ស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយ វិធី៨យ៉ាងនេះជួយអ្នកឲ្យសម្រេចចិត្តបានរហ័ស
- 2018-04-07 04:29:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយ វិធី៨យ៉ាងនេះជួយអ្នកឲ្យសម្រេចចិត្តបានរហ័ស
វាគឺជារឿងដែលខុសក្រមសីលធម៌ខ្លាំងណាស់ នៅពេលដែលអ្នកស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយ។ ប្រសិនអ្នកនៅតែអូសបន្លាយ មិនព្រមសម្រេចចិត្តឲ្យដាច់ស្រេចទេ អ្នកនឹងក្លាយជាមនុស្សបោកប្រាស់ ដែលត្រូវបានអ្នកជុំវិញពេបជ្រាយ និន្ទាខ្លាំងជាក់ជាមិនខាន។ បញ្ចប់ពាក្យ “ខ្លួនមួយជិះទូកពីរ” ជាមួយវិធីសាស្ត្រ៨យ៉ាងនេះ នោះអ្នកនឹងទទួលបានជម្រើសដ៏ប្រសើរ និងសក្ដិសមបំផុតសម្រាប់ខ្លួនឯង៖
១. សង្កេតមើលគុណសម្បត្តិរៀងៗខ្លួនរបស់ពួកគាត់
អ្នកអាចបង្កើតបញ្ជីមួយ រួចកត់ត្រាចំនុចល្អៗរបស់ពួកគាត់រៀងខ្លួនដូចជា៖ មេត្តាធម៌ ទឹកចិត្តល្អ ក្ដីស្រឡាញ់ និងភាពស្មោះត្រង់ជាដើម។ អ្នកត្រូវមើលថា តើមួយណាមានចំនុចល្អច្រើនជាង ប្រសិនអ្នកគិតចង់បានទំនាក់ទំនងបែបយូរអង្វែងសម្រាប់ថ្ងៃអនាគត។
២. តើអ្នកណាសក្ដិសមជាមួយអ្នកជាង
អ្នកត្រូវតែពិចារណាលើចំនុចមួយចំនួន ដែលអ្នកខ្លួនឯងគិតថាសំខាន់ខ្លាំងសម្រាប់ជីវិតដូចជា៖ ហិរញ្ញវត្ថុ ចំណង់ចំណូលចិត្ត អត្តចរិត ចំណេះដឹង ស្ថានភាព ឬប្រវត្តិគ្រួសារជាដើម។ ជឿជាក់ថាចំនុចទាំងនេះពិតជានាំអ្នកឆ្ពោះទៅរកមនុស្សដ៏សក្ដិសមបំផុតសម្រាប់ខ្លួន។
៣. កត់ត្រាចំនុចអាក្រក់ៗ
ចំនុចអាក្រក់ពិតជាប៉ះពាល់យ៉ាងខ្លាំងក្នុងទំនាក់ទំនងស្នេហានៅពេលអ្នកទាំងពីរក្លាយជាគូស្នេហ៍ផ្លូវការ។ ប្រៀបធៀបចំនុចអាក្រក់ៗរបស់ពួកគាត់ទាំងពីរដូចជា៖ នរណាមិនសូវមានចិត្តតស៊ូ ឆាប់ខឹងច្រឡោតជាង មិនសូវមានមហិច្ឆតាក្នុងជីវិត ពូកែរករឿងឈ្លោះច្រើន ឬក៏ចង់គ្រប់គ្រងអ្នកខ្លាំងជាងជាដើម។
៤. អារម្មណ៍របស់អ្នកផ្ទាល់ចំពោះពួកគាត់ម្នាក់ៗ
រវាងពួកគាត់ទាំងពីរ នៅក្បែរម្នាក់ណា ធ្វើឲ្យអារម្មណ៍អ្នករីករាយ មានភាពកក់ក្ដៅជាង? ចុះតើម្នាក់ណាដែលអ្នកគិតថា ស្រឡាញ់អ្នកខ្លាំងជាង ព្រួយបារម្ភពីសុខទុក្ខអ្នកជាង និងធ្វើឲ្យអ្នកសប្បាយចិត្តជាង?
៥. របៀបដោះស្រាយបញ្ហាក្នុងជីវិតរបស់ពួកគាត់
នៅពេលដែលបញ្ហាបន្ទាន់ៗ ឬភាពឡើងចុះនៃជីវិតកើតឡើងញឹកញាប់ តើពួកគាត់ដោះស្រាយដោយវិធីណា? ចុះទង្វើ ឬទំនាក់ទំនងរបស់ពួកគាត់ចំពោះមនុស្សជុំវិញខ្លួន ល្អគ្រប់គ្រាន់អាចទទួលយកបានដែរឬទេ? តើម្នាក់ណាដែលងាយនឹងទទួលស្គាល់កំហុសខ្លួនឯងជាង?
៦. ប្រសិនអ្នកមានម្នាក់ ហើយគ្មានម្នាក់ទៀត ស្រមៃថាតើអ្នកនឹងទៅជាយ៉ាងណា!
យូរនឹងឆាប់វាគង់តែកើតឡើង ដូច្នេះអ្នកត្រូវរៀនស្រមៃឲ្យហើយ។ រវាងពួកគាត់ទាំងពីរ តើអវត្តមានរបស់ម្នាក់ណា ដែលធ្វើឲ្យបេះដូងអ្នកឈឺចាប់ ខ្លោចផ្សាជាង? តើម្នាក់ណា ដែលអ្នកតែងស្រមៃឃើញរឿងអនាគតជាមួយគាត់រហូត? អ្នកត្រូវរកឲ្យឃើញមនុស្សដែលអ្នកខ្លួនឯងស្រឡាញ់ខ្លាំងជាង។
៧. សុំយោបល់ពីក្រុមគ្រួសារ និងមិត្តភក្ដិ
ដោយសារតែភាពច្របូកច្របល់នៅពេញខួរក្បាល ដូច្នេះអ្នកមិនអាចស្វែងរកការសម្រេចចិត្តដ៏ហ្មត់ចត់មួយបានឡើយ។ សុំយោបល់ពីក្រុមគ្រួសារ និងមិត្តភក្ដិ ពិតជារឿងដ៏ប្រពៃ ព្រោះមនុស្សទាំងនោះ ប្រាកដជាដឹងថាម្នាក់ណាដែលសក្ដិសមជាមួយអ្នកជាង។
៨. ជ្រើសរើសម្នាក់ដែលអ្នកអាចផ្ញើជីវិតបាន
អ្នកត្រូវមានគោលដៅច្បាស់លាស់អំពីគម្រោងហិរញ្ញវត្ថុសម្រាប់ជីវិតខ្លួនឯង។ តើម្នាក់ណាដែលអាចឲ្យអ្នករស់នៅស្រណុកស្រួល មានអនាគតភ្លឺស្វាងជាង? តើជីវិតបែបណាដែលល្អសម្រាប់អ្នក? រឿងសេដ្ឋកិច្ចគឺជារឿងសំខាន់ អ្នកមិនអាចសម្រេចចិត្តបែបលំៗបានទេ ៕
ចុចអាន៖
ឃាតកដ៏ស្ងប់ស្ងាត់ ៥យ៉ាងដែលបានសម្លាប់ស្នេហាអ្នកដោយមិនដឹងខ្លួន
ស្រលាញ់គ្នាសម័យទំនើបហើយ ស្រីៗកុំប្រកាន់ខ្ជាប់គំនិតហួសសម័យទាំងនេះទៀតអី