៦ វិធីដែលមនុស្សស្រីអាច ធ្វើដើម្បីឲ្យស្នេហាកាន់តែពិសេស និងគង់វង្សយូរ
- 2018-03-05 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ វិធីដែលមនុស្សស្រីអាច ធ្វើដើម្បីឲ្យស្នេហាកាន់តែពិសេស និងគង់វង្សយូរ
ស្រឡាញ់គ្នាគឺងាយណាស់ តែអ្វីដែលពិបាកគឺថែរក្សា និងធ្វើឲ្យវាកាន់តែពិសេសឡើងៗរាល់ថ្ងៃ។ សម្រាប់អ្នកដែលមានស្នេហា ជាពិសេសខាងស្រីតែម្ដងគួរតែមានវិធីសាស្ត្រខ្លះក្នុងការជួយពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកអាចប្រើបាន ៖
១. បង្ហាញក្ដីស្រឡាញ់
កុំចាំបាច់តែគាត់ដែលអាចបង្ហាញ អ្នកក៏ត្រូវបង្ហាញដូចគ្នា។ មនុស្សប្រុសការពិតត្រូវការក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីមនុស្សស្រីណាស់ ដូច្នេះកុំគិតថាអ្នកបង្ហាញមុនអន់ឲ្យសោះ ព្រោះស្នេហាត្រូវការមនុស្សពីរនាក់ មិនមែនមានតែម្ខាងណាឡើយ។
២. ថែរក្សារូបរាងខ្លួនឯងឲ្យបានស្អាត
ទោះមានដៃគូ ឬគ្មានក៏ដោយអ្នកត្រូវតែចេះរក្សាខ្លួនឯងបានល្អ ជាពិសេសរូបសម្រស់តែម្ដង។ កុំគិតថាខ្លួនឯងមានដៃគូហើយលែងខ្វល់ខ្វាយពីខ្លួនឯងនោះ ព្រោះបើអ្នកបោះបង់ខ្លួនឯងចោលថ្ងៃណាមួយគាត់ក៏អាចបោះបង់អ្នកចោលដូចគ្នា។
៣. គាំទ្រ និងលើកទឹកចិត្តគាត់
ពេលមនុស្សជួបបញ្ហាការលើកទឹកចិត្តគឺសំខាន់ណាស់ ដូច្នេះអ្នកត្រូវចេះលើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ និងស្នាមញញឹមដែលជាកម្លាំងចិត្តមួយដល់គាត់។ ពេលនោះហើយភាពស្និទ្ធស្នាល ក្ដីស្រឡាញ់របស់អ្នកនឹងជ្រាបដល់បេះដូងគាត់ដោយមិនដឹងខ្លួន។ គាត់នឹងមានអារម្មណ៍ថាអ្នកសំខាន់ ហើយតែងត្រូវការអ្នកជានិច្ច។
៤. ផ្ដល់ពេលវេលា និងសេរីភាពដល់គាត់
កុំព្យាយាមគាបគាត់ឲ្យនៅជាមួយអ្នករហូតពេកអី គាត់ក៏ចង់មានពេលផ្ទាល់ខ្លួន និងសេរីភាពខ្លះដែរ ម្យ៉ាងទៀតអ្នកទាំងពីរក៏មិនទាន់បានក្លាយជាប្ដីប្រពន្ធឡើយ។ មនុស្សប្រុសត្រូវការណាស់សេរីភាព និងពេលវេលាផ្ទាល់ខ្លួន ដូច្នេះហើយអ្នកគួរតែយល់ និងផ្ដល់ពេលឲ្យគាត់រីករាយតាមរបៀបគាត់ឲ្យបានច្រើន។
៥. កុំចូលចិត្តលើកកកាយរឿងណាដែលនាំឲ្យឈ្លោះគ្នា
ស្នេហាមិនអាចចៀសផុតពីការជួបបញ្ហាឡើយ តែអ្នកគួរតែចេះទប់ចិត្ត ទប់អារម្មណ៍ខ្លះទើបល្អ។ រឿងណាដែលអ្នកឲ្យទៅផុតគួរតែឲ្យទៅ កុំព្យាយាមរករឿង និងលើកកកាយពីរឿងតូចឲ្យមកជារឿងធំអី ព្រោះវាអាចប៉ះពាល់ដល់ស្នេហាអ្នក។
៦. មានការ Surprise គាត់ខ្លះនៅថ្ងៃពិសេសៗ
មិនមែនមានតែនារីទេដែលចង់បានការ Surprise ពីមនុស្សដែលខ្លួនឯងស្រឡាញ់ មនុស្សប្រុសក៏បែបហ្នឹងដែរ។ ការ Surprise ក្នុងឱកាសពិសេសបែបនេះ កាន់តែធ្វើឲ្យគាត់ស្រឡាញ់អ្នក និងមានអារម្មណ៍ល្អជាមួយគ្នាកាន់តែខ្លាំងឡើង។