បទពិសោធន៍​កូន​ប្រសា​ស្រី ៨ រូប​ដែលធ្វើឲ្យ​ឪពុក​ម្ដាយ​ក្មេក​ស្រលាញ់​ជាង​កូន​បង្កើត​ទៅ​ទៀត

  • 2017-03-06 04:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗពេល​រៀបការ​រួច​ តែងព្រួយ​បារម្ភ​ពី​ទំនាក់ទំនង​ខ្លួន​ជា​មួយ​​ឪពុក​ម្ដាយ​ក្មេក ព្រោះ​មិន​ធ្លាប់​រស់នៅ​ជាមួយ​ ឬ​ដឹង​ចិត្តពួក​គាត់​។ ដូចនេះ​ស្រី​ៗ​យើង​គួរ​រៀនសូត្រពី​អ្នក​មាន​បទពិសោធន៍​ទាំង ៨ រូប​ខាងក្រោម ​ដើម្បី​ធ្វើឲ្យ​​ឪពុក​ម្ដាយ​ក្មេក​ស្រលាញ់​៖

សុម៉ាលី៖ «អ្វី​ដែល​ធ្វើ​ឲ្យ​បង​យក​ឈ្នះ​ចិត្ត​ម្ដាយ​ក្មេក​បង​បាន គឺ​ការ​បំពេញ​កិច្ចការ​ជា​កូន​ប្រសា​ល្អ​។ អូន​ដូច​ដឹង​ស្រាប់​ហើយ​ខ្មែរ​យើង​ឲ្យ​តម្លៃ​លើ​កូន​ប្រសា​ស្រី​ណា​ដែល​បំពេញ​ការងារ​ក្នុង​ផ្ទះ​បាន​ល្អ ហើយ​បើ​ទោះ​ជា​បង​មាន​ការងារ​ធ្វើ​ក្រៅ​ផ្ទះ​ហត់​នឿយ​យ៉ាង​ណា​ក៏​ដោយ ពេល​ចូល​មក​ដល់​ក្នុង​ផ្ទះ​ភ្លាម​បង​ត្រូវ​បំពេញ​ភារកិច្ច​ជា​កូន​ប្រសា, ជា​ប្រពន្ធ, ជា​ម្ដាយ ព្រោះ​ចាស់​ៗ​​ស្រលាញ់​កូន​ប្រសា​ស្រី​ដែល​ចេះ​រៀបចំ​ទុក​ដាក់​ផ្ទះ​សំបែង​»។

សុខទៀង៖ «ជីវិត​ពិត​មិន​ដូច​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ទេ មិន​ប្រាកដ​ថា​ឪពុកម្ដាយ​ក្មេក​ទាំងអស់​សុទ្ធតែ​ស្រួល ឬ​ពិបាក​ឡើយ។ ធ្វើ​ខ្លួន​ធម្មតា​ៗ​ដូច​ពេល​នៅ​ជាមួយ​ឪពុក​ម្ដាយ​យើង​ទៅ ហើយជៀសវាង​​ធ្វើ​រឿង​ដែល​ពួក​គាត់​មិនចូលចិត្ត។ ម្យ៉ាង​ទៀត​ត្រូវ​ចេះ​ជួយ​កិច្ចការ​គាត់ ទោះ​ជា​គាត់​មិន​ប្រើ​ក៏​ដោយ»។

រូបតំណាង

**វិច្ឆិកា**៖ «ឪពុក​ម្ដាយ​ក្មេក មិន​ដូច​ឪពុក​ម្ដាយ​បង្កើត​យើង​ទេ​អូន ដូចនេះ​ត្រូវ​តែ​យក​ចិត្ត​តិច​ហើយ។ មុន​រៀបការ​យើង​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ពួក​គាត់​ជាមុន​សិន ទើប​ការ​រួច​គ្មាន​ភាព​រកាំរកូស​គ្នា។ ក្នុង​នាម​យើង​ជា​កូន​ប្រសា​ស្រី​ត្រូវ​ដឹង​ថា​ពួក​គាត់​ចូលចិត្ត ឬ​មិន​ចូល​ចិត្ត​ញ៉ាំ​ម្ហូប​អ្វី, ពណ៌​អ្វី, កាយវិការ ឬ​ការ​និយាយ​ស្ដី​បែប​ណា​ខ្លះ ចឹង​ទើប​ធ្វើ​មិន​ខុស​ចិត្ត​គាត់»។

ស្រីអូន៖ «បើ​ចំពោះ​​ប៉ា​ម៉ាក់​ក្មេក​ខ្ញុំ​គាត់​ជា​មនុស្ស​ស្រួល​ណាស់ ពួក​គាត់​អត់​ចេះ​មើល​បំណាំ​កូន​ប្រសា​ស្រី​ទេ។ ពួក​យើង​ធ្វើ​ធម្មតា​ៗ មិន​បាច់​រៀប​ឫកពា​ទេ ហើយ​កុំ​ធ្វើ​ជា​មនុស្ស​នៅ​មុខ​គាត់​ធ្វើ​ផ្សេង ក្រោយ​ខ្នង​ធ្វើ​ផ្សឹង​ទៅ​បាន​ហើយ ព្រោះ​ពួក​គាត់​ចាស់​ៗ​គាត់​អាច​មើល​ធ្លុះ​ពី​អត្តចរិត​មនុស្ស​បាន»។

ស្រីម៉ុច៖ «វិធី​ធ្វើឲ្យ​ម៉ាក់​ប៉ា​ក្មេក​បង​ស្រលាញ់​គឺ​ងាយ​បំផុត បង្កើត​កូន​ឲ្យ​ច្រើន​ៗ​ដើម្បី​ឲ្យ​គាត់​បាន​មើល​ប្រឡែង​លេង​ជា​ការ​ស្រេច។ ពួក​គាត់​ចាស់​ៗ​អស់​ហើយ ហើយ​មាន​កូន​ប្រុស​តែ​មួយ​ទៀត ហើយ​កូន​ស្រី​ពី​នាក់​ទៀត​នៅ​បរទេស ចឹង​ពួក​គាត់​នៅ​ផ្ទះ​អផ្សុក​ណាស់ ពេល​មាន​ចៅ​ពរ​ចឹង​ទៅ​គ្មាន​ត្អូញ​អី​ម៉ា​តិច​ទេ មាន​តែ​ឲ្យ​សុំ​ឲ្យ​បង​យក​កូន​ពីរ បី​នាក់​ទៀត​ទៅ»។

សុខា៖ «ការ​ពិត​ខ្ញុំ​ជា​មនុស្ស​និយាយ​លេង​សើច​ច្រើន ហើយ​ពូកែ​ងក់​ងរ​ជាមួយ​ប្ដី​ណាស់។ តែ​នៅ​ចំពោះ​មុខ​ប៉ា​ក្មេក ខ្ញុំ​មិន​ដែល​ធ្វើ​ចារិក​អស់​ទាំង​នេះ​មក​ឲ្យ​ឃើញ​ឡើយ ធ្វើ​សុភាព​ៗ​ទៅ។ ធ្វើ​បែប​នេះ​អាច​ថា​ខ្ញុំ​ជា​មនុស្ស​រៀប​ឫកពា​ក៏​ថា តែ​ក្នុង​នាម​កូន​ប្រសា​ស្រី​ត្រូវ​ដឹង​ថា​ចាស់​ៗ​ចូលចិត្ត​អ្នក​សុភាព​ៗ»។

សម្ផស្ស៖ «ក្នុង​នាម​ជា​កូន​ប្រសា​ស្រី​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​អូន សម្រាប់​បង​វិធី​ដែល​ធ្វើឲ្យ​ពួក​គាត់​ស្រលាញ់​បង​បាន គឺ​ភាព​តស៊ូ​អត់ធ្មត់ ពុះពារ​កិច្ចការ​សព្វបែបសព្វយ៉ាង។ ម្យ៉ាង​ទៀត​បើ​គាត់​ស្ដី​បន្ទោស​រឿង​អ្វី​មួយ​ត្រូវ​ខាំមាត់​សង្កត់​ចិត្ត មិន​តតាំង​តប​វិញ​ទ្រាំ​ទទួល​យក​ទាំង​ខ្លួន​មិន​ខុស»។

រតនា៖ «ចង់​ឲ្យ​គ្រួសារ​សុខសាន្ត គឺ​យើង​ជា​កូន​ប្រសា​ស្រី​នេះ​ឯង​ត្រូវ​ចុះ​សម្រុង​ជាមួយ​ឪពុក​ម្ដាយ​ក្មេក។ វិធី​ដែល​ធ្វើឲ្យ​ម៉ាក់​ក្មេក​ខ្ញុំ​ស្រលាញ់​គឺ​ភាព​រឹងមាំ។ ទោះ​ជា​មាន​រឿង​អ្វី​ក៏​ខ្ញុំ​មិន​ងាយ​សុំ​ជំនួស​ពី​ប្ដី ឬ​នរណា​ទាំងអស់ បង្ហាញ​ពី​ភាព​ខ្លាំង​ឲ្យ​សាច់ញាតិ​គាត់​ឃើញ​ថា យើង​ពិត​ជា​មាន​សមត្ថភាព»៕

ចុះ​មិត្ត​ៗ​ស្រ្តី​ដទៃ​ទៀត​មាន​វិធី​អ្វី​ផ្សេង​អត់?

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម