ចំណាំ​មើល​ទៅ មនុស្ស​ស្រី​​ឆ្លាត​ហើយ​ពូកែ​​ត្រូវ​តែ​មាន​ ៥​ចំណុច​នេះ​ដូច​ៗ​គ្នា

  • 2018-02-25 05:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នេះ មនុស្ស​ស្រី​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​អ្នក​ដឹកនាំ​កាន់​តែ​ច្រើន​មិន​ថា​​ក្នុង​វិស័យ​នយោបាយ វិស័យ​ជំនួញ ឬ​វិទ្យាសាស្ត្រ ខណៈ​មាន​ការ​ផ្ដល់​ឱកាស និង​សិទ្ធិ​សេរីភាព​កាន់​តែ​ច្រើន​ដល់​ពួក​គេ។ មនុស្ស​ស្រី​ដែល​មាន​ភាព​ពូកែ​បែប​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​បុគ្គលិក​លក្ខណៈ​ជា​​រួម​ចំនួន ៥ ដូច​ខាង​ក្រោម ៖

រូបតំណាង

**១. អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឯង​ជានិច្ច**

ខណៈ​ពិភពលោក​ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង មនុស្ស​ស្រី​ក៏​មិន​អាច​បណ្ដោយ​ឲ្យ​ពេល​វេលា​កន្លង​ផុត​ទៅ​ទទេ​ៗ​ដែរ។ ការ​ដែល​អាច​ជោគជ័យ​បាន​គឺ​ត្រូវ​​ប្រើ​ពេល​វេលា និង​ភាព​មោះមុត ហើយ​មនុស្ស​ស្រី​ដែល​ទទួល​បាន​ជោគជ័យ​គឺ​ត្រូវ​មាន​ទាំង​ព្រម​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត ក្នុង​ការ​អភិវឌ្ឍ​ទស្សនៈ និង​សមត្ថភាព​​ខ្លួន​ឯង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​អាច​ជឿជាក់​ថា​អ្វី​ដែល​នាង​មាន​គឺ​ជា​អ្វី​ដែល​ចាំបាច់ និង​មិន​អាច​មាន​អ្វី​មក​ជំនួស​បាន។

២. ពូកែ​​រឿង​លុយ​កាក់

អ្នក​ណា​ទៅ​ដែល​មិន​ស្រឡាញ់​មនុស្ស​ស្រី​វៃ​ឆ្លាត? មនុស្ស​ស្រី​ដែល​ជោគជ័យ​ភាគ​ច្រើន​គឺ​មាន​សមត្ថភាព​​​គ្រប់គ្រង​​ចាត់ការ​រឿង​លុយ​កាក់​បាន​យ៉ាង​ល្អ។ បញ្ហា​លុយ​កាក់​គឺ​ជា​បញ្ហា​ដែល​មនុស្ស​ស្រី​រឹង​មាំ​ចាត់​ទុក​ជា​អាទិភាព ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គេ​អាច​គ្រប់គ្រង​ជីវិត​ផ្ទាល់​ខ្លួន​បាន តាម​រយៈ​ការ​ស្វែង​រក ការ​សន្សំ ការ​បណ្ដាក់​ទុន និង​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​មាន​របៀប។

៣. គិត​គ្រួសារ​មុន​ជានិច្ច

គ្រួសារ​មាន​នាទី​សំខាន់​ណាស់​សម្រាប់​ភាព​ជោគជ័យ​របស់​មនុស្ស​ស្រី។ មនុស្ស​ស្រីដែល​ទទួល​បាន​ជោគជ័យ​ភាគ​ច្រើន​មាន​គ្រួសារ​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត បើ​ទោះ​បី​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ប៉ុន្តែ​ពួក​នាង​នឹង​បែងចែក​ពេល​វេលា​ឲ្យ​គ្រួសារ។ សម្រាប់​មនុស្ស​ស្រី ជោគជ័យ​​ដែល​កើត​ឡើង​ចំពោះ​នាង​ក៏​ចាត់​ទុក​ថា​ជា​ជោគជ័យ​របស់​គ្រួសារ​ដូច​គ្នា ហើយ​ភាព​ជោគជ័យ​ដែល​នាង​បាន​មក​ទាំង​អស់​នឹង​ប្រែ​ជា​គ្មាន​ន័យ​ ប្រសិន​បើ​នាង​មិន​បាន​ចែករំលែក​វា​ជាមួយ​មនុស្ស​ដែល​នាង​ស្រឡាញ់។

៤. អ្វី​ដែល​ពួក​នាង​មាន​គឺ​ភាព​ជឿជាក់ និង​មិន​ចុះ​ចាញ់

ការ​មាន​ភាព​ជឿជាក់ និង​អំណត់​តស៊ូ​គឺ​ជា​គុណសម្បត្តិ​សំខាន់​សម្រាប់​មនុស្ស​ស្រី​ដែល​ទទួល​បាន​ភាព​ជោគជ័យ។ សព្វ​ថ្ងៃ​នេះ​មនុស្ស​ស្រី​នៅ​តែ​​ត្រូវ​បាន​គេ​មើល​រំលង​​ក្នុង​វិស័យ​ជា​ច្រើន ជា​ពិសេស​​នៅ​កន្លែង​ធ្វើ​ការ ដូច្នេះ​ហើយ​មិន​ថា​អ្នក​ដទៃ​គិត​បែប​ណា តែ​នាង​នឹង​ដឹង​ពី​តម្លៃ​នៃ​សមត្ថភាព​ដែល​ខ្លួន​មាន និង​មិន​ព្រម​ឲ្យ​អ្នក​ណា​មក​បន្ទាប​តម្លៃ​របស់​នាង​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​នឹង​ប្រើ​ឱកាស​នេះ​ជា​ការ​ក្រើន​រំឭក​ និង​ជំរុញ​ខ្លួន​ឯង​ឲ្យ​ខំ​ប្រឹង​ដើម្បី​ជោគជ័យ។

រូបតំណាង

៥. ពួក​នាង​មិន​ខ្លាច​នឹង​ដើរ​ចេញ​ពី​កន្លែង​សុខ​ស្រួល (Comfort Zone)

មនុស្ស​ស្រី​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ចូលចិត្ត​ទទួល​យក​ស្ថានភាព​ដែល​មាន​ភាព​ប្រថុយប្រថាន។ បើ​មាន​ឱកាស​អ្វី​ដែល​អាច​ឲ្យ​នាង​សាក​ល្បង​អ្វី​ថ្មី​ៗ នាង​នឹង​ស្ម័គ្រ​ចិត្ត​មុន​គេ​ជានិច្ច ហើយ​​គំនិត​​បែប​នេះ​នឹង​នាំ​​ឲ្យ​នាង​ឈាន​ទៅ​រក​ភាព​ជោគជ័យ ព្រោះ​វា​ស្ដែង​ឲ្យ​ឃើញ​ពី​សមត្ថភាព​នៃ​ការ​សម្រប​ខ្លួន​​នៅ​គ្រប់​ស្ថានការណ៍។ នាង​ចូលចិត្ត​អារម្មណ៍​រំភើប​ដែល​បាន​មក​ពី​ការ​ប្រថុយ ហើយ​ពួក​នាង​ក៏​មិន​ខ្លាច​​នឹង​ធ្វើ​អ្វី​ដែល​ខុស​ប្លែក​ពី​អ្នក​ដទៃ​ដែរ។ បើ​ទោះ​បី​ស្ដាប់​ទៅ​ហាក់​ដូច​មិន​អាច​ទៅ​រួច ប៉ុន្តែ​សម្រាប់​ពួក​នាង​គ្រប់​យ៉ាង​គឺ​សុទ្ធ​តែ​អាច​ទៅ​រួច ៕

ចុចអាន៖

ប្រភព៖ p-mee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម