គ្រូពេទ្យ​ថា​មិន​គួរ​សម្អាត​ត្រចៀក​ដោយ​សំឡី ឬ​តាម​រយៈ​ជាង​កាត់​សក់

  • 2024-02-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិន​ព្រះ​កុសុមៈ ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​បាន​ណែ​នាំ​ថា​​គ្រប់​គ្នា​មិន​គួរ​ប្រើ​សំឡី ឬ​ឲ្យ​ជាង​កាត់​សក់​សម្អាត​ត្រចៀក​នោះ​ទេ ព្រោះ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​។

ការ​ប្រើ​សំឡី​ត្បារ​ត្រចៀក ឬ​ឧបករណ៍​ផ្សេង​ទៀត​ដើម្បី​បារ​អាចម៍​ត្រចៀក គឺ​មិន​ជោគ​ជ័យ​នោះ​ទេ បាន​ន័យ​ថា​មិន​អាច​ទាញ​យក​អាចម៍​ត្រចៀក​បាន​ទាំង​ស្រុង​ទេ ពេល​ខ្លះ​អាច​រុញ​ច្រាន​អាចម៍​ត្រចៀក​ឲ្យ​ចូល​កាន់​តែ​ជ្រៅ​ទៅ​វិញ​។ ពេល​អាចម៍​ត្រចៀក​ចូល​ក្នុង​រន្ធ​ត្រចៀក​កាន់​តែ​ជ្រៅ វា​អាច​ជាប់​គាំង​នៅ​​ខាង​ក្នុង​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ត្រចៀក និង​អាច​ធ្វើ​ឲ្យ​​ខូច​ក្រដាស​ត្រចៀក​ទៀត​ផង​។​

តើ​អាចម៍​ត្រចៀក​ជា​អ្វី?​

បើ​តាម​មន្ទីរ​ពេទ្យ​​ខាង​លើ អាចម៍​ត្រចៀក​គឺ​ជា​ក្រមួន​ធម្មជាតិ ដែល​អាច​ប្រឆាំង​បាក់​តេរី និង​ជា​តម្រង​ការពារ​ត្រចៀក​ផ្នែក​ខាង​ក្នុង ព្រម​ទាំង​ការពារ​ភាព​កខ្វក់ ធូលី និង​កម្ទេចកម្ទី​ផ្សេងៗ​ទៀត​មិន​ឲ្យ​ចូល​ជ្រៅ​ទៅ​ក្នុង​ត្រចៀក​។ ​ជា​ធម្មតា​​ពេល​យើង​ទំពា​អាហារ ត្រចៀក​ផ្នែក​ខាង​ក្រៅ​​នឹង​មាន​កម្លាំង​រុញ​ច្រាន​កោសិកា​ចាស់ៗ​ចេញ​មក​ក្រៅ​ដោយ​ឯក​ឯង​។

​ចុះ​បើ​អាចម៍​ត្រចៀក​មាន​ច្រើន​គួរ​ធ្វើ​ម៉េច?

​បើ​អាចម៍​ត្រចៀក​មាន​ច្រើន​ក្នុង​ត្រចៀក ​ហើយ​មិន​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​ឯង​ នោះ​យើង​នឹង​មាន​អារម្មណ៍​ដឹង​មិន​ខាន​។ ការណ៍​នេះ​យើង​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​អាច​ឲ្យ​ជា​ថ្នាំ​បន្តក់​ក្នុង​ត្រចៀក​ដើម្បី​បន្ទន់​អាចម៍​ត្រចៀក និង​អាច​ធ្វើ​ឲ្យ​វា​ងាយ​ចេញ​មក​ក្រៅ​។ ពេល​ខ្លះ​គ្រូពេទ្យ​ក៏​អាច​ប្រើ​ឧបករណ៍​​ដែល​គេ​រចនា​​ឡើង​សម្រាប់​បារ​អាចម៍​ត្រចៀក​ ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ​។

ប្រភព៖ Harvard | ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម