តើជំងឺវៀចមាត់បណ្តាលមកពីអ្វី?
- 2023-12-11 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើជំងឺវៀចមាត់បណ្តាលមកពីអ្វី?
ជំងឺវៀចមាត់ (paralysie faciale) គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថា nerf facial។
ជំងឺវៀចមាត់មានពីរប្រភេទ៖
១- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ (périphérique)
២- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល (centrale)
ក) រោគសញ្ញា៖
១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅៈ
ជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយវៈទេ។
ផ្ទៃមុខផ្នែកខាងលើ: ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នាពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។
ភ្នែក: បិតមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើ និងចេញក្រៅ។
ផ្ទៃមុខផ្នែកខាងក្រោម: ផ្នែកខាងដែលខូចគឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។
ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។
២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាលៈ
ការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ។
រួមទាំងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។
ខ) មូលហេតុនៃជំងឺវៀចមាត់៖
១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅ
ការប៉ះទង្គិចបណ្តាលអោយបាក់ឆ្អឹងរូសេ (Os Rocher) ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។
អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ។
ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាលមានដូចជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose។
ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល។
ជំងឺមេតាបូលីកដូចជាជំងឺទឹកនោមផ្អែម
វៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ ហើយវាអាចជាទៅវិញ ក្នុងរយៈពេលតិចបំផុត២ខែ តែវាក៏អាចនៅមានសំណល់ ២០%ដែរ។
២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល:
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល: ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល។
ជំងឺដុំសាច់ ឬមហារីកខួរក្បាល
ជំងឺ Sclerose en plaque
គ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីរកមូលហេតុនៃជំងឺវៀចមាត់នេះ ចាំបាច់ត្រូវមានការវិភាគអមវេជ្ជសាស្រ្តមួយចំនួនដូចតទៅៈ
ការពិនិត្យឈាម
ការបូមទឹកឆ្អឹងខ្នង
ការវិភាគតាម CT scan ឬ MRI
ឃ) ការព្យាបាល៖
ការព្យាបាលជំងឺវៀចមាត់ គឺធ្វើឡើងទៅតាមមូលហេតុនីមួយៗរបស់ជំងឺៈ
ការប្រើប្រាស់ថ្នាំ
ការព្យាបាលដោយចលនា (Physiothérapie) និងធ្វើឲ្យអាការៈវៀចមាត់របស់អ្នកជំងឺឆាប់វិលមករកសភាពដើមវិញ
ភ្នែកដែលបិតមិនជិតត្រូវការពារកុំឲ្យរលាក ដោយប្រើថ្នាំ និងត្រូវពាក់វែនតាការពារ។
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital