អ្នកជំងឺ​ទឹក​នោម​ផ្អែមអាចមានបញ្ហាឈឺ​និង​រលាក​ក្រពះ​

  • 2024-01-16 12:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​កើត​មាន​បញ្ហា​ឈឺ និង​រលាក​ក្រពះ។ តើ​អាការៈ​នេះ​កើត​ឡើង​បាន​យ៉ាង​ដូច​ម្ដេច? ​អំឡុង​ពេល​រំលាយ​អាហារ​ជា​ទូទៅ​ក្រពះ​របស់​យើង​បាន​បញ្ចេញ​អាស៊ីត​ទៅ​លើ​អាហារ​ដែល​យើង​បាន​ញ៉ាំ ហើយ​សាច់ដុំ​ក្រពះ​ធ្វើ​ចលនា​រុញ​អាហារ​ទាំង​នោះ​ទៅ​កាន់​ពោះវៀន​តូច​។ បើ​សិន​ជា​យើង​មាន​បញ្ហា​ឈឺ និង​រលាក​ក្រពះ ក្រពះ​របស់​យើង​នឹង​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​បញ្ជូន​​អាហារ​។ ​ពេល​ខ្លះ​យើង​មាន​បាក់តេរី​ច្រើន​ពេក ឬ​អាហារ​ច្រើនពេក​ក្នុង​ក្រពះ ក៏បង្ក​ឲ្យ​មាន​ការ​ស្ទះ​។ ​បញ្ហា​ឈឺ និង​រលាក​ក្រពះ​ច្រើន​កើត​ដោយសារ​តែ​ការ​ខូច​ខាត​ប្រព័ន្ធ​ប្រសាទ​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​។ ជាទូទៅ​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ម្នាក់​ក្នុង​ចំណោម​១០ទៅ​២០​នាក់​អាច​មាន​បញ្ហា​នេះ។

រោគ​សញ្ញា​នៃ​បញ្ហា​នេះ​អាច​​មាន​ផ្សេងៗ​គ្នា ប៉ុន្តែ​អ្វី​ដែល​អាច​និយាយ​ជា​រួ​ម​មាន​ដូច​ជា​ក្រហាយ​ទ្រូង ចង្អោរ ក្អួត និង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ជាង​ធម្មតា​។ ​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ញ៉ាំ​អាហារ​តិច​ជាង​ធម្មតា ដោយសារ​តែ​ការ​ញ៉ាំ​អាហារ​ច្រើន​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​។ អ្នក​ជំងឺ​អាច​មាន​អាការៈ​ហើម​ពោះ ស្រក​ទម្ងន់ និង​អាច​មាន​បញ្ហា​ពិបាក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ផង​ដែរ​។​

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ដឹង​ថា​ខ្លួន​មាន​បញ្ហា​នេះ​បាន​យ៉ាង​ដូច​ម្ដេង​?​ បើ​សិន​ជា​មាន​ចេញ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ អ្នក​ជំងឺ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​ក៏​អាច​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​ដឹង​ថា​អ្នក​ជំងឺ​មាន​បញ្ហា​ស្ទះ​អាហារ​នៅ​ក្នុង​ក្រពះ​ឬ​អត់ ឬ​ដើម្បី​ដឹង​ថា​តើ​ត្រូវ​ការ​ពេល​យូរ​ប៉ុនណា​ទើប​ក្រពះ​អាច​បញ្ចេញ​អាហារ​ទាំង​នោះ​អស់​។

តើ​ព្យាបាល​បញ្ហា​នេះ​បែប​ណា? ទី​មួយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ព្យាយាម​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ ដូច​ជា​ការ​កែប្រែ​កម្រិត​ដូស​អាំងស៊ុយលីន ឬ​ថ្នាំ ទៅ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​។ ​ចំណុច​មួយ​ទៀត​គឺ​កែ​ប្រែ​របប​អាហារ។ ចំណុច​នេះ​មាន​ន័យ​ថា​អ្នក​ជំងឺ​លែង​ត្រូវ​ញ៉ាំ​អាហារ​បី​ពេល​ទៀត​ហើយ គឺ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន​ដង តែ​ក្នុង​ចំនួន​តិច​។ អ្នក​ជំងឺ​អាច​ប្តូរ​ពី​ការ​ញ៉ាំ​អាហារ​បី​ពេល​ទៅ​ជា​ប្រាំមួយ​ពេល​វិញ​ក្នុង​មួយ​ថ្ងៃ។ ការ​ញ៉ាំ​តិច​ក្នុង​មួយ​ពេល​ៗ​ជួយ​ឲ្យ​ក្រពះ​ទទួល​អាហារ​បាន​តិច និង​ងាយ​រំលាយ​។ ញ៉ាំ​អាហារ​តិច​ក៏​មិន​សូវ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​តឹង​ពោះ​ដូច​គ្នា​។ អ្នក​ជំងឺ​ក៏​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​អាហារ​ណា​ដែល​ងាយ​រំលាយ​។ ដូច​គ្នា​ដែរ អ្នក​ជំងឺ​គួរ​ចៀស​វាង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​សរសៃ​ខ្ពស់​ដោយ​សារ​អាហារ​ទាំង​នេះ​មាន​ការ​រំលាយ​យឺត​។​

ក្រៅ​ពី​នេះ បើ​សិន​ជា​ការ​កែប្រែ​របប​អាហារ​មិន​បាន​ផល​ល្អ គ្រូពេទ្យ​ក៏​អាច​ផ្ដល់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​​ប្រើ​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន​លឿន ឬ​ជួយ​បំបាត់​អាការៈ​ចង្អោរ​ តែ​បើ​ថ្នាំ​ទាំង​នោះ​ធ្វើ​ទុក្ខ អ្នក​ជំងឺ​ត្រូវ​ផ្ដល់​ដំណឹង​ទៅ​គ្រូពេទ្យ​។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា