ហេតុផលនាំឲ្យស្នេហ៍ត្រូវចប់ ព្រោះបងល្បីពេក ដូចនេះអូនមិនសមនឹងបងទេ!
- 2017-08-02 07:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលនាំឲ្យស្នេហ៍ត្រូវចប់ ព្រោះបងល្បីពេក ដូចនេះអូនមិនសមនឹងបងទេ!
នៅពេលគេមិនទាន់ក្លាយជាអ្នកថតរូបល្បីឈ្មោះ ពួកយើងស្រលាញ់គ្នាខ្លាំងណាស់ ទោះជាខូចខិលមែន តែខ្ញុំអាចទប់ទល់នឹងស្រីៗដែលចង់មកតោងគាត់បានដែរ។ តែក្រោយមកខ្ញុំចាប់ផ្ដើមមានអារម្មណ៍ហត់នឿយនឹងរកវិធីដេញស្រីៗដែលព្យាយាមទាក់ទងបុរសដ៏សង្សារ ពូកែ និងមានមន្តស្នេហ៍ម្នាក់នេះណាស់។
ដំបូងយើងស្គាល់គ្នាព្រោះរូបថតខ្ញុំ១សន្លឹក ដែលគាត់ថតបានដោយចៃដន្យ ក្រោយមកគាត់ក៏ព្យាយាមតាមញ៉ែខ្ញុំដោយផ្ញើរូបនោះមក ហើយឲ្យខ្ញុំ confirm FB វិញ។ ទីបំផុតយើងក្លាយជាសង្សារនឹងគ្នាទាំងខ្ញុំដឹងថាគាត់មានស្រីច្រើនរាប់មិនអស់ ហើយមិនដឹងថាខ្លួនឯង ជាសង្សារទីប៉ុន្មានដែរ តែគាត់ហ៊ានសន្យាថាផ្ដាច់ទំនាក់ទំនងជាមួយពួកនាងៗឲ្យអស់។ ដោយសារឃើញរូបដែលគាត់ថតស្អាតៗ ព្រមទាំងទេពកោសល្យ ខ្ញុំក៏ជំរុញមិត្តប្រុសឲ្យប្រកួតទាក់ទងនឹងកម្មវិធីថតរូប ទីបំផុតគាត់ក៏ជាប់លេខ១ និងមានការងារច្រើនណាស់ ហើយស្រីក៏កាន់តែច្រើនឡើងៗដែរ។
ពីមួយថ្ងៃទៅមួយថ្ងៃការងារគេកាន់តែរវល់ រវល់ដល់ថ្នាក់ភ្លេចថាមានខ្ញុំជាសង្សារ។ យើងទាំងពីរខានទាក់ទងគ្នាយូរខ្លាំងណាស់ រហូតដល់ខ្ញុំអន់ចិត្តក៏ unfriend គេលើ FB ហើយថែមទាំង block លេខគេចោលទៀត តែអ្វីដែលធ្វើឲ្យខ្ញុំរឹតតែអស់សង្ឃឹម គាត់មិនខ្ចីយកលេខផ្សេងតេមក រហូតមានថ្ងៃមួយបងប្រុសគេបានតេមកប្រាប់ខ្ញុំ ឲ្យទៅយករបស់គាត់ខំទិញផ្ញើពីបរទេស នៅបន្ទប់ជួលក្នុងខុនដូ ព្រោះសង្សារខ្ញុំបដិសេធមិនយកមកឲ្យ ដោយហេតុផលរវល់ ហើយគេចង់ឲ្យខ្ញុំទៅយកដើម្បីបាននិយាយគ្នា។
ខ្ញុំមាន keycard បន្ទប់គេ ដូចនោះហើយវាក៏ជាមូលហេតុដែលធ្វើឲ្យបេះដូងខ្ញុំរលាយអស់ដែរ។ គេធ្លាប់ឲ្យសោរ ព្រោះចង់ឲ្យខ្ញុំចេញចូលដោយសេរី តែបែរជាជួបរឿងមិននឹកស្មានដល់ទៅវិញ។ រាល់ដង មុនទៅខ្ញុំតែងខលប្រាប់មិត្តប្រុស ឬបងគេជានិច្ច ហើយតាមទម្លាប់ល្ងាចម៉ោង ៦ បានបងប្អូនគេពីរនាក់ចេញពីធ្វើការ ទម្រាំទៅដល់ម៉ោងជិត ៧ ឯណោះ។ ព្រោះមិនចង់ឃើញមុខ និងចង់ឲ្យគេតាមអង្វរវិញផង ឆ្លៀតពេលសម្រាកថ្ងៃត្រង់ខ្ញុំទៅយកវត្ថុអនុស្សាវរីយ៍នោះនៅ ខុនដូគេ ព្រោះនៅជិតកន្លែងធ្វើការខ្ញុំដែរ តែពេលទៅដល់ខ្ញុំបែរជាទន់ដៃជើងអស់ ព្រោះឃើញមិត្តប្រុសខ្លួនឯង និងស្រីម្នាក់នៅលើគ្រែដោយគ្មានខោអាវសោះ។
ពេលនោះខ្ញុំភាន់ភាំងអស់ហើយ ធ្វើអ្វីក៏មិនត្រូវ ទឹកភ្នែកក៏មិនដឹងទៅណាអស់ដែរ តែខំតាំងចិត្តនិយាយសម្ដីនិយាយប៉ុន្មានម៉ាត់នេះ "សុំទោសខ្ញុំមករំខាន យករបស់រួចខ្ញុំទៅវិញហើយ”។ នេះឃើញផ្ទាល់ភ្នែក ចុះកន្លងមកខ្ញុំមិនឃើញ មិនដឹង តើ???????? ខ្លួនញ័រទទ្រើកមិនអាចទៅក្រុមហ៊ុនវិញបាន មានតែជិះម៉ូតូទៅផ្ទះទាំងគ្មានព្រលឹងក្នុងខ្លួន។
ខ្ញុំមកដល់មុខបន្ទប់ជួល គេក៏មកដល់ដូចគ្នា ខ្ញុំមានអារម្មណ៍ថាខ្លួនទាំងមូលស្ពឹកអស់ហើយ ដូចនេះហើយមិនដឹងថាឈឺចាប់ឬក៏អត់ទេ។ គេដើរតាមខ្ញុំដោយមិននិយាយអ្វីទាំងអស់ ពេលទៅដល់ក្នុងបន្ទប់ គាត់ចាប់ផ្ដើមនិយាយ៖
គាត់៖ "អ្វីដែលអូនឃើញមិនមែនជាការពិតទេ”
ខ្ញុំ៖ "ចុះការពិតជាស្អី?”
គាត់៖ "គេគ្រាន់តែបងឲ្យបងថតរូបប៉ុណ្ណោះ”
ខ្ញុំ៖ "គ្រាន់តែថតរូបសោះចាំបាច់ស្រាតទាំងអស់ដែរ?”
គាត់៖ "នោះជាសិល្បៈរបស់គេទេ”
ខ្ញុំ៖ "ចឹងបងដោះខោអាវបងចេញ ក៏ជាសិល្បៈថតរូបផស់បងដែរមែន?”
គាត់៖ "Ok បើនិយាយតទៀតពួកយើងមានតែឈ្លោះគ្នាទេ ព្រោះអូនឯងអត់យល់”
ខ្ញុំ៖ "បើបងមិននិយាយពេលនេះឲ្យអស់ ពួកយើងគ្មានឱកាសនិយាយគ្នាទៀតទេ”
គាត់៖ "ចង់មានន័យថាមេច?”
ខ្ញុំ៖ "មានន័យថាពួកយើងបែកគ្នាទៅ អូនហត់ហើយដែលកុហកខ្លួនឯងថាបងមានតែអូនម្នាក់ ហត់ដែលតាមឃាត់ឃាំងបងពីស្រីៗអស់នោះ ហត់នឹងភាពឈឺចាប់ ហត់នឹងតាមបង ហត់គ្រប់យ៉ាង តាំងពីកើតមកអូនអត់ដែលមានអារម្មណ៍ថាហត់បែបនេះសោះ”។
គាត់៖ "ស្រលាញ់បង ធ្វើឲ្យអូនហត់ដល់ថ្នាក់នេះផង? បងសុំទោសបងស្បថបងមិនធ្លាប់ក្បត់ចិត្តអូនទេ បង...”
ខ្ញុំ៖ "បងគ្រាន់តែអផ្សុកដែលអូនមិនដែលបំពេញបំណងមួយនោះរបស់បង? អូនគិតថា បងមានឈ្មោះល្បីហើយរូបសង្ហា ទៀត ពូកែក៏ពូកែ មិនខ្វះអ្នកចង់ផ្គាប់ចិត្តបែបនោះទេ អូនគិតថាអូនមិនសមនឹងបងទេ ព្រោះអូនជាមនុស្សចិត្តចង្អៀតមិនចង់ចែករំលែកអ្វីដែលខ្លួន ស្អប់ការកុហក អូនហត់ហើយ អូនចង់នៅម្នាក់ឯង បងទៅចុះ”។
គេក៏បានចាកចេញមែន តាំងពីថ្ងៃកើតហេតុមកទល់ពេលនេះជាង ១ ឆ្នាំហើយ ពួកយើងក៏មិនដែលទាក់ទងគ្នាទៀតដែរ ខ្ញុំមិនទាន់មានស្នេហាទៀត ហើយអ្វីៗដែលមានក៏បំផ្លាញចោលអស់ដែរ ព្រោះខ្ញុំមិនចង់រំលឹករឿងកន្លង។ ខ្ញុំមិនស្ដាយក្រោយដែលជាកត្តាជំរុញឲ្យគាត់មានឈ្មោះល្បីឡើយ គ្រាប់តែមិននឹកស្មានថាភាពល្បីល្បាញនោះធ្វើឲ្យស្នេហាពួកយើងបញ្ចប់ដោយគ្មានន័យ។ តែសូមជូនពរបងឲ្យកាន់តែល្បី និងមានក្ដីសុខនូវអ្វីដែលខ្លួនកំពុងធ្វើ ពីអូនមនុស្សស្រីសាមញ្ញ!
អត្ថបទ៖ផ្ដល់ឲ្យ
ចុចអាន៖ធ្លាប់អត់ តែងតែគិតថាគេស្រឡាញ់យើងវិញ ទាំងការពិតមិនមែន?