ភាព​ខុស​គ្នា​ដ៏​សាហាវ រវាង​កាល​ទើប​ចូល​ធ្វើ​ការ​ដំបូង និង​ចូល​បាន​យូរ​ឆ្នាំ

  • 2018-03-22 03:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារ​ពេល​ខ្លះ​ប្រៀប​ដូច​ជា​សង្សារ​ដែរ ដែល​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​យើង។ ធ្វើ​អ្វី នៅឯណា​ក៏​តែង​នឹក​ដល់​ជា​និច្ច។ ហើយ​ពេល​ខ្លះ សំពាធ​ពី​ការងារ​ក៏​ធ្វើ​ឲ្យ​យើង​ចង់​សម្រាក​មួយ​រយៈ។ កត្តា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ការងារ​ប្រៀប​ដូច​សង្សារ​នោះ​គឺ ពេល​ចូល​ធ្វើ​ការ​ដំបូង យើង​តែង​រៀប​ឫក​ឲ្យ​ល្អ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច​កាល​ស្រលាញ់​គ្នា​ដំបូង​ដែរ តែ​យូរ​បន្តិច យើង​ចាប់​ផ្ដើម​បណ្ដោយ​ខ្លួន​ទៅ​តាម​ពេល​វេលា។ ខាង​ក្រោម​នេះ​គឺ​ជា​ភាព​ខុស​គ្នា​រវាង ពេល​ទើប​ចូល​ធ្វើ​ការ និង​ធ្វើ​បាន​យូរ។

១. ពេល​ចូល​ដំបូង សឹង​តែ​រាល់​ថ្ងៃ​ទៅ​ហើយ​ដែល​យើង​ជា​អ្នក​មក​ដល់​ការិយាល័យ​មុន​គេ ពេល​ខ្លះ​មក​មុន​កន្លះ​ម៉ោង​ក៏​មាន។ យូរ​ៗ​ទៅ ដល់​ម៉ោង​បាន​មក​ដល់ ឬ​មក​យឺត​ក៏​មាន។

២. ពេល​ទើប​ចូល​ធ្វើ​ការ អ្នក​ណា​ក៏​ស្ញប់ស្ញែង​មេ​ខ្លួន​ឯង រំពឹង​ថា​ថ្ងៃ​ណាមួយ​ខ្លួន​នឹង​បាន​ដូច​គាត់​ដែរ។ តែ​ក្រោយ​ពេល​ប៉ះ​ទង្គិច​គ្នា មនោសញ្ចេតនា​នេះ​មិន​ដូច​ដើម​ឡើយ។ យូរ​ៗ​ទៅ​មាន​តែ​ជុំ​គ្នា ញ៉ាំ​ត្រាវ និយាយ​ដើម​មេ ដាក់​រហស្សនាម​ឲ្យ​អាក្រក់ៗ​ដែល​មាន​តែ​គ្នា​ខ្លួន​ឯង​ដឹង។

៣. កាល​ពី​យូរ​លង់​មក​ហើយ នៅ​ពេល​ដែល​យើង​នៅ​មិន​ទាន់​ដឹង​ក្ដី​នៅ​ឡើយ ធ្លាប់​គិត​ថា ធ្វើ​ការ​ងារ​គឺ​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន ជួយ​សង្គម ជួយ​អ្នក​ទាំង​អស់​គ្នា តែ​ពេល​នេះ កត្តា​ដែល​ធំ​បំផុត​នោះ​គឺ ធ្វើ​ដើម្បី​លុយ​នេះ​ឯង។

៤. ដើម្បី​ចង់​ឲ្យ​មិត្ត​រួម​ការងារ​មើល​មក​ឃើញ​ស្អាត ថ្ងៃ​ណា​ក៏​ខំ​ឡើង​ទាំង​ព្រលឹម ស្លៀក​ពាក់​ស្អាត​បាត​សមរម្យ។ ដល់​ពេល​យូរ​ទៅ បើ​មិន​មាន​ប្រជុំ​អ្វី​សំខាន់​ទេ ឲ្យ​តែ​ខោអាវ​ណា​ស្លៀក​ទៅ​ស្រណុក​ខ្លួន គឺ​ស្លៀក​ទាំង​អស់។

៥. ពេល​ចូល​ដំបូង ដោយ​សារ​តែ​អៀន​ប្រៀន​ផង ក្រែង​ចិត្ត​ផង មិន​ដែល​ហ៊ាន​ញ៉ាំ​អី​ម៉ោង​ធ្វើ​ការ​ទេ តែ​មក​ដល់​ឥលូវ ញ៉ាំ​ចាញ់​គេ​ហែក​មាត់​ចោល។

៦. ខ្លាច​មេ​វាយ​តម្លៃ ថា​មិន​ដឹង​​ម៉ោង​ការងារ​ម៉ោង​ឯកជន ដូច​នេះ​មិន​ដែល​ហ៊ាន​​លេង​អី​ទេ​ពេល​ធ្វើ​ការ តែ​ឥលូវ​វិញ ដៃ​ធ្វើ​ការ ភ្នែក​មើល​រឿង ត្រចៀក​ស្ដាប់​ចម្រៀង។

៧. កាល​ទើប​តែ​ចូល គិត​ថា​ការិយាល័យ​ជា​កន្លែង​ការងារ ដូច​នេះ​មិន​ហ៊ាន​ចេញ​ចរិត​ពិត​ទេ ខំ​លាក់​គេ ដល់​ពេល​ស្និទ្ធិ​ហើយ ទើប​ដឹង​ថា​ការ​ពិត​ចរិត​របស់​អ្នក​និមួយ​ៗ មិន​ដូច​កាល​ជួប​ដំបូង​ឡើយ។

៨. ចំណុច​បញ្ចប់​នោះ​គឺ ពេល​ទើប​ចូល​ដំបូង ដោយ​សារ​តែ​មិន​ទាន់​ដឹង​សាច់​ការ​ច្រើន ក៏​ស្មាន​ថា​អ្នក​នោះ​ល្អ អ្នក​នោះ​អាក្រក់ តែ​ដល់​ពេល​នៅ​យូរ​ទៅ ពេល​ដែល​ដឹង​ច្បាស់​ហើយ ទើប​ភ្ញាក់​ខ្លួន​ថា អ្វី​ដែល​ខ្លួន​ស្មាន​ពី​មុន​គឺ​ខុស​ទាំង​អស់៕

ចុចអាន៖

Sabay ត្រូវការរើសបុគ្គលិកច្រើនផ្នែក។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ sabayjobs

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម