ក្មេង​ធំ​​ឡើង​ក្នុង​គ្រួសារ​ ៤​ប្រភេទ​ដែល​ប្រឈម​មុខ​បរាជ័យ​ក្នុង​ជីវិត​ច្រើន​ទៅ​អនាគត

  • 2017-10-12 08:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​សិក្សា​របស់​ក្រុម​គ្រូ​ពេទ្យ​ចិត្តវិទ្យា​បាន​បង្ហាញ​​ថា​ ក្មេង​ៗ​ដែល​ឆ្លង​កាត់​ការ​ចិញ្ចឹម​បី​បាច់ ៤​យ៉ាង​អាច​ប្រឈម​មុខ​នឹង​ភាព​បរាជ័យ​ច្រើន​បំផុត​ទៅ​អនាគត។ ថា​តើ​ ៤​យ៉ាង​នោះ​មាន​អ្វី​ខ្លះ សូម​តាមដាន​ជាមួយ កញ្ញា ដូច​តទៅ៖

១. កូន​ដែល​ធំ​ឡើង​ដោយ​ឪពុក​ម្ដាយ​យក​ចិត្ត​គ្រប់បែប​យ៉ាង

ការ​ធ្វើ​តាម​ចិត្ត​កូន​គ្រប់​យ៉ាង មិន​ដែល​ឲ្យ​កូន​លំបាក ឬ​ចាំ​ជួយ​កូន​រហូត​មិន​ធ្លាប់​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​ជួយ​ខ្លួន​ឯង ឬ​ជួប​ភាព​ខក​ចិត្ត​ខ្លះ នឹង​ធ្វើ​ឲ្យ​ពួក​គេ​មិន​ស្គាល់​តម្លៃ​ពិត​នៃ​ជីវិត ក្លាយ​ជា​ក្មេង​ដែល​យក​តែ​ចិត្ត​ខ្លួន​ឯង មិន​ចេះ​គ្រប់គ្រង​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​តាម​មក​ជាមួយ​។

រូបតំណាង

**២. កូន​ដែល​ធំ​ឡើង​ជាមួយ​​ឪពុក​ម្ដាយ​ដែល​គ្មាន​វិន័យ**

ឪពុក​ម្ដាយ​​ដែល​មិន​អាច​ផ្ដល់​គំរូ​ល្អ​ឲ្យ​កូន​បាន​ឃើញ​ ឬ​​មិន​អាច​គ្រប់គ្រង​កូន​ឲ្យ​​រស់​នៅ​មាន​របៀប​វិន័យ​បាន​ ព្រោះ​យល់​ថា ការ​គ្រប់គ្រង​ឲ្យ​កូន​មាន​វិន័យ​ជា​ការ​ធ្វើ​បាប​កូន នឹង​ធ្វើ​ឲ្យ​កូន​ងាយ​ប្រឈម​បរាជ័យ​ទៅ​អនាគត ដោយ​សារ​ការ​រស់​នៅ​​គ្មាន​ច្បាប់​ទម្លាប់ គ្មាន​គោលដៅ​ក្នុង​ជីវិត និង​មិន​មាន​ភាព​អត់ធន់​នឹង​ឧបសគ្គ​នានា។

៣. កូន​ដែល​ធំ​ឡើង​ដោយ​ខ្វះ​ក្ដី​ស្រឡាញ់

ការ​តាម​ចិត្ត​កូន ហើយ​ប្រាប់​ថា​ស្រឡាញ់ ឬ​ចិញ្ចឹម​កូន​ដោយ​ការ​ផ្ដល់​ប្រាក់​​ឲ្យ​គេ​ចាយ គឺ​មិន​អាច​ស្មើ​នឹង​ពេល​វេលា​ដែល​ឪពុក​ម្ដាយ​ផ្ដល់ឲ្យ​កូន​នោះ​ទេ។ ក្មេង​ដែល​ខ្វះ​ក្ដី​ស្រឡាញ់​នឹង​អាច​មាន​អារម្មណ៍​ក្រៀមក្រំច្រើន តូច​ចិត្ត គ្មាន​ជំនឿ​ចិត្ត ច្រណែន​អ្នក​ដទៃ ហើយ​ខ្លះ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​គិត​ខ្លី​សម្លាប់​ខ្លួន​ក៏​មាន។

៤. កូន​ដែល​ធំ​ឡើង​ក្នុង​គ្រួសារ​​ខ្វះ​គុណធម៌

ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ក្មេង​ដែល​កើត​មក​ក្នុង​គ្រួសារ ឬ​មាន​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​ដែល​ខ្វះ​គុណធម៌​ សីលធម៌ នឹង​អាច​ចាប់​យក​ចរិត​បែប​នេះ​​ជា​ត្រី​មុខ​ ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​រស់​នៅ​ក្នុង​សង្គម ឬ​ឈាន​ដល់​ការ​ធ្វើ​បាប​យាយី​អ្នក​ដទៃ​តាម​រយៈ​ការ​ឆក់ ប្លន់​ជាដើម។

រូបតំណាង

ការ​បណ្ដាក់​ទុន​ចិញ្ចឹម​កូន​ដោយ​ចេញ​ពី​ចិត្ត ពិត​ជា​សំខាន់​ជាង​ការ​ផ្ដល់​មាស​ប្រាក់ ហើយ​ក្រៅ​ពី​នេះ​ ការ​មាន​របៀប​វិន័យ​ក៏​ជា​រឿង​សំខាន់​ក្នុង​គ្រួសារ។ ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ឲ្យ​កូន​​បាន​ឃើញ នៅ​ពេល​នោះ​កូន​នឹង​ធំ​ឡើង​ដោយ​មាន​ស្មារតី​ល្អ និង​មោទនភាព​ចំពោះ​ខ្លួន​ឯង ហើយ​អនាគត​របស់​គេ​នឹង​រុងរឿង​ល្អ ៕

ប្រភព៖ fungtumpost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម