រឿងថ្នាំផ្សះ ប្រើមិនស្រួលធ្ងន់កថែម ពិសេសអ្នកមានផ្ទៃពោះ
- 2018-02-20 07:40:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្នាំផ្សះ ប្រើមិនស្រួលធ្ងន់កថែម ពិសេសអ្នកមានផ្ទៃពោះ
ថ្នាំអង់ទីប៊ីយ៉ូទីក ឬជាទូទៅគេហៅថា "ថ្នាំផ្សះ" នោះ ត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅកម្ពុជា និងពិភពលោក។ ដោយឡែកប្រជាជនកម្ពុជាឯណេះវិញ នៅមានកម្រិតយល់តិចតួចមែនទែនលើការប្រើថ្នាំផ្សះនេះ ខណៈដែលអ្នកខ្លះប្រើដោយគ្មានវេជ្ជបញ្ជា ប្រើមិនត្រឹមត្រូវ ប្រើលើសកម្រិត និងមិនបានដឹងពីផលវិបាករបស់វា។
បញ្ហាសំខាន់ជាងគេដែលអាចនាំឲ្យមានគ្រោះថ្នាក់ទៀតនោះ គឺការប្រើថ្នាំផ្សះអំឡុងពេលមានផ្ទៃពោះតែម្ដង។
គ្រោះថ្នាក់អីខ្លះ បើប្រើថ្នាំផ្សះពេលមានផ្ទៃពោះ?
ថ្នាំផ្សះ ប្រយុទ្ធប្រឆាំងនឹងមេរោគដែលបង្កជំងឺក៏ពិតមែន តែវាក៏អាចសម្លាប់បាក់តេរីខ្លះដែលផ្ដល់ប្រយោជន៍ដល់រាងកាយផងដែរ ហើយចំពោះអ្នកមានផ្ទៃពោះ ថ្នាំផ្សះមួយចំនួនដែលមានធាតុផ្សំសកម្ម streptomycin និង kanamycin (បណ្ដាលឲ្យទារកបាត់បង់ការស្ដាប់) និង kanamycin (បណ្ដាលឲ្យទារកចុះខ្សោយ លូតលាស់យឺត និងមានការប្រែពណ៌ឆ្អឹង និងធ្មេញ) អាចផ្ដល់ផលប៉ះពាល់ ដូចជា ធ្វើឲ្យទារកកើតលឿង ខូចខាតដល់ឆ្អឹងខ្ចីរបស់ទារក ប៉ះពាល់ការលូតលាស់របស់គភ៌ និងការប្រែពណ៌ធ្មេញរបស់គភ៌ ជាដើម។
បើជៀសមិនផុត ត្រូវប្រើថ្នាំផ្សះម៉េចវិញទើបសុវត្ថិភាព?
ស្ត្រីមានផ្ទៃពោះ មិនអាចជៀសផុតពីការប្រើថ្នាំផ្សះ ដើម្បីប្រឆាំងនឹងការឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះបានឡើយ។ ការឆ្លងមេរោគជាញឹកញាប់មួយចំនួនអំឡុងពេលមានផ្ទៃពោះដែលតម្រូវឱ្យមានការព្យាបាលដោយថ្នាំផ្សះ មាន ការឆ្លងមេរោគលើផ្លូវទឹកនោម ប្លោកនោម ទ្វារមាស និងជំងឺរលាកខ្នែងពោះវៀន។
ទោះបីថ្នាំផ្សះមួយចំនួនត្រូវគេចាត់ថាមានសុវត្ថិភាពសម្រាប់ប្រើប្រាស់អំឡុងពេលមានផ្ទៃពោះក៏ដោយ ក៏ថ្នាំទាំងនោះមិនអាចប្រើបានដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យនោះឡើយ ដោយសារតែកម្រិត និងរបៀបប្រើអាចមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តតាមនេះ៖
បើអ្នកកើតជំងឺឆ្លងណាមួយ ហើយគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំផ្សះ សូមពិគ្រោះជាមួយគ្រូពេទ្យពីហានិភ័យដែលបណ្ដាលមកពីការប្រើថ្នាំទាំងនោះ។ ទោះបីយ៉ាងណាក៏ដោយ ការទទួលបានការថែទាំល្អមុនពេលសម្រាល អំឡុងពេលមានផ្ទៃពោះ និងបន្ទាប់ពីសម្រាលកូនរួច អាចជួយឱ្យកូនលូតលាស់ ធំធាត់ និងមានសុខភាពល្អទាំងមាតា និងទារក៕