មកមើលលក្ខខណ្ឌជ្រើសរើសនារីអូតេសរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ ទើបដឹងថាយ៉ាងណា!
- 2018-02-12 07:57:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលលក្ខខណ្ឌជ្រើសរើសនារីអូតេសរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ ទើបដឹងថាយ៉ាងណា!
ការងារជានារីបម្រើការលើយន្តហោះគឺជាការងារដែលនារីភាគច្រើនស្រមៃចង់ធ្វើ ព្រោះមើលពីខាងក្រៅ ពួកគេមានការតុបតែងខ្លួន និងសូម្បីតែការនិយាយស្ដីក៏គួរឱ្យចង់ស្ដាប់។ ប៉ុន្តែតើសម្រស់មួយមុខ អាចត្រូវបានជ្រើសរើសឱ្យជាប់ក្នុងតួនាទីមួយនេះមែនទេ? ថ្ងៃនេះ យើងមកតាមដានវិញ្ញាសារមួយចំនួនដែលនារីៗត្រូវឆ្លងកាត់ មុននឹងក្លាយជាបុប្ផាលើមេឃរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងពិភពលោក។
ទម្ងន់-កម្ពស់
ជាទូទៅ លក្ខខណ្ឌសម្រាប់ស្តង់ដាររូបរាងរបស់បេក្ខនារីដែលដាក់ពាក្យធ្វើនារីអូតេសមិនត្រូវខ្ពស់ពេក ឬទាបពេកនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ធំៗភាគច្រើនកំណត់ស្ដង់ដារកម្ពស់គឺមិនឱ្យទាបជាង១,៥៨ ម៉ែត្រ និងមិនត្រូវខ្ពស់ជាង ១,៨ម៉ែត្រ (គិតទាំងកែងស្បែកជើង) ឡើយ។
ហេតុផលនៃការកំណត់នេះ ដោយសារកម្ពស់១,៥៨ម៉េត្រឬលើសនេះ នារីអូតេសអាចឈរដាក់កាបូប ឬអីវ៉ាន់លើទូរយន្តហោះបានដោយងាយស្រួល។ ចំណែកបើនារីដែលខ្ពស់ជាង១,៨ម៉ែត្រអាចនឹងខ្ពស់ជ្រុលដែលពិបាកសម្រាប់យន្តហោះខ្នាតតូចមួយចំនួនដែលមានពិតានទាបៗ។
ដោយឡែក សម្រាប់ក្រុមហ៊ុន Emirate របស់អារ៉ាប់រួមតម្រូវឱ្យនារីបម្រើលើយន្តហោះត្រូវមានកម្ពស់២,១២ម៉ែត្រគិតដោយឈរជើងផ្ទាល់ដី ព្រោះយន្តហោះរបស់គេភាគច្រើនជាយន្តហោះខ្នាតធំ ដូច្នេះទាមទាររកអ្នកខ្ពស់ៗដើម្បីងាយស្រួលទុកដាក់អីវ៉ាន់។ ចំណែកជើងហោះហើររបស់ម៉ាឡេស៊ីវិញ បុគ្គលិកត្រូវមានរង្វាស់ដងខ្លួន (ដែលគិតរវាងទម្ងន់ខ្លួនចែកជាមួយកម្ពស់) ត្រឹម ២២-២៥សម្រាប់នារី និងពី២៥-២៨ សម្រាប់បុរស។
ចុចអាន៖ ធ្លាប់តែឃើញស្អាតខ្ញង់ៗ! មកមើលវិធីបួសសក់របស់នារីអូតេសក្រុមហ៊ុន Air Asia ម្ដង (វីដេអូ)
រូបសម្រស់
សម្រាប់អ្នកធ្វើការលើយន្តហោះ ការផាត់មុខត្រូវតែមានលក្ខណៈដូចគ្នា មិនមែនម្នាក់ៗផាត់មុខតាមស្ទីលរៀងៗខ្លួននោះទេ។ តម្រូវការមួយទៀត គឺពួកគេត្រូវតែមានស្នាមញញឹមស្រស់ស្អាត មានធ្មេញសស្អាត និងមានខ្យល់ដង្ហើមបរិសុទ្ធ។
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរបស់អង់គ្លេសតម្រូវឱ្យរឹតត្បិតរឿងសម្លៀកបំពាក់ និងសូម្បីការលាបពណ៌ក្រចកដៃក៏ត្រូវធ្វើតាមការកំណត់ដែរ។ រីឯក្រុមហ៊ុនអាកាសចរណ៍របស់ម៉ាឡេស៊ីទាមទារឱ្យនារីអូតេសផាត់មុខឱ្យសមនឹងការស្លៀកពាក់របស់ខ្លួន ដោយប្រើគូល័រភ្នែកហោចណាស់៣ពណ៌។ ចំណែកក្រុមហ៊ុនហោះហើរ Emirate វិញ ពណ៌ក្រចកត្រូវលាបឱ្យត្រូវនឹងពណ៌ក្រែម ឬមួក ហើយមិនត្រូវមានស្នាមសាក់ត្រង់ផ្នែកណានៃដងខ្លួន ដែលអាចមើលឃើញពេលស្លៀកឯកសណ្ឋាននោះឡើយ។
ការបណ្ដុះបណ្ដាល
វគ្គបណ្ដុះបណ្ដាលសំខាន់ៗដែលអ្នកបម្រើការលើយន្តហោះត្រូវយល់ដឹងគឺ វិធីការពារសុវត្ថិភាពអ្នកដំណើរ និងការបម្រើសេវាមួយចំនួនដល់អ្នកដំណើរ។ សូម្បីតែវិធីសាស្ត្របង្កើតកូន ក៏ពួកគេត្រូវរៀននិងស្ទាត់ជំនាញផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ TAM របស់ប្រេស៊ីលតម្រូវឱ្យអ្នកបម្រើលើយន្តហោះចូលរួមវគ្គហ្វឹកហាត់ជំនាញជួយសង្គ្រោះជីវិតនៅក្នុងព្រៃអាម៉ាហ្សូន។ ពួកគេត្រូវឆ្លងកាត់ស្ថានភាពលំបាកៗជាច្រើនដែលបានរៀបចំឱ្យដូចក្នុងករណីយន្តហោះធ្លាក់ចូលក្នុងព្រៃជាដើម។ ក្នុងការហ្វឹកហាត់នេះដែរ អ្នកទាំងនោះត្រូវរៀនរើសយកកំទេចកំទីពីយន្តហោះដែលបែកបាក់នោះមកធ្វើសម្ភារៈប្រើប្រាស់ ឬសង់ជាបង្គន់សម្រាប់ប្រើបណ្ដោះអាសន្នទៀតផង។
ងាកមកមើលការជ្រើសរើសរបស់ក្រុមហ៊ុនអាកាសចរណ៍ Chengdu East Star របស់ចិនវិញ អូតេសទាំងអស់ត្រូវឆ្លងកាត់ការហ្វឹកហាត់ទាហានយ៉ាងតឹងរ៉ឹងជាមុនសិន។ ចំណែកបេក្ខភាពរបស់ Easyjet របស់អង់គ្លេសត្រូវប្រាកដថាពួកគេអាចដើរក្រោមទឹកបានហោចណាស់១នាទី។
ចុចអាន៖ ឃើញចំណុចទាំងនេះអ្នកនឹងយល់ហើយថាហេតុអ្វីការងារអូទេសពិបាកជាប់ម្ល៉េះ?
ទម្ងន់ការងារ
មនុស្សភាគច្រើនតែងគិតថា អ្នកបម្រើលើយន្តហោះធ្វើការត្រឹមតែបម្រើអាហារ ឬភេសជ្ជៈដល់អ្នកដំណើរ ឈរចាំទទួល ពេលអ្នកដំណើរឡើងយន្តហោះជាដើម។ ប៉ុន្តែការពិត មិនដូច្នោះទេ ពួកគេត្រូវមានការងារច្រើនទៀតដែលអ្នកមិនបានដឹង។
តួយ៉ាងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក អូតេសត្រូវមានភារកិច្ចសម្អាតក្នុងយន្តហោះ និងលក់ទំនិញដើម្បីបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន ទើបអាចរកចំណូលបន្ថែមដល់ខ្លួនឯងបាន។ ការលក់ទំនិញលើយន្តហោះនោះរួមមាន អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងផលិតផលក្នុងស្រុកមួយចំនួន។
ការប្រឈមនឹងជំងឺផ្សេងៗ
ដោយសារសម្ពាធខុសគ្នារវាងនៅលើដីផ្ទាល់ និងនៅលើលំហរ អ្នកប្រកបអាជីពនេះអាចនឹងត្រូវប្រឈមបញ្ហាសុខភាពមួយចំនួនទាក់ទងនឹងត្រចៀក និងរន្ធឆ្អឹងក្នុងខួរក្បាល និងច្រមុះ។ ជំងឺដែលតែងកើតជាញឹកញាប់សម្រាប់អ្នកធ្វើការលើយន្តហោះមានដូចជា គ្រួសក្នុងតម្រង់នោម ជ្រុះសក់ ភាពតានតឹង ការអត់ងងុយ បញ្ហាប្រព័ន្ធរំលាយអាហារជាដើម។
ក្រៅពីបញ្ហាទាក់ទងនឹងសុខភាព អ្នកធ្វើការនេះក៏ប្រឈមនឹងការប៉ះពាល់ផ្លូវចិត្តរវាងខ្លួននិងក្រុមគ្រួសារ ឬមិត្តភ័ក្ដិ ដោយសារតែគ្មានពេលវេលាសម្រាប់អ្នកនៅជុំវិញខ្លួន ព្រោះត្រូវធ្វើដំណើរផ្លូវឆ្ងាយច្រើនថ្ងៃ ហើយម៉ោងធ្វើការក៏មិនទៀតទាត់៕