កុំឲ្យមានវិប្បដិសារី ៨សំនួរនេះគួរសួរទៅខ្លួនឯងមុនសម្រេចចិត្តលែងលះគ្នា
- 2018-03-30 09:14:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យមានវិប្បដិសារី ៨សំនួរនេះគួរសួរទៅខ្លួនឯងមុនសម្រេចចិត្តលែងលះគ្នា
រៀបការម្តងៗត្រូវចំណាយលុយកាក់ច្រើនណាស់ អញ្ជើញភ្ញៀវទាំងទីជិតឆ្ងាយមកចូលរួមជាសាក្សីយ៉ាងច្រើនកុះករ និងសន្យាហើយថានឹងស្រលាញ់គ្នារហូត ហេតុដូច្នេះមុននឹងប្ដូរនូវចំណងអាពាហ៍ពិពាហ៍មួយនេះ ទៅជាការជួបគ្នានៅមុខតុលាការវិញ អ្នកគួរសម្រេចចិត្តឲ្យបានល្អិតល្អន់បំផុត បើគិតអ្វីមិនចេញទេ អ្នកគួររកដំណោះស្រាយហើយសួរខ្លួនឯងនូវសំណួរទាំង ៨ នេះ៖
១. តើអ្នកបាននិយាយទៅកាន់ភាគីម្ខាងទៀតឲ្យបានច្បាស់លាស់ហើយឬនៅ?
ពេលខ្លះអ្នកចង់ឲ្យគាត់ដឹងចិត្តតែមិននិយាយចេញមក ឬខំធ្វើបញ្ឆិតបញ្ឆៀងដើម្បីឲ្យគាត់ដឹង ធ្វើបែបនេះគឺមិនបានផលទេ គ្មាននរណាអាចទាយចិត្តអ្នកបាន ១០០%នោះទេ បើមិននិយាយឲ្យចំៗថាអ្នកចង់បានអ្វីនោះ។
២. ក្នុងនាមជាប្តីប្រពន្ធនឹងគ្នា តើអ្នកបានបែងចែកតួនាទីគ្នាត្រឹមត្រូវហើយឬនៅ?
ចំណុចនេះសូមលើកជាឧទាហរណ៍ថា បើប្តីចង់កាន់លុយ ប៉ុន្តែប្រពន្ធមិនព្រម នេះក៏អាចជាហេតុបង្កជម្លោះឲ្យគ្នាដែរ ព្រោះអ្នកមិនបានគោរពនូវតួនាទីនិងទំនួលខុសត្រូវឲ្យបានល្អ។
៣. តើអ្នកមានបានរកមធ្យោបាយណាដើម្បីកុំឲ្យលែងគ្នាទេ?
ត្រូវគិតថាបញ្ហាតែងតែមានដំណោះស្រាយ យ៉ាងហោចណាស់អ្នកអាចអង្គុយរកនឹកវិធីណាមួយដែលមានផ្លូវអាចឲ្យត្រូវគ្នាវិញបាន។
៤. អ្នកប្រាកដហើយឬ ថាអាចសប្បាយចិត្តបានពេលដែលគ្មានដៃគូ?
អ្នកអាចបោកប្រាស់អ្នកដទៃបាន ប៉ុន្តែមិនអាចកុហកខ្លួនឯងបានទេ ពេលខ្លះអ្នកគិតថាអ្នកមិនអាចទ្រាំទ្រនូវភាពមិនចុះសម្រុងជាមួយដៃគូបាន ទើបគិតចង់តែលែងលះ តែត្រូវចាំថាការលែងលះមិនមែនជាដំណោះស្រាយល្អរហូតនោះទេ។
៥. សួរខ្លួនឯងទៅមើលថានៅមានចិត្តលើគ្នាខ្លះអត់?
ទោះបីជាចម្លើយថានៅតែស្រលាញ់ក៏ដោយ វាពិបាកនឹងទាញចិត្តអ្នកមកវិញណាស់ ព្រោះកំហឹងវាបានផ្ទុះឡើងដក់ក្នុងចិត្តអ្នកបាត់ទៅហើយ។ យ៉ាងណាក៏ដោយ កំហឹងនោះអាចកើតមកពីការស្រលាញ់ ឬការប្រច័ណ្ឌ អីចឹងសរុបមកអ្នកនៅតែមានចិត្តស្រលាញ់គ្នានៅឡើយទេ។
៦. តើអ្វីដែលអ្នកខ្លាចបំផុតបន្ទាប់ពីលែងលះរួច?
អ្នកខ្លះខ្លាចណាស់ជីវិតដែលត្រូវរស់នៅម្នាក់ឯងសាជាថ្មី ហើយលែងបាននៅកៀកកើយជាមួយមនុស្សដែលខ្លួនស្រលាញ់តទៅទៀត ដូច្នេះកុំឲ្យដោយសារតែចិត្តមានះចង់ឈ្នះរៀងខ្លួនយកការលែងគ្នាធ្វើជាដំណោះស្រាយអី។
៧. តើកូនៗអ្នកគេនឹងមានអារម្មណ៍បែបណា?
គ្មានកូនៗណាចង់ឲ្យប៉ាម៉ាក់គេបែកបាក់គ្នានោះទេ អ្នកអាចគិតថា អ្នកឆ្អែតឆ្អន់ហើយក្នុងជីវិតអាពាហ៍ពិពាហ៍ ចុះអ្នកបានគិតពីអារម្មណ៍កូនៗខ្លះទេ អ្នកអាចនឹងធ្វើឲ្យពួកគេខូចចិត្ត និងតូចចិត្តពេលដែលឃើញគ្រួសារដទៃរស់នៅយ៉ាងមានក្តីសុខ។
៨. តើអ្នកអាចទៅរូចទេ ត្រូវរ៉ាប់រងរឿងគ្រប់មុខនៅក្នុងគ្រួសារតែម្នាក់ឯង?
វាមិនមែនជារឿងងាយស្រួលទេពេលអ្នកត្រូវគ្រប់គ្រង ទទួលខុសត្រូវគ្រប់ភារកិច្ចទាំងអស់ដែលធ្លាប់តែចែករំលែកគ្នាធ្វើពីនាក់ប្តីប្រពន្ធកន្លងមក ដូចជាធ្វើការងារផ្ទះ បង់ថ្លៃសាលា ឬមួយជូនកូនទៅរៀន ឬក៏ជួយរកស៊ីក្តី ទាំងអស់នេះសុទ្ធសឹងតែជារូបភាពក្នុងការជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក។
ពេលអានរួច អ្នកអាចគិតថាទោះយ៉ាងណាក៏ដោយ អ្នកត្រូវតែលែងលះឲ្យដាច់ស្រេច មិនអាចនៅទ្រាំទ្រលំបាកទៀតទេ ខ្ញុំក៏មិនអាចហាមឃាត់បានដែរ ប៉ុន្តែក្នុងករណីបើអ្នកគ្មានរឿងអ្វីធំដុំពេកនោះទេ ហើយចង់ចាប់ផ្តើមរស់នៅជាមួយគ្នាបន្តទៅទៀត អ្នកអាចសាកយកវិធីខាងលើទៅអនុវត្តបាន ៕
ចុចអាន៖
មនុស្សប្រុសមានសញ្ញាទាំងនេះហើយ បញ្ជាក់ថា ចង់ពន្យារពេលរៀបការគ្មានដែនកំណត់
គេចាកចេញក៏ល្អ! នេះជាហេតុផលដែលត្រូវអរគុណ ពេលគេដើរចេញពីអ្នក