ឃាតកដ៏ស្ងប់ស្ងាត់ ៥យ៉ាងដែលបានសម្លាប់ស្នេហាអ្នកដោយមិនដឹងខ្លួន
- 2018-04-02 04:37:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃាតកដ៏ស្ងប់ស្ងាត់ ៥យ៉ាងដែលបានសម្លាប់ស្នេហាអ្នកដោយមិនដឹងខ្លួន
មានរឿងខ្លះអ្នកមិនបានគិតថាវាជាបញ្ហាចោទសម្រាប់ស្នេហាអ្នកទេ តែវាបានសម្ងំបំផ្លាញក្ដីស្រឡាញ់អ្នកពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។ អ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ គឺពនិត្យមើលថាតើមានចំណុចខាងក្រោមនេះទេព្រោះវាគឺជាឃាតកដែលបានសម្លាប់សេ្នហាអ្នកយ៉ាងស្ងៀមស្ងាត់បំផុត ៖
១. ការប្រចណ្ឌហួងហែងជ្រុល
ក្នុងទំនាក់ទំនងស្នេហាការប្រចណ្ឌគឺចៀសមិនផុតទេ ប៉ុន្តែបើវាមានជ្រុលរហូតធ្វើឲ្យម្នាក់ៗមានសម្ពាធនោះ មិនយូរទេស្នេហានោះនឹងរលាយបន្តិចម្ដងៗ។ ការហួងហែងនឹងធ្វើឲ្យម្នាក់ៗមានអារម្មណ៍ធុញទ្រាន់ មួរម៉ៅ ឬគិតថាគេមិនទុកចិត្តលើយើងជាដើម ដែលជាហេតុធ្វើឲ្យអស់អារម្មណ៍ស្រឡាញ់ អារម្មណ៍ល្អជាមួយគ្នា។
**២. តោងគ្នាស្អិតពេក**
ស្រឡាញ់គ្នាមិនមែនមានន័យថាគ្រប់ពេលត្រូវនៅជាមួយគ្នានោះទេ ម្នាក់ៗសុទ្ធតែមានការងារ ពេលវេលាផ្ទាល់ខ្លួន ដូច្នេះគឺត្រូវការសេរីភាព។ ម្យ៉ាងទៀតការនៅជាមួយគ្នាជាប់រាល់ថ្ងៃពេកអាចធ្វើឲ្យម្នាក់ៗមានអារម្មណ៍ធុញទ្រាន់ និងឈ្លោះគ្នាកាន់តែច្រើន តែបើមិនសូវបានជួបគ្នាគឺមិនងាយធុញទេ គឺមានតែស្រឡាញ់ថែម។
៣. ស្ងប់ស្ងាត់រៀងខ្លួន
ភាពស្ងប់ស្ងាត់អាចធ្វើឲ្យស្នេហាកាន់តែឃ្លាតឆ្ងាយគ្នា សោះកក្រោះនឹងគ្នា ហើយក៏កាន់តែផ្ដាច់ខ្លួនចេញរៀងខ្លួនដែរ។ ទោះមិនសូវបានជួបគ្នាក៏ដោយក៏មិនគួរស្ងប់ស្ងាត់ជាមួយគ្នាពេកដែរ ព្រោះវាអាចឲ្យម្នាក់ៗមានអារម្មណ៍ថាមានគ្នាក៏ដូចគ្មានគ្នា។
៤. ចង់ឈ្នះរៀងខ្លួន
ស្នេហាមិនមែនជាការចាញ់ឈ្នះគ្នាឡើយ ហេតុអីបានម្នាក់ៗចង់ខ្លាំងរៀងខ្លួន? ហេតុអីចង់ឲ្យម្នាក់ទៀតចាញ់ខ្លួន? បើអ្នកទាំងពីរប្រកាន់ចរិតបែបនេះដាក់គ្នា មិនយូរទេទំនាក់ទំនងអ្នកនឹងប្រេះស្រាំ។ ការយោគយល់ អធ្យាស្រ័យគ្នាទើបជាអ្វីដែលអ្នកត្រូវមាន មិនមែនតាំងខ្លួនខ្លាំង ខ្លាចខ្លួនអន់នោះទេ។
៥. មិនដោះស្រាយគ្នាពេលមានបញ្ហា
នេះមិនមែនជាទម្លាប់ល្អឡើយ ព្រោះបើចេះតែដើរចេញ មិនខ្វល់ពេលឈ្លោះគ្នា ពេលមានបញ្ហានោះអាចធ្វើឲ្យស្នេហាលែងរឹងមាំ និងគ្មានអីពិសេសទៀត។ ការគេចមុខចេញ មិនព្រមជួបគ្នា មិនព្រមនិយាយគ្នាពីអ្វីដែលខ្លួនកំពុងជួបនឹងធ្វើឲ្យម្នាក់ៗលែងយល់ពីគ្នា លែងដឹងថាខ្លួនកំពុងខ្វះខាតអ្វី ខុសអ្វី។ បែបនេះហើយបើមានរឿងអីអ្នកត្រូវនិយាយគ្នា ពិភាក្សាគ្នាមិនមែនដើរចេញរៀងខ្លួននោះទេ៕
ចុចអាន៖ស្រឡាញ់គ្នារាប់ឆ្នាំ មកបែកគ្នាត្រឹមមួយថ្ងៃ អ្នកគួរចំណាយពេលអានអត្ថបទនេះ