សញ្ញា​ទាំង ​៩ ​ដែល​ជីវិត​ប្ដី​ប្រពន្ធ​អាច​ឈាន​ដល់​ការលែងលះ

  • 2017-02-06 04:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រី​មិន​ប្រាថ្នា​អ្វី​ក្រៅពី​សេចក្ដីសុខ​ក្នុងរង្វង់​ក្រុមគ្រួសារ​ដែលមាន​ប្ដីប្រពន្ធ​ចេះ​ស្រលាញ់គ្នា ​និង​មានកូនៗ​ដើរ​តាមដំបូន្មាន​របស់​ឪពុកម្ដាយ​ឡើយ។ មិនខុស​ពី​ពាក្យចាស់​តែង​ពោលថា​ចាន​ក្នុង​រាវ​តែង​មានការ​ប៉ះទង្គិច​យ៉ាងណាមិញ​ជីវិត​ប្ដីប្រពន្ធ​ក៏​ដូចគ្នា​ដែរ តែបើមានសញ្ញាទាំង៩ខាងក្រោមនេះ បញ្ជាក់​ជីវិត​ប្ដី​ប្រពន្ធ​អាច​ឈានដល់​ផ្លូវបំបែក៖

១ គាត់​មិនខ្វល់​ពី​អារម្មណ៍​របស់អ្នក៖ នេះ​មានន័យថា​គាត់​មិន​ចាប់អារម្មណ៍​នឹង​អ្នកទៀត​ឡើយ គាត់​​នឹង​មិន​ខ្វាយខ្វល់​អំពី​អ្នកថា​ តើអ្នកពេញចិត្ត​នឹង​ទង្វើ​ដែលគាត់​ធ្វើ​ឬក៏​អត់នោះ​ដែរ។ ពេល​ខ្លះ​គាត់​ដឹង​ថា​អ្នក​មិន​ចូលចិត្ត​ឱ្យគាត់​ធ្វើ​បែបនេះ​ឡើយ​ប៉ុន្តែគាត់​នៅតែ​មានះ​ធ្វើដដែល។

២ គាត់​លែង​ព្យាយាម​ដោះស្រាយ​វិវាទ៖ កាល​ពីមុន​នៅពេលដែល​អ្នកទាំងពីរ​កំពុងតែ​ស្រលាញ់​គ្នា​ល្អូកល្អឺន គឺគាត់​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យអ្នក​សប្បាយចិត្ត ​នៅពេលដែល​អ្នក​ខឹង ​គាត់​នឹង​ព្យាយាម​លួងលោម​អ្នក ​អង្វរក​ឱ្យ​អ្នក​ឈប់ខឹង​នឹងគាត់ ​ប៉ុន្តែនៅពេល​ដែល​ស្នេហា​អ្នក​ទាំងពីរ​ដល់ពេល​ប្រកាស​អាសន្ន ​គាត់នឹង​លែង​ធ្វើអ្វី​ទាំងអស់។

៣ គាត់​តែង​ធ្វើ​ឱ្យ​អ្នក​បាក់​ទឹកចិត្ត៖ គាត់​នឹង​លែង​លើក​ទឹកចិត្ត​អ្នក ​លើក​សរសើរ​អ្នក ​និង​ជួយ​ជម្រុញ​អ្នក​ទៀត​ឡើយ។ ទាំង​គោលដៅ ​មហិច្ចតា និង​ការគិត​របស់​អ្នក​គឺ​លែងជា​ការ​ចាប់អារម្មណ៍​របស់គាត់​ទៀតហើយ។ គាត់តែង​បំបាក់​ទឹកចិត្ត​អ្នក​ដោយ​ពាក្យ​សម្ដី​និង​ការ​បង្ហាញ​ចេញ​នូវ​កាយ​វិការ​ផងដែរ។

៤ គាត់​តែង​ទៅ​កម្សាន្ត​នៅ​ខាងក្រៅ​ដោយ​គ្មាន​វត្តមាន​របស់អ្នក៖ គាត់​លែង​មាន​អារម្មណ៍​ល្អ​ក្នុងការ​ចេញទៅ​កម្សាន្ត​នៅខាងក្រៅ​ជាមួយ​អ្នក គាត់​លែង​គិតគូ​អំពី​អ្នក នេះ​អាចមក​ពី​គាត់​តែង​មាន​អារម្មណ៍​មិនល្អ​នៅពេល​នៅក្បែរ​អ្នក។ គាត់​តែង​ទុក​អ្នក​ចោល​នៅ​ផ្ទះ​ម្នាក់ឯង ឬ​ជាមួយ​កូនៗ ​ហើយ​គាត់​ទៅក្រៅ​សប្បាយ​ជាមួយមិត្ត​ភ័ក្ដិ ​ឬ​មនុស្ស​ស្រី​ផ្សេង​ក៏​ថា​បាន។

៥ អ្នក​ទាំងពីរ​តែង​ឈ្លោះ​គ្នា​ដោយសារ​រឿង​តូចតាច​បំផុត៖ ការ​ចេះ​អត់អោន​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក​គឺជា​ការប្រសើរ​ ប៉ុន្តែ​ជាធម្មតា​មនុស្ស​តែ​អស់​ការ​ស្រលាញ់​ពេញចិត្ត​ហើយ ​ធ្វើអ្វី​ក៏​មិន​ត្រូវ​ចិត្ត​នោះ​ដែរ។ ពេលខ្លះ​រឿង​តូចតាច​ដែល​មិនគួរ​ឱ្យ​ខឹងសម្បារ​សោះ​ក៏​អ្នក​ទាំងពីរ​លើក​យក​មក​ឈ្លោះ​ប្រកែក​គ្នាដែរ។

៦ គាត់​លែង​ចង់​និយាយ​ជាមួយ​អ្នក៖ មនុស្ស​នៅពេល​ដែល​អស់​ចិត្ត​ស្រលាញ់ ​សូម្បី​តែ​មុខ​ក៏​មិន​ចង់​មើល​ដែរ​កុំ​ថាឡើយ​តែ​និយាយ​ជាមួយ​ទៀត​នោះ។ ពេលខ្លះ​ការដែល​នៅតែ​បណ្ដោយ​ឱ្យ​ការ​មិន​និយាយ​រកគ្នា​នេះ​កាន់តែយូរ​នោះ​ទំនាក់ទំនង​របស់អ្នក​ទាំងពីរ​នឹង​កាន់តែ​ខ្សោះ​កក្រោះ​និង​កាន់​តែ​ឆ្ងាយ​ពីគ្នា។

៧ គាត់​តែង​ខឹង​គ្មាន​ក្បាល​គ្មាន​កន្ទុយ៖ គាត់​តែង​មានអារម្មណ៍​ខឹង​សម្បារ ​និង​មួមៅ ​បើ​ទោះ​ជា​អ្នក​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏ដោយ។ គាត់​ទើស​ភ្នែក​រាល់​គ្រប់​ទង្វើ​ដែល​អ្នក​បាន​ធ្វើ។ ពេល​ខ្លះ​អ្នក​ខំ​ធ្វើល្អ​ដើម្បី​យកចិត្តគាត់ ​ក៏​គាត់​មិនពេញចិត្ត ​ហើយ​បែរ​ជា​ធុញទ្រាន់​នឹង​អ្នក​ទៅ​វិញ។

៨ អ្នក​លែង​ចង់​ចូល​ផ្ទះ៖ គ្រួសារ​មួយ​ដែល​ប្រកប​ដោយ​ភាព​រីករាយ ​មិនថា​អ្នកណា​ក៏​ដូច​អ្នកណា​ដែរ​តែង​បន់​ឱ្យ​តែ​ឆាប់​ដល់​ម៉ោង​ចេញ​ពីផ្ទះ នឹង​អាល​បាន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ ​ប៉ុន្តែ​នៅពេល​មួយ​ដែល​អ្នក​លែង​មាន​អារម្មណ៍​បែបនោះ​ហើយ​បែរ​ជា​មាន​អារម្មណ៍​ថា​នៅខាងក្រៅ​ប្រសើរ​ជាង​ទៅ​ផ្ទះ ​នោះជីវិត​ប្ដីប្រពន្ធ​របស់​អ្នក​ទាំងពីរ​ជិត​ដើរ​សល់​ផ្លូវ​បំបែក​ហើយ។

៩ អ្នក​ឱ្យ​អាទិភាព​ទៅ​អ្នក​ដទៃ​មុន​ស្វាមី​របស់​អ្នក៖ កាលពីពេល​ដែល​ស្នេហា​របស់​អ្នក​ទាំងពីរ​នៅ​ផ្អែមល្ហែម​អ្នក​ដែល​អ្នកតែង​គិត​ដល់​មុន​គេ​គឺ​ស្វាមី​របស់អ្នក។ មិន​ថា​ពេល​រីករាយ ​ពេល​កើតទុក្ខ​ឡើយ​អ្នក​ដែល​អ្នក​នឹក​ឃើញ​មុនគេ​គឺ​គាត់។ ប៉ុន្តែ​នៅពេលដែល​ស្នេហា​ហាក់​មាន​តែ​ភាព​រកាំរកូស ​នោះ​ស្វាមី​របស់អ្នក​លែង​ជា​អាទិភាព​ទីមួយ​ក្នុង​ចិត្ត​របស់​អ្នក​ទៀត​ហើយ។

ប្រភព៖ Womenshealthmag

ប្រែសម្រួលៈ ណាលីតា

អត្ថបទថ្មី