កំពុង​ធ្វើការ បើ​ចង់​លាឈប់​ដោយ​ហេតុ​ផល​ទាំង​នេះ សូម​ពិចារណា​ឡើង​វិញ

  • 2018-03-18 04:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កំពុង​ធុញ​ទ្រាន់​នឹង​ការងារ​បច្ចុប្បន្ន ហើយ​ចង់​តែ​ឈប់​ឲ្យ​បាត់​ៗ? សូម​ពិចារណា​ឡើង​វិញ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ធំ​នេះ ដែល​អាច​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ខ្លួន​ឯង។

រឿង​អ្វី​នឹង​កើត​ឡើង​ក្រោយ​ពេល​លា​ឈប់​ពី​ការងារ​ដែល​កំពុង​ធ្វើ​នេះ? រីករាយ សុភមង្គល ការ​ពេញ​ចិត្ត ឬ​ក៏​អនាគត​ខ្មៅ​ងងឹត ដើរ​ទាត់​ខ្យល់ គ្មាន​ការងារ​ធ្វើ? កុំ​ដោយ​សារ​តែ​ភាព​ច្រឡោត​មួយ​នាទី ហើយ​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ដុនដាប​ដោយ​សារ​ហេតុផល​ទាំង​នេះ​ឲ្យ​សោះ។

រូបតំណាង

**១. ឈប់​ដោយ​សារ​អស់​សង្ឃឹម ធុញ​ទ្រាន់**

ជំងឺ​រួម​របស់​អ្នក​ធ្វើ​ការ​នោះ​គឺ​ពូកែ​ត្អូញ​ពី​ការងារ​បច្ចុប្បន្ន។ បើ​សិន​ជា​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ដូច​គ្នា អ្នក​គួរ​ដឹង​ថា នៅ​ពេល​ឈាន​ជើង​ចូល​ជីវិត​ដែល​ត្រូវ​ធ្វើ​ការ​ហើយ ការងារ​មួយ​ណា​ក៏​ដូច​មួយ​ណា តែង​តែ​ច្រំដែល។ ទោះ​ជា​គេច​ទៅ​ណា​ក៏​មិន​ផុត​ពី​អាការៈ​នេះ​ដែរ។

២. ឈប់​ដោយ​សារ​មិន​ត្រូវ​គ្នា​ជាមួយ​មេ

បើ​សិន​ជា​អ្នក​ឈប់​ដោយ​សារ​តែ​មូលហេតុ​នេះ​មែន​នោះ ភាព​អត់ធ្មត់​របស់​អ្នក​គឺ​នៅ​ខ្សោយ​ខ្លាំង​ណាស់។ រឿង​ត្រូវ​មាត់​មេ គឺ​ជា​រឿង​ដែល​មិន​អាច​គេច​បាន​ពេល​ធ្វើ​ការ តែ​វា​មិន​អាច​ដល់​ថ្នាក់​ធ្វើ​ឲ្យ​យើង​លា​ឈប់​ពី​ការងារ​បាន​ឡើយ។ មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង យើង​បំពេញ​ការងារ​ឲ្យ​ល្អ​គឺ​បាន​ហើយ។

៣. ឈប់​ដោយ​សារ​មិត្ត​រួម​ការងារ​ឈ្នានីស

ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​រឿង​នេះ​គឺ​ឈប់​ខ្វល់​នឹង​ពួក​គេ មិន​មែន​ដាក់​ពាក្យ​លា​ឈប់​ទេ។ យក​ពេល​មក​ធ្វើ​ការ​យើង​វិញ កុំ​រវល់​នឹង​មនុស្ស​អត់​បាន​ការ​ទាំង​នោះ។ ភាគ​ច្រើន​គេ​ឈ្នានីស​យើង​ដោយ​សារ​តែ​យើង​ល្អ​ជាង​គេ ជោគជ័យ​ជាង​គេ ដូច​នេះ​កុំ​បារម្ភ។

៤. លាឈប់​ដោយ​សារ​មាន​លុយ​សាគួ

អ្នក​មាន​ចំនួន​លុយ​សាគួ​ទុក​ចាយ​ប្រមាណ​៦​ខែ ហើយ​ចង់​លា​ឈប់​សម្រាក​មួយ​រយៈ? នេះ​មិន​មែន​ជា​បញ្ហា​ទេ បើ​សិន​ជា​អ្នក​អាច​រក​ការងារ​បាន​ភ្លាម​ក្រោយ​ពេល​សម្រាក តែ​បើ​គ្មាន​សមត្ថភាព​ដូច​នេះ​ទេ កុំ​គិត​ដល់​រឿង​នេះ​ទាំង​អស់។

រូបតំណាង

៥. ឈប់​ទាំង​អត់​ទាន់​មាន​ការងារ​ធ្វើ

ដោយ​សារ​តែ​ខឹង​ខ្លាំង​ពេក ក្នុង​មួយ​វិនាទី អ្នក​ក៏​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​ទាំង​មិន​ទាន់​មាន​ទ្រនំ​ថ្មី​នៅ​ឡើយ។ មនុស្ស​ដែល​ឆ្លាត​វៃ​នឹង​មិន​ឈប់​ពី​ការងារ​នៅ​ពេល​ដែល​អនាគត​មិន​ទាន់​ច្បាស់​លាស់​ន​ឡើយ។

៦. ឈប់​ទាំង​មិន​ដល់​ពេល​កំណត់

នៅ​ពេល​ដែល​យើង​ដាក់​ពាក្យ​សុំ​ឈប់​ហើយ ជា​ទូទៅ​គឺ​ត្រូវ​ចំណាយ​ពេល​៣០​ថ្ងៃ​ទៀត​ដើម្បី​ប្រគល់​ការងារ​ដែល​អ្នក​មក​ក្រោយ​យើង។ បើ​សិន​ជា​យើង​ឈប់​មុន​ពេល​កំណត់​នេះ កេរ្តិ៍​ឈ្មោះ​របស់​យើង​ទៅ​ថ្ងៃ​ក្រោយ​នឹង​ខូចខាត​ជាក់​ជា​មិន​ខាន៕

ចុចអាន៖

ប្រភព៖ cafestyle ប្រែសម្រួល៖ Caramel