កូន​ស្រី​ទើប​កើត​មាន​ធ្លាក់​ទឹក​រំអិល​ស​ៗ​ តើ​គួរ​ឲ្យ​បារម្ភ​អត់?

  • 2023-12-02 01:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ទារក​ភេទ​ស្រី​ទើប​កើត​អាច​មាន​ធ្លាក់​ទឹក​រំអិល​ស​ៗ​តិចតួច​​គឺ​ជា​រឿង​ធម្មតា ហើយ​បញ្ហា​នេះអាច​កើត​មាន​លើ​ទារិកា​អាយុ​ចន្លោះ​ពី​ពីរ​ថ្ងៃ​ទៅ​អាយុ​១០​ថ្ងៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជ​បណ្ឌិត សយ បញ្ញា ឯកទេស​កុមារ និង​ទារក​នៃ​មន្ទីរ​សម្ភព​រ៉ូស​។

បើ​តាម​លោក​វេជ្ជបណ្ឌិត ទារិកា​អាច​មាន​ធ្លាក់​ទឹក​រំអិល​ស​ៗ​តាម​ប្រដាប់​ភេទ​ ឬ​ករណី​កម្រ​ខ្លះ​អាច​មាន​លាយ​ឈាម​តិច​តួច​ផង​។ ការ​ធ្លាក់​ទឹក​រំអិល​ស​ៗ​នេះ​អាច​កើត​ឡើង​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​ពីរ​ដល់​​ថ្ងៃ​​ទី​១០​​​បន្ទាប់​ពី​កើត​។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា៖ «អាការៈ​ហ្នឹង​រាប់​ថា​ជា​អាការៈ​ធម្មតា​ដែល​វា​កើត​មាន​ឡើង​តែ​ម្ដង​ទេ​ក្នុង​រវាង​ពី​ថ្ងៃ​ទី​ពីរ​ដល់​ថ្ងៃ​ទី​១០​ហ្នឹង​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​អត់​មាន​ទាម​ទារ​ការ​ពិនិត្យ ការ​ព្យាបាល​អ្វី​ជា​ពិសេស​ទេ»។

​លោក​វេជ្ជ​បណ្ឌិត​បន្ថែម​​ថា​ជា​ធម្មតា​ទារក​ភេទ​ស្រី​ពេល​នៅ​ក្នុង​ពោះ​ម្ដាយ​បាន​ទទួល​អ័រម៉ូន​ភេទ​ស្រី​មួយ​ភាគ​ធំ​ពី​ម្ដាយ បូក​ផ្សំ​នឹង​ការ​ផលិត​អ័រម៉ូន​ភេទ​ស្រី​ដោយ​ខ្លួន​ឯង​ផង​ ទើប​ពេល​ទារក​ភេទ​ស្រី​កើត​មក​មាន​ឡើង​ដោះ​ ហើយ​មាន​ធ្លាក់​រំអិល​ស​បន្តិច​បន្តួច។​

យ៉ាង​ណា​លោក​វេជ្ជ​បណ្ឌិត​បញ្ជាក់​ថា​បើ​សិន​ជា​ទារិកា​មាន​អាការ​ធ្លាក់​ឈាម​ច្រើន​ អូស​បន្លាយ​យូរ​ថ្ងៃ​ និង​មាន​អាការៈ​ស្លេក​ស្លាំង​ គឺ​​​ចាត់​ទុក​ថា​ជា​អាការៈ​មិន​ធម្មតា និង​ទាម​ទារ​ឲ្យ​ប៉ា​ម៉ាក់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ពិនិត្យ​រក​មូល​ហេតុ​ត្រឹម​ត្រូវ និង​ព្យាបាល​ទាន់​ពេល​វេលា​​។

ប្រភព៖ webmd ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម