ទៅណាក៏មានញាតិ! គន្លឹះរស់នៅឆាប់ចុះសម្រុង និងសប្បាយចិត្តជាមួយអ្នកដទៃ
- 2018-03-29 08:24:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅណាក៏មានញាតិ! គន្លឹះរស់នៅឆាប់ចុះសម្រុង និងសប្បាយចិត្តជាមួយអ្នកដទៃ
ការរស់នៅឲ្យចុះសម្រុងជាមួយមនុស្សជុំវិញខ្លួនគឺជារឿងសំខាន់ណាស់ ព្រោះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងចាំបាច់ត្រូវមានទំនាក់ទំនងជាមួយមនុស្សច្រើនប្រភេទ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលអាចអនុវត្តបានច្រើននូវចំណុចខាងក្រោមនេះ ប្រាកដជាមិនសូវមានបញ្ហា ទាស់ទែងជាមួយអ្នកដទៃ ហើយថែមទាំងមានគេស្រឡាញ់រាប់អានច្រើនទៀត។
១. មើលឃើញចំណុចល្អពិតរបស់គេ ហើយនិយាយសរសើរគេពេលមានឱកាស។
២. មើលឃើញចំណុចអាក្រក់ពិតរបស់គេ ហើយចាំប្រុងប្រយ័ត្ន កុំប្រមាថ។
៣. កុំនិយាយអាក្រក់ពីគេ ពេលគេមិននៅ។
៤. កុំបង្រៀនគេនូវអ្វីដែលខ្លួនមិនចេះ។ ត្រូវណែនាំនៅពេលគេត្រូវការ មិនមែននៅពេលយើងចង់និយាយនោះទេ។
៥. មានចិត្តជួយយកអាសារអ្នកដទៃ នូវអ្វីដែលខ្លួនអាចជួយបាននិងត្រូវកាលៈទេសៈ។
៦. កុំសរសើរខ្លាំងពេក កុំបង្អាប់ខ្លាំងពេក។ ពាក្យឥតប្រយោជន៍ ហើយធ្វើឲ្យខូចអារម្មណ៍អ្នកដទៃ គួរកុំនិយាយ។
៧. ធ្វើចិត្តជាកណ្ដាល កុំក្អេងក្អាងពេលមានគេសរសើរ កុំឱនទ្រោមពេលត្រូវគេជេរស្ដី។
៨. បើកចិត្តស្ដាប់សម្ដីអ្នកដទៃ ចេះសង្រួមឥរិយាបថ។
៩. គោរពភាពចាស់ទុំ គោរពភាពចេះដឹង និងគោរពអំពើល្អរបស់គេ។ គោរពអ្វីដែលគេគោរព និងគោរពអ្នកមានគុណរបស់គេ។
១០. ធ្វើជាខ្លួនឯង មិនបត់បែនតាមគេរហូតលែងមានជំហរខ្លួនឯង។
១១. ពេលធ្វើខុសត្រូវសុំទោស នៅពេលខឹងត្រូវនៅស្ងៀម។
១២. ធ្វើល្អជាមួយគេ ប៉ុន្តែកុំរំពឹងផលតបស្នង។ កុំទាមទារគុណបុណ្យ កុំអាងខ្លួនជាសាច់ញាតិ កុំអាងខ្នងបង្អែក។
១៣. យកចិត្តគេមកដាក់ក្នុងចិត្តខ្លួន ចេះមេត្តា អភ័យទោសអ្នករាល់គ្នាដែលធ្វើខុសដោយអចេតនា។
១៤. មិនទុកចិត្តគេខ្លាំងពេក មិនព្រួយបារម្ភហួសហេតុ កុំអភ័យទោសឲ្យនរណាម្នាក់លើសពី៣ដង កុំនៅក្បែរមនុស្សអាក្រក់ ហើយក៏កុំចាក់អ្នកដទៃពីក្រោយខ្នងវិញដូចគ្នា។
១៥. យើងត្រូវការផលប្រយោជន៍ គេក៏ត្រូវការផលប្រយោជន៍ ដូច្នេះធ្វើអ្វីៗត្រូវចេះថ្លឹងថ្លែង។
១៦. ចេះឲ្យសិន សឹមធ្វើអ្នកទទួល។ កុំចេះតែទទួលពីគេតែម្យ៉ាង។
១៧. រៀនសូត្រពីគេ តែកុំធ្វើតាមគេ។ កុំរស់នៅក្រោមស្រមោលរបស់អ្នកដទៃ ព្រោះមនុស្សគ្រប់គ្នាអាចអស្ចារ្យបានតាមរបៀបរបបរបស់ខ្លួនឯង ៕
ចុចអាន៖
ភាពខុសគ្នាដ៏សាហាវ រវាងកាលទើបចូលធ្វើការដំបូង និងចូលបានយូរឆ្នាំ
បើកំពុងស្ត្រេសច្រើន និងកើតទុក្ខច្រើន សូមព្យាបាលខ្លួនឯងដោយថ្នាំ ៥គ្រាប់នេះ
Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N