ចង់​ទទួល​បាន​ការ​ស្រឡាញ់​ចូលចិត្ត​ពី​មិត្ត​រួម​ការងារ វិធី​៦​យ៉ាង​នេះ​អាច​ជួយ​​​បាន​

  • 2018-03-17 08:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​ណាស់ សម្រាប់​ជីវិត​អ្នក​ធ្វើ​ការ ​ត្រូវ​ចំណាយ​ពេល​ជាមួយ​មិត្ត​រួម​ការងារ​ច្រើន​ជាង​អ្នក​ណាៗ​ទាំង​អស់​។ ហេតុនេះ ​ប្រសិនបើ​​អ្នក​មិន​មាន​ភាព​ចុះ​សម្រុង​ជាមួយ​ពួកគេ​ទេ វា​ពិត​ជា​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ភាព​អាប់អួ​ខ្លាំង​​​។ ដើម្បី​ដោះស្រាយ​​ជាមួយ​បញ្ហា​នេះ ​អនុវត្ត​វិធីសាស្ត្រ​ទាំង​៦​ខាង​ក្រោម នោះ​អ្នក​ប្រាកដ​​ជា​ទទួល​បាន​ការ​ស្រឡាញ់ ចូលចិត្ត​ពី​ពួកគេ​វិញ​ជា​មិន​ខាន​៖​

១-គោរព​ពាក្យ​សម្ដី​ខ្លួន​ឯង

រាល់​ពេល​​អ្នក​និយាយ​ថា​ធ្វើ​អ្វី​មួយ​ អ្នក​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន​តាម​អ្វី​ដែល​អ្នក​សន្យា​។ កាល​ណា​​​ធ្វើ​មិន​សម្រេច ឬ​យឺតយ៉ាវ វា​​​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​អ្នក​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។ ភាព​ហ្មត់ចត់​បែប​នេះ នឹង​ជួយ​ឲ្យ​អ្នក​​​ទទួល​បាន​ភាព​ជឿជាក់ ស្រឡាញ់ ទុក​ចិត្ត​​ពី​ថ្នាក់​លើ មិត្ត​រួម​ការងារ​​ អតិថិជន ​ក៏​ដូចជា​អ្នក​ផ្គត់ផ្គង់​គ្រប់​គ្នា​តែ​ម្ដង​។​

២-ចាប់​អារម្មណ៍​ចំពោះ​ជីវិត​ពួកគេ​​

មិន​មែន​ឲ្យ​ចាប់​អារម្មណ៍​​ ឈឺ​ឆ្អាល​ខ្លាំង រហូត​ប្រឹង​ជជីក​សួរ​ ដេញ​ដោល​រហូត​គេ​​ធុញ​នោះ​ទេ​។ អ្នក​គ្រាន់​តែ​បង្ហាញ​ឲ្យ​ពួកគេ​ដឹង​ថា​ ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្ដី​ដែល​ពួកគេ​បាន​​និយាយ​​​គ្រប់​យ៉ាង​​។ ទម្លាប់​ចង់​ដឹង​ឮ​រឿងរ៉ាវ​អ្នក​ជុំវិញ​បន្តិចបន្តួច​បែប​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ខ្លាំង​​មិន​ខាន​។​

៣-លើក​ទឹក​ចិត្ត ផ្ដល់​ភាព​ងាយស្រួល​ឲ្យ​ពួកគេ

គ្មាន​មនុស្ស​ណា​ដែល​តែង​មាន​ភាព​ជឿជាក់​គ្រប់​ពេល​វេលា​នោះ​ទេ ដូច្នេះ​ប្រសិន​អ្នក​សង្កេត​ឃើញ​ថា​ពួកគេ​កំពុង​ភ័យ ព្រួយ​បារម្ភ រារែក​ ចំពោះ​កិច្ចការ​អ្វី​មួយ​ អ្នក​ត្រូវ​ចេះ​​ជួយ​លើក​ទឹក​ចិត្ត លួងលោម និង​ជំរុញ​ពួកគេ​ឲ្យ​មាន​ភាព​ក្លាហាន​ឡើង​វិញ​។

៤-ជា​មនុស្ស​ពូកែ​ស្ដាប់

រាល់​​កិច្ច​សន្ទនា​​ តែងតែ​មាន​ការ​ដូរ​វេន​គ្នា​និយាយ​​​ម្ដង​ម្នាក់​​។ យ៉ាងណាមិញ ប្រសិន​អ្នក​អាច​ដើរ​តួ​ជា​អ្នក​ស្ដាប់​ឲ្យ​បាន​ច្រើន​ ដោយ​មិន​សូវ​លូក​មាត់ បញ្ចេញ​គំនិត​​ខ្លួន​ឯង​ពេក​​ វា​ពិត​ជា​រឿង​ប្រសើរ​ខ្លាំង​ណាស់​។ នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​តែ​ពិបាក​ចិត្ត​ ធុញថប់ គេ​គ្រាន់​តែ​ត្រូវការ​មនុស្ស​ម្នាក់​ដែល​ស្ដាប់​ទុក្ខសោក​គេ​ប៉ុណ្ណោះ មិន​មែន​អ្នក​ដែល​ដណ្ដើម​និយាយ​​គ្រប់​ពេល​ដែរ​នោះ​ទេ​។​

៥-ដឹង​គុណ

ប្រសិន​អ្នក​ទទួល​បាន​​ការ​ជួយ​​ជ្រោមជ្រែង​ពី​អ្នក​​ណា​ម្នាក់​ សូម​កុំ​ភ្លេច​ថ្លែង​អំណរគុណ​ពួកគេ​​ នៅ​ពេល​អ្នក​ប្រកាស​ជោគជ័យ​នោះ​​ជា​សាធារណៈ​​​។ ភាព​មិន​អាត្មានិយម មិន​យក​មុខមាត់​តែ​ឯង​បែប​នេះ ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពេញចិត្ត​ និង​ចង់​​រាប់អាន​អ្នក​ខ្លាំង​ណាស់​។​

៦-ចាំ​ឈ្មោះ​បាន​ល្អ

វា​ជា​រឿង​ទូទៅ និង​សាមញ្ញ​បំផុត ព្រោះ​មនុស្ស​ណា​ក៏​ចង់​ឲ្យ​គេ​ស្គាល់ និង​ហៅ​ឈ្មោះ​ខ្លួន​បាន​ត្រឹមត្រូវ​ដែរ​។ ដូច្នេះ​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រាល់​​ពេល​ពួកគេ​ណែនាំ​ខ្លួន ហើយ​​ព្យាយាម​កុំ​ច្រឡំ​មនុស្ស​ ឬ​ឈ្មោះ​ពួកគេ​ឲ្យ​សោះ​៕

ប្រភព៖ popsugar ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម