៤កំហុសឆ្គងក្នុងការផាត់មុខដែលធ្វើអ្នកមើលទៅកាន់តែចាស់ជាងមុន
- 2018-01-29 03:18:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤កំហុសឆ្គងក្នុងការផាត់មុខដែលធ្វើអ្នកមើលទៅកាន់តែចាស់ជាងមុន
ការផាត់មុខគឺគន្លឹះដែលជួយឲ្យនារីគ្រប់រូបមើលទៅស្រស់ស្អាត ផូរផង់ជាងមុន ប្រសិនបើនារីនោះប៉ិនប្រសប់ក្នុងការប្រើប្រាស់វា។ យ៉ាងណាក្ដី ប្រសិនបើអ្នកគ្មានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់គ្រឿងសំអាងនោះទេ អ្នកអាចប្រឈមមុខនឹងកំហុសក្នុងការផាត់ទាំង៤ខាងក្រោមនេះ ដែលនឹងធ្វើឲ្យមុខរបស់យើងកាន់តែចាស់ជាងមុន។
១. ប្រើ Style ផាត់មុខតែមួយក្នុងរយៈពេលច្រើនឆ្នាំ
Style ផាត់មុខបែបភ្នែកខ្មៅដិតខ្លាំងគឺស័ក្ដិសមជាមួយនឹងនារីក្នុងវ័យ២០ប្លាយ ហើយនឹងលែងស័ក្ដិសមនៅពេលអ្នកមានអាយុ៤០ប្លាយ។ នៅពេលដែលយើងមានអាយុជ្រេទៅ ស្បែកយើងនឹងមិនស្រស់ថ្លាដូចមុនទេ ដូចនេះប្រសិនបើផាត់មុខដិតពេក វាកាន់តែបង្ហាញភាពចាស់ជរាលើស្បែកចេញក្រៅតែប៉ុណ្ណោះ។
២. ប្រើម្សៅបិទបាំងស្លាកស្នាមតែមួយប្រភេទ
ម្សៅបិទបាំងស្លាកស្នាមគឺមាន២ប្រភេទ នោះគឺមួយប្រើសម្រាប់បិទបាំងស្នាមស្លក់ក្រោមភ្នែក និងមួយទៀតបិទបាំងស្នាមដទៃទៀតនៅលើមុខ។ អ្នកមិនអាចយកម្សៅបិទបាំងស្នាមមុនមកលាបក្រោមភ្នែកនោះទេ ព្រោះសាច់ម្សៅវាក្រាស់ពេក ធ្វើឲ្យស្នាមជ្រួញក្រោមភ្នែកបង្ហាញចេញមកច្បាស់លើគោក។
៣. ប្រើគ្រឿងសំអាងខុសកន្លែង
ឧទាហរណ៍ដូចជា គូល័រថ្ពាល់គឺត្រូវប្រើនៅលើថ្ពាល់ តែដោយសារតែចង់មើលទៅប្លែក និងទាន់សម័យ អ្នកខ្លះបានលាបវាខ្ពស់រហូតដល់សៀតផ្កា។ ការផាត់មុខបែបនេះ នឹងធ្វើឲ្យមុខយើងផតខូងចូលក្នុង ចាស់មុនអាយុ។
៤. រើសម្សៅទ្រនាប់ខុស
នៅពេលអ្នកស្ថិតក្នុងវ័យយុវវ័យ ស្បែកអ្នកអាចនឹងបញ្ចេញជាតិខ្លាញ់លើសកម្រិតដែលធ្វើឲ្យអ្នកត្រូវប្រើប្រភេទម្សៅទ្រនាប់ស្ងួត ទប់ស្កាត់ជាតិខ្លាញ់។ យ៉ាងណាក្ដី នៅពេលឈានចូលវ័យកណ្ដាល ស្បែកយើងអាចនឹងមានជាតិខ្លាញ់តិច ឬគ្មានតែម្ដង ដូចនេះបើនៅតែបន្តប្រើម្សៅទ្រនាប់ប្រភេទនេះ ស្បែករបស់អ្នកនឹងត្រូវហួតហែងខ្វះជាតិទឹក បង្កឲ្យមានស្នាមជ្រួញមុនអាយុ៕
ចុចអាន៖
រឿង៦យ៉ាងដែលត្រូវធ្វើមុនពេលផាត់មុខដើម្បីកុំឲ្យខូចស្បែក
ការធ្វើខ្លួនផ្សេងៗរបស់មនុស្សស្រី ដែលប្រុសៗគិតថាមិនទាក់ទាញទាល់តែសោះ