សារភាពស្នេហ៍ហើយគេមិនស្រឡាញ់ ត្រូវជួយខ្លួនឯងវិញដោយវិធីទាំងនេះ
- 2018-03-18 07:47:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារភាពស្នេហ៍ហើយគេមិនស្រឡាញ់ ត្រូវជួយខ្លួនឯងវិញដោយវិធីទាំងនេះ
ការសារភាពស្នេហ៍ចាត់ទុកជាការផ្លាស់ប្ដូរទំនាក់ទំនងយ៉ាងធំមួយសម្រាប់មនុស្សពីរនាក់ ថាតើនឹងអាចបន្តទៅមុខជាមួយគ្នាក្នុងឋានៈជាគូស្នេហ៍ ឬក៏អត់។ ប្រាកដណាស់ ចម្លើយគឺអាចមានពីរ ទីមួយគេឆ្លើយតបក្ដីស្រឡាញ់ ទីពីរគេបដិសេធ។ កញ្ញា សូមអបអរសម្រាប់អ្នកដែលសមបំណង ប៉ុន្តែសម្រាប់អ្នកដែលត្រូវបដិសេធប្រាកដណាស់គឺត្រូវខូចចិត្ត ហើយគិតថាខ្លួនគួរធ្វើអ្វីបន្ទាប់ពីនេះ? បើសារភាពហើយគេមិនស្រឡាញ់ តើទំនាក់ទំនងនឹងផ្លាស់ប្ដូរទៅជាយ៉ាងណា? ត្រូវធ្វើយ៉ាងណាទើបអាចកាត់ចិត្តបាន? តាមដានវិធីសាស្ត្រដែល កញ្ញា លើកមកបង្ហាញខាងក្រោមនេះតែម្ដង៖
១. ធ្វើធម្មតាដូចគ្នាអ្វីកើតឡើង
ការដែលយើងធ្វើខ្លួនធម្មតាបានលឿនបំផុតប៉ុណ្ណា គឺនឹងធ្វើឲ្យគេមើលមកយើងថាជាអ្នកមានភាពរឹងមាំ និងចាស់ទុំប៉ុននោះ ជាពិសេសសម្រាប់ករណីអ្នកដែលអ្នកសារភាពស្នេហ៍គឺជាមិត្តស្និទ្ធស្នាល គឺរឹតតែធ្វើឲ្យគេស្រណុកចិត្តនឹងបន្តសេពគប់អ្នកក្នុងនាមជាមិត្តភ័ក្ដិបន្ត។ នេះបើអ្នកចង់រក្សាទំនាក់ទំនងជាមួយគេ ឬចង់បានឱកាសដើម្បីព្យាយាមម្ដងទៀត។
២. ដកខ្លួនចេញ
ក្នុងករណីដែលយើងធ្វើចិត្តមិនបាន មិនអាចធ្វើខ្លួនធម្មតាៗជាមួយគេបាននៅពេលត្រូវគេបដិសេធ គឺសូមដកខ្លួនចេញសិន។ ការមិនបានជួបមុខគ្នានឹងធ្វើឲ្យយើងបំភ្លេចគេបានកាន់តែឆាប់ ព្រោះក្ដីស្រឡាញ់មួយចំណែកគឺកើតឡើងពីការបាននៅជិតស្និទ្ធស្នាល។ ប្រើពេលវេលាបំភ្លេចគេ ត្បិតតែពេលខ្លះអាចយូរ ប៉ុន្តែគ្រប់គ្នានឹងអាចធ្វើបាន។
៣. មិនខឹងគុំកួនគេ
ហ្គេមទើបតែចាប់ផ្ដើម ប្រសិនបើអ្នកធ្វើខ្លួនដូចក្មេងដែលមិនបានដូចចិត្តហើយខឹងច្រឡោត ធ្វើដូចអ្នកដែលអ្នកទៅសារភាពស្នេហ៍នោះធ្វើខុសធ្ងន់ធ្ងរ ទាំងដែលគេមិនខុសអ្វីទាល់តែសោះ វាក៏ស្មើនឹងថាក្រៅពីអ្នកទទួលបានសូន្យពិន្ទុហើយ គឺត្រូវជាប់ក្នុងបញ្ជីខ្មៅទៅទៀត ថែមទាំងធ្វើឲ្យទំនាក់ទំនងដែលខំកសាងពីមុនត្រូវកាត់ផ្ដាច់ទាំងស្រុងក៏ថាបាន។ ដូច្នេះមុនធ្វើអ្វីមួយត្រូវគិតគូរឲ្យបានល្អិតល្អន់។
៤. កុំធ្វើឲ្យគេមានអារម្មណ៍ថាគេជាអ្នកខុសដែលមិនទទួលស្នេហារបស់អ្នក
ជឿថាអ្នកប្រាកដជាមិនបន្ទោសថាគេជាអ្នកខុសទេ ព្រោះវាមិនមែនបែបហ្នឹងស្រាប់ទៅហើយ ប៉ុន្តែទង្វើមួយចំនួនអាចនឹងធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងខុសបាន ដូចជាការដែលអ្នកចេះតែយំ មិនអាចធ្វើការងារ មិនទៅរៀន ក្លាយជាមនុស្សក្រៀមក្រំ ឬសូម្បីតែធ្វើបាបខ្លួនឯង។ មិនថាយើងធ្វើដោយសារអារម្មណ៍គ្របសង្កត់ ឬសង្ឃឹមថាគេយល់ចិត្ត អាណិតហើយងាកមកចាប់អារម្មណ៍ខ្លួនខ្លះក្ដី ប៉ុន្តែគួរដឹងថាស្នេហាជាមួយការអាណិតគឺវាខុសគ្នាស្រលះ។ ក្រៅពីមិនទទួលបានស្នេហាពីគេហើយ យើងអាចនឹងក្លាយជាមនុស្សមិនដឹងក្ដីក្នុងខ្សែភ្នែករបស់គេថែមទៀត។
៥. ទទួលស្គាល់ថាស្នេហាមិនអាចបង្ខំបាន
ក្រោយពីត្រូវគេបដិសេធហើយ ប្រាកដណាស់ថា ភាគច្រើននឹងមានសំណួរក្នុងចិត្តថា តើយើងមិនល្អត្រង់ណា? មិនថាមានសំណួររាប់រយរាប់ពាន់លេចមកយ៉ាងណា ប៉ុន្តែសូមព្យាយាមយល់ថា រឿងខ្លះគឺជារឿងដែលមិនអាចបង្ខំបាន។ យើងមិនអាចគ្រប់គ្រងគ្រប់យ៉ាងបាននោះទេ ស្នេហាក៏ដូចគ្នា។ មនុស្សយើងមានចំណូលចិត្តខុសៗគ្នាគឺជារឿងធម្មតា។ យើងចូលចិត្តគេក៏មិនមែនមានន័យថាគេនឹងចូលចិត្តយើងវិញដែរ។ យើងធ្វើល្អជាមួយគេ ក៏មិនប្រាកដថាគេនឹងស្រឡាញ់យើងដែរ។
៦. ចេញក្រៅទៅឲ្យមិត្តភ័ក្ដិជួយលួងលោម
បន្ទាប់ពីជួបរឿងខកបំណងភ្លាម ការនៅម្នាក់ឯងអាចធ្វើឲ្យអារម្មណ៍កាន់តែពិបាក។ ដូច្នេះអ្នកគួរតែទៅរកមិត្តណាម្នាក់ដែលអាចលួងលោមអ្នក ដាស់តឿនសតិអ្នកវិញបាន។ ប៉ុន្តែកុំរកមិត្តភ័ក្ដិដែលចាំតែចាក់ចេកចាក់ស្ករថែមឲ្យសោះ ពុំដូច្នោះទេវាអាចនឹងពិបាកលើសដើម។
៧. សម្លឹងរកគោលដៅថ្មី
សាកល្បងបើកចិត្តសម្លឹងមើលអ្នកផ្សេងខ្លះ បន្ទាប់ពីចាំមើលតែមនុស្សតែម្នាក់ហ្នឹងជាយូរហើយ។ កុំបិទផ្លូវខ្លួនឯង ហើយឱបក្រសោបតែការឈឺចាប់នោះយូរពេក។ សាកល្បងសម្លឹងមើលជុំវិញខ្លួន អាចមានមនុស្សដែលស្រឡាញ់ និងមានអារម្មណ៍ល្អចំពោះយើងនៅមិនឆ្ងាយ ឬពុំដូច្នោះទេក៏អាចផ្លាស់ប្ដូរលក្ខខណ្ឌដែលខ្លួនចង់បានខ្លះ ដើម្បីបានជួបមនុស្សដែលអាចចុះសម្រុងគ្នាជាមួយយើង និងស្រឡាញ់យើងពិតប្រាកដ។
ការកាត់ចិត្តពីមនុស្សណាម្នាក់មិនមែនជារឿងងាយនោះទេ តែបើសាកគិតក្នុងផ្លូវវិជ្ជមាន ក៏ចាត់ទុកថាយើងសំណាងល្អដែលគេបដិសេធភ្លាមៗ វាប្រសើរជាងការដែលធ្វើឲ្យមានសង្ឃឹមហើយធ្វើឲ្យខកចិត្តតាមក្រោយ ដែលបែបនោះគឺកាន់តែឈឺចាប់ជាងនេះរាប់រយដង ៕
ចុចអាន៖
៧ចំណុច បើនារីហ៊ានប្រាប់ត្រង់មិនលាក់លៀម ប្រុសៗនឹងស្រលាញ់លើសដើម
រៀបការហើយចង់បានសុភមង្គល ទាល់តែយល់ដឹងពីរឿងទាំងនេះ