ូតូ ​ទៅ​ធ្វើ​ការ​រមែង​រអ៊ូ​ជា​រឿយ​ៗ​ពី​រឿង​ស្ទះ​ផ្លូវ ខណៈ​ដែល​អ្នក​ប្រើប្រាស់​សេវា​ធ្វើ​ដំណើរ​សាធារណៈ ក៏​ត្រូវ​ជួប​បញ្ហា​ទៀត​ជា​ច្រើន ដូច​ជា​មនុស្ស​ចង្អៀត ស្ទះ​ផ្លូវ រង់​ចាំ​យូរ -ល-។ សាក​ល្បង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​កំណត់​ពេល​ចេញ​ដំណើរ​មុន​ម៉ោង​ជាង​មុន​បន្តិច ដើម្បី​ឲ្យ​ទៅ​ដល់​កន្លែង​ធ្វើ​ការ​​មុន​ម៉ោង នោះ​នឹង​មិន​​សូវ​តក់​ក្រហល់​ពេល​ទៅ​ដល់​កន្លែង​ធ្វើ​ការ និង​អាច​មាន​ពេល​សម្រាក​ច្រើន។

៣. ​ហត់​នឿយ​​ដោយ​សារ​​មនុស្ស

មនុស្ស​គឺ​ជា​បច្ច័យ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការ​មាន​អារម្មណ៍​ហត់​នឿយ អស់​កម្លាំង។ មិន​ថា​ជា​អ្នក​ដឹកនាំ ឬ​មិត្ត​រួម​ការងារ ដែល​​ពិបាក​ធ្វើ​ការ​ជាមួយ ឬ​អ្នក​ដែល​នាំ​រឿង​ឈឺក្បាល​មក​ឲ្យ​យើង​មួយ​ថ្ងៃ​ៗ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ហត់​ចិត្ត​រហូត​មិន​ចង់​ទៅ​ធ្វើ​ការ ឬ​ចង់​លា​ឈប់​តែ​ម្ដង។ ដូច្នេះ​ហើយ​បើ​សិន​មិន​ចង់​ហត់​នឿយ​ជាមួយ​មនុស្ស​ទាំង​អស់​នេះ ក្រៅ​ពី​គួរ​ចៀសវាង​រាប់​អាន​ និង​ពាក់ព័ន្ធ​ជាមួយ​ពួក​គេ​​ហើយ គឺ​យើង​ត្រូវ​សម្រួល​ការ​គិត​របស់​យើង​ឲ្យ​ងាក​មក​ផ្លូវ​វិជ្ជមាន​ឲ្យ​បាន​ច្រើន ព្រម​ទទួល​យក​ភាព​ខុស​គ្នា​របស់​មនុស្ស​ម្នាក់​ៗ ហើយ​​​បំពេញ​តួនាទី​របស់​ខ្លួន​​ឲ្យ​បាន​ល្អ​បំផុត​គឺ​គ្រប់គ្រាន់​ហើយ។

៤. ហត់​នឿយ​ដោយ​សារ​គ្មាន​តុល្យភាព​រវាង​ជីវិត​ និង​ការងារ

អ្នក​ធ្វើ​ការ​ស៊ី​ប្រាក់​ខែ​ជា​ច្រើន​អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ជីវិត​ផ្ទាល់​ខ្លួន និង​​មាន​ពេល​វេលា​ជាមួយ​គ្រួសារ​កាន់​តែ​តិច ដោយ​សារ​ការ​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ផង​ ព្រម​ទាំង​ត្រូវ​ជួប​បញ្ហា​បន្ទាន់​ៗផង​ ដែល​ភាគ​ច្រើន​​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ធ្វើ​ការ​លើស​ម៉ោង​ជានិច្ច។ បញ្ហា​ទាំង​អស់​នេះ​ អាច​កើត​ពី​ការ​ចាត់ចែង​ពេល​វេលា​មិន​បាន​ល្អ។ អ្នក​គួរ​ចែក​ឲ្យ​ដាច់​រវាង​ជីវិត​ផ្ទាល់​ខ្លួន និង​ការ​ធ្វើ​ការ​។ រក​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​សម្រាក​ខ្លះ ដើម្បី​ជីវិត​មាន​ថាមពល​គ្រប់គ្រាន់។

៥. ហត់​នឿយ​ដោយ​សារ​ខ្វះ​ជាតិ​ទឹក

អ្នក​ណា​ថា​ការ​អង្គុយ​ធ្វើ​ការ​នឹង​តុ​ក្នុង​អូហ្វីស មាន​ម៉ាស៊ីន​ត្រជាក់ មិន​​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​អស់​កម្លាំង? បើ​ទោះ​បី​​មិន​បាន​បញ្ចេញ​ញើស​ក៏​ដោយ ប៉ុន្តែ​រាងកាយ​របស់​យើង​គឺ​បាត់បង់​ជាតិ​ទឹក​ជានិច្ច។ ប្រសិន​បើ​ផឹក​ទឹក​​​មិន​បាន​គ្រប់គ្រាន់​ទេ នោះ​នឹង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​អស់​កម្លាំង​។

រឿង​ហត់​នឿយ​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​អ្វី​ដែល​យើង​មិន​អាច​ចៀស​វាង​បាន​ក្នុង​ជីវិត​ការងារ ដូច្នេះ​យើង​គួរ​រក​វិធី​ដោះស្រាយ​ដូច​​បាន​រៀបរាប់​ខាង​លើ ឬ​​បើ​ត្រូវ​ការ​អារម្មណ៍​ស្រស់ស្រាយ ​អ្នក​អាច​សាក​ល្បង​ជ្រើសរើស​ភេសជ្ជៈ​ពី​ផ្លែ​ឈើ​និង​បន្លែ​មួយ​ចំនួន​ដូច​ជា​​ទឹក​ក្រូច​ស្រស់ ក្រូច​ឆ្មារ ការ៉ុត ប៉ោម ឬ​ផាសិន​ក៏​បាន ៕

ចុចអាន៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន