វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទOmicron JN.1 គួរឲ្យបាម្ភកម្រិតណា?
- 2023-12-30 04:15:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទOmicron JN.1 គួរឲ្យបាម្ភកម្រិតណា?
ក្រសួងសុខាភិបាលតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថាក្រសួងបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទOmicron JN.1 ចំនួន១១ករណីទៀត ខណៈកាលពីថ្ងៃទី២៩ ក្រសួងបានប្រកាសថាបានរកឃើញវីរុសប្រភេទនេះចំនួន៤ករណីដែរ។ អ្នកឆ្លងទាំង១១នាក់បន្ថែមទៀតនេះ ក្រសួងថាមិនមានចេញរោគសញ្ញាធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ទេ។
ក្រសួងសុខាភិបាលបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថាវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទOmicron JN.1 មិនសូវមានសភាពធ្ងន់ធ្ងរទេ។ ក្រសួងសរសេរបន្ថែមថា៖ «បើតាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក បញ្ជាក់ថាវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទOmicron JN.1 មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីប្រភេទចាប់អារម្មណ៍ មិនមែនជាវីរុសប្រភេទព្រួយបារម្ភនោះទេ»។
បើតាមក្រសួងសុខាភិបាល អ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទOmicron JN.1 មិនធ្លាប់មានប្រវត្តិចេញក្រៅប្រទេសទេ ហើយថាការរកឃើញវីរុសបំប្លែងថ្មីនេះកំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។
ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យអនុវត្តវិធានការអនាម័យ ពាក់ម៉ាស និងបន្តទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ដូស និងដូសជំរុញនៅតាមមណ្ឌលសុខភាព។ ក្នុងករណីមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឲ្យទាន់ពេលសមស្រប។