អ្នកនៅលីវមើលឱ្យហើយ! សម្រាលកូនរួច រាងកាយមនុស្សស្រីប្រែប្រួលនឹកស្មានមិនដល់
- 2018-01-24 00:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនៅលីវមើលឱ្យហើយ! សម្រាលកូនរួច រាងកាយមនុស្សស្រីប្រែប្រួលនឹកស្មានមិនដល់
ការមានផ្ទៃពោះកូនដោយខ្លួនឯងគឺជាក្ដីសុខធំបំផុតរបស់ស្ត្រីគ្រប់រូប។ ប៉ុន្តែទន្ទឹមនឹងសុភមង្គលមួយនេះ នារីៗក៏នឹងត្រូវជួបប្រទះនូវបម្រែបម្រួលរាងកាយស្ទើរតែគ្រប់ផ្នែក ដូចជាបាត់បង់សម្រស់ ញាណទាំង៥ចាប់ផ្ដើមប្រែប្រួលខុសពីមុនដែលនឹងត្រូវចំណាយពេលយូរដើម្បីបានមកដូចដើមវិញ ឬបើនារីៗមិនបានយកចិត្តទុកដាក់ទេ អាចនឹងធ្វើឱ្យរាងកាយកាន់តែទ្រុឌទ្រោមបាន។
១-ខួរក្បាល
ប្រហែល៩០% ស្ត្រីដែលសម្រាលកូនរួចច្រើនជួបប្រទះបញ្ហាបាត់បង់សមត្ថភាពចងចាំខុសពីមុន ដែលនេះបណ្ដាលឱ្យមកពីការផលិតអរម៉ូនក្នុងពេលពរពោះហើយប៉ះពាល់ដល់ខួរក្បាល។ ជាក់ស្ដែង ការកើនឡើងនៃអរម៉ូន Estrogen ក្នុងអំឡុងពេលមានផ្ទៃពោះបានប៉ះពាល់ទៅដល់ការវិវត្តផ្នែកសំខាន់ៗក្នុងប្រព័ន្ធប្រសាទរបស់ស្ត្រី។ វាអាចមានចំនួនកើនឡើងច្រើនជាងពេលធម្មតាដល់ទៅរាប់រយដងឯណោះ ទើបធ្វើឱ្យសមត្ថភាពខួរក្បាលជួបបញ្ហាបែបនេះ។ ក្រៅពីនេះ អារម្មណ៍ស្ត្រេសនិងការគិតច្រើនក៏អាចបណ្ដាលឱ្យទៅជាមានការភ្លេចភ្លាំងច្រើន ទាំងក្នុងពេលពរពោះនិងក្រោយពេលសម្រាល។
២-សក់
អាការៈជ្រុះសក់ក្រោយពេលសម្រាល កើតឡើងមកពីកង្វះជីវជាតិនៃអរម៉ូន។ ដោយសារតែកម្រិតអរម៉ូន Estrogen មានការកើនឡើងច្រើនជាងពេលធម្មតាដូចបានរៀបរាប់នៅចំណុចខាងលើ អាយុកាលនៃសក់របស់ស្ត្រីក៏កើនឡើងបានយូរជាងមុន ប៉ុន្តែក្រោយពេលទារកកើតហើយ កម្រិត Estrogen ត្រូវថយចុះមកនៅត្រឹមកម្រិតធម្មតាដូចមុនពេលមានផ្ទៃពោះ ទើបបណ្ដាលឱ្យសក់ទៅជាជ្រុះច្រើនបែបនេះ។
៣-ភ្នែក
ភ្នែកគឺជាសរីរាង្គដែលឆាប់ចុះខ្សោយបំផុត ហើយក៏ងាយនឹងរងការប៉ះពាល់ខ្លាំងជាងគេក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល។ អាការៈមួយចំនួននៃបញ្ហាភ្នែករបស់ស្ត្រីមានផ្ទៃពោះនិងក្រោយសម្រាលមានដូចជា ភ្នែកឡើងស្ងួត មើលលែងសូវច្បាស់ មីញ៉ូប ឬជំងឺឡើងសំពាធទឹកក្នុងភ្នែកជាដើម។
៤-ត្រចៀក
អំឡុងពេលនេះ ស្ត្រីអាចជួបប្រទះអាការៈហ៊ឹងត្រចៀក ដែលមិនត្រឹមតែនាំឱ្យស្ដាប់អ្វីមិនច្បាស់ទេ តែអាចនាំឱ្យស្ត្រីឮសំឡេងប្លែកៗ ឬដូចមានអ្វីកោសនៅក្នុងត្រចៀកជាដើម។ ប៉ុន្តែការហ៊ឹងត្រចៀកនេះអាចកើតឡើងតាមស្ថានភាពរបស់មនុស្សខុសៗគ្នា អ្នកខ្លះកើត អ្នកខ្លះក៏អត់ អ្នកខ្លះកើតតិចតួច អ្នកខ្លះកើតខ្លាំងតែម្ដង។
៥-ពោះ
ក្នុងពេលមានផ្ទៃពោះ ស្បែកពោះរបស់ស្ត្រីអាចឡើងសង្វារ ដែលពេលចាប់ផ្ដើមដំបូងអាចមានពណ៌ស និងប្ដូរទៅជាពណ៌ផ្កាឈូកក្រហម។ ស្នាមសង្វារនេះជាធម្មតាមិនអាចបាត់ទៅវិញទេ ទើបស្ត្រីមានផ្ទៃពោះពិបាកនឹងស្លៀកពាក់សម្លៀកបំពាក់ចេញសាច់ក្បាលពោះដូចពីមុនណាស់។ ក្រៅពីសង្វារ សាច់ក្បាលពោះ និងត្រគាកក៏ត្រូវយារធ្លាក់ ជ្រីវជ្រួញ ប៉ុន្តែបើស្ត្រីចេះថែរក្សាខ្លួន រាងកាយស្រឡូនអាចត្រឡប់មកវិញបាន។
៦-ទ្វារមាស
តំបន់សម្ងាត់របស់ស្ត្រីគឺជាកន្លែងដែលរងគ្រោះខ្លាំងជាងគេក្នុងពេលសម្រាលកូន ដោយសារត្រូវរីកធំខុសពីធម្មតាជាច្រើនដង។ មិនត្រឹមតែប៉ុណ្ណឹង បើទ្វារមាសរបស់នារីមិនសូវរីកធំក្នុងអំឡុងពេលនោះ គ្រូពេទ្យនឹងច្រឹបបន្តិចដើម្បីឱ្យវារីកងាយស្រួលសម្រាល។ ទោះបីមានការដេរភ្ជិតទៅវិញក្រោយពេលបង្កើតកូនរួច ក៏ទំហំនិងទ្រង់ទ្រាយរបស់វាមិនដូចដើមដែរ។
៧-ដើមទ្រូង
ផ្នែកដើមទ្រូងរបស់ម្ដាយនឹងក្លាយជាយារធ្លាក់ ហើយបើម្ដាយដែលបំបៅកូន វាក៏កាន់តែលែងតឹងណែនដូចស្រីក្រមុំ ព្រោះវានឹងឡើងធំជាងមុន។ ចំណែកកាលពីពេលពរពោះ ស្ត្រីភាគច្រើនត្រូវជួបប្រទះនឹងសង្វាររងើមពេញដើមទ្រូង ក្បាលសុដន់ប្រែទៅជាពណ៌ខ្មៅ លែងស្រស់ស្អាត។
៨-រាងកាយទាំងមូល
ទាំងក្នុងពេលពរពោះនិងក្រោយសម្រាល អ្នកម្ដាយត្រូវតែបង្ខំខ្លួនញ៉ាំឱ្យបានច្រើនដើម្បីផ្ដល់ជីវជាតិដល់កូននិងខ្លួនឯង។ ជាលទ្ធផល ស្ត្រីភាគច្រើនត្រូវមានរូបរាងធាត់ ហើយផ្នែកខ្លះក៏ទៅជាយារធ្លាក់ដូចជា ស្បែកពោះ ដើមដៃជាដើម។ ប៉ុន្តែអ្នកអាចមានរូបរាងស្អាតឡើងវិញបាន ដោយការហាត់ប្រាណ ឬលេងកីឡាក្រោយរយៈពេលសម្រាលកូនសមស្របណាមួយ ដោយពិភាក្សាជាមួយវេជ្ជបណ្ឌិតច្បាស់លាស់។
៩-ផ្លូវចិត្ត
ការបញ្ចប់នៃបម្រែបម្រួលអរម៉ូនក្នុងរាងកាយ និងការថែរក្សាកូនគឺជាដំណាក់កាលពិបាកមួយសម្រាប់នារី ដែលអាចបង្កទៅជាអារម្មណ៍ស្ត្រេស ឆាប់ប៉ះពាល់ផ្លូវអារម្មណ៍ ឆាប់ខឹងមួម៉ៅ។ ដំណាក់កាលនេះ ប្ដីប្រពន្ធមួយចំនួនអាចមានបញ្ហាក្នុងគ្រួសារដោយការមិនយល់អារម្មណ៍ភរិយា និងការមិនយកចិត្តទុកដាក់របស់ស្វាមី៕
ចុចអាន៖
ស្ត្រីមានផ្ទៃពោះ ត្រូវតែចៀសវាងអាហារទាំងនេះជាដាច់ខាត
៣ ចំណុចស្ត្រីចាំបាច់យល់ដឹងពេលព្យាយាមសម្រកទម្ងន់ ក្រោយសម្រាលកូន