អាការៈ​ផ្ដាសាយ​ធម្មតា និង​ផ្ដាសាយ​ធំលើ​កុមារ​ខុស​គ្នា​ម៉េច​?

  • 2023-12-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កុមារ​តូច​​អាយុ​ក្រោម​ប្រាំ​ឆ្នាំ អាច​ប្រឈម​នឹង​​ការ​រលាក​សួត​ទៀត​បើ​កើត​​ជំងឺ​ផ្ដាសាយ​ធំ​ ខណៈ​ជំងឺ​ផ្ដាសាយធម្មតា​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។

លោក​វេជ្ជបណ្ឌិត សយ បញ្ញា ឯកទេស​រោគ​កុមារ និង​ទារក​នៃ​មន្ទីរ​សម្ភព​រ៉ូស មាន​ប្រសាសន៍​ថា​ជំងឺ​ផ្ដាសាយ​ធម្មតា​​កើត​លើ​កុមារ​តូច​​អាច​មាន​អាការៈ​ដូច​ជា​ក្អក កណ្ដាស់ និង​ហៀរ​សំបោរ​តិច​តួច ហើយ​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។

ចំពោះ​ផ្ដាសាយ​ធំ​វិញ​លោក​វេជ្ជបណ្ឌិត​​បញ្ជាក់​ថា​អាច​មាន​អាការៈ​ដូច​ជា​ក្ដៅ​ខ្លួន ក្អក កណ្ដាស់ និង​ហៀរ​សំបោរ​ខ្លាំង ព្រម​ជាមួយ​ការ​ឈឺ​ចាប់​សាច់​ដុំ ឈឺ​ក្បាល អស់​កម្លាំង​ល្ហិត​ល្ហៃ​ជា​ដើម​។

លោក​​ឲ្យ​ដឹង​ថា៖ «​ដែល​ជា​ទូទៅ​[ផ្ដាសាយ​ធំ] ក្រុម​មនុស្ស​មាន​សុខ​ភាព​ល្អ ជំងឺ​ហ្នឹង​នឹង​វិវត្ត​ល្អ​​អាច​ជា​ទៅ​វិញ គ្រាន់​តែ​ចំណាយ​ពេល​យូរ​បន្តិច​ ប៉ុន្តែ​ក្នុង​ករណី​ជំងឺ​ហ្នឹង​កើត​លើ​ក្រុម​មនុស្ស​ដែល​ប្រឈម​ដែលគេ​អាច​រាប់​ថា​អាច​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​រហូត​រលាក​សួត​រលាក​អី​ហ្នឹង ឧទាហរណ៍​ក្រុម​មនុស្ស​ក្មេង​មាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​...និង​មនុស្ស​ចំណាស់​មាន​អាយុ​លើស​ពី​៦០​ឬ​៦៥​ឆ្នាំ​»។

ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ​លោក​វេជ្ជ​បណ្ឌិត​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ឪពុក​ម្ដាយ​នាំ​កូន​ដែល​មាន​អាយុ​លើស​ពី​ប្រាំ​មួយ​ខែ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​។

លោក​ពន្យល់​ថា៖ «ជា​ធម្មតា​ការ​ផ្ដល់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ហ្នឹង​យើង​អាច​ចាក់​លើ​ក្មេង​ដែល​មាន​អាយុ​៦ខែឡើងទៅ...​ជាទូទៅ​យើង​អាច​​ចាក់​ពីរ​ដង​ គម្លាត​ពី​ចាក់​លើក​ទី​១​ទៅ​លើក​ទី​២​មាន​រយៈ​ពេល​បួន​អាទិត្យ​ បន្ទាប់​មក​យើង​អាច​ចាក់​រំឭក​រៀង​រាល់​ឆ្នាំ​អីចឹង​ទៅ ដើម្បី​ឲ្យ​គាត់​មាន​ប្រព័ន្ធភាពស៊ាំ​ការពារ​​ខ្លួន​បាន​ពេញ​មួយ​ឆ្នាំ​​»។

លោក​វេជ្ជបណ្ឌិត​ក៏បាន​ណែ​នាំ​ដែរ​ថា​បើ​សិន​ជា​កូន​មាន​អាការៈ​ផ្ដាសាយ​ធំ ឪពុក​ម្ដាយ​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ទទួល​ការពិនិត្យ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​។​​​​​​​​​​​​​​​​​

ទស្សនាវីដេអូពេញចុចទីនេះ!

អត្ថបទ៖ សុខា

អត្ថបទពេញនិយម