គួរដឹង! គន្លឹះថែទាំសុខភាពក្នុងរដូវធ្លាក់ខ្យល់ត្រជាក់
- 2023-11-26 03:03:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដឹង! គន្លឹះថែទាំសុខភាពក្នុងរដូវធ្លាក់ខ្យល់ត្រជាក់
ធ្លាក់ខ្យល់អាកាសធាតុក៏ត្រជាក់ ដូចនេះយើងគូរតែយកចិត្តទុកដាក់បន្ថែមទៀតលើការថែទាំសុខភាពដើម្បីបង្ការជំងឺផ្សេងៗ។ តើគួរធ្វើអ្វីខ្លះ? តស់ស្វែងយល់ទាំងអស់គ្នាជាមួយកញ្ញា។
ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
ថ្វីបើពេលនេះជារដូវធ្លាក់ខ្យល់ ហើយអាកាសធាតុត្រជាក់ជាងធម្មតាបន្តិចមែន ប៉ុន្តែការញ៉ាំទឹកនៅតែសំខាន់ដូចពេលមានអាកាសធាតុក្ដៅដែរ។ អាកាសធាតុត្រជាក់អាចធ្វើឲ្យស្បែកយើងស្ងួត បាត់បង់ជាតិទឹក ដូចនេះការញ៉ាំទឹកបានគ្រប់គ្រាន់ជួយការពារខ្លួនយើងពីការបាត់បង់ជាតិទឹក ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងរក្សាកម្ដៅក្នុងខ្លួនបានល្អ។
ជ្រើសរើសសម្លៀកបំពាក់ត្រឹមត្រូវ
ខ្យល់ក៏ធ្លាក់ អាកាសធាតុក៏ត្រជាក់ ដូចនេះការជ្រើសរើសខោអាវដែលផ្ដល់ភាពកក់ក្ដៅដល់រាងកាយគឺជារឿងសំខាន់ដើម្បីធានាថារាងកាយអាចរក្សាកម្ដៅក្នុងខ្លួនបានល្អ។ បើមានខ្យល់ត្រជាក់ខ្លាំងដែរនោះយើងគួរមានស្រោមដៃ មួក និងក្រមាបង់កបន្ថែមទៀតដើម្បីការពាររាងកាយកុំឲ្យត្រូវខ្យល់ត្រជាក់ខ្លាំង។
គេងឲ្យបានគ្រប់គ្រាន់ ពេលអាកាសធាតុចុះត្រជាក់យើងអាចប្រឈមនឹងជំងឺមួយចំនួនទាក់ទងនឹងផ្លូវដង្ហើមដូចជាផ្ដាសាយ។ ដូចនេះការគេងបានពី៧ទៅ៩ម៉ោងក្នុងមួយយប់ជារឿងសំខាន់ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំមានភាពរឹងមាំ អាចប្រឆាំងនឹងជំងឺផ្សេងៗបាន។
ហាត់ប្រាណ
ការហាត់ប្រាណក៏សំខាន់ណាស់ដែរក្នុងការជួយឲ្យរាងកាយមានសុខភាពរឹងមាំនារដូវត្រជាក់នេះ។ យើងអាចដើរ ឬរត់ត្រឹកៗក្រៅផ្ទះបើសិនជាអាកាសធាតុមិនត្រជាក់ខ្លាំង ឬអាចហាត់ប្រាណក្នុងផ្ទះក៏បាន។
ញ៉ាំវីតាមីន D វីតាមីន C និងរ៉ែស័ង្កសី
សារធាតុទាំងបីនេះមាននៅក្នុងអាហារមួយចំនួនដែលយើងញ៉ាំប្រចាំថ្ងៃ។ ប៉ុន្តែអាហារបំប៉នមួយចំនួនក៏មានសារធាតុនេះដែរ។ យ៉ាងណារាល់ការញ៉ាំអាហារបំប៉នទាំងនេះគួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។
របបអាហារល្អ
ការញ៉ាំអាហារដែលសម្បូរដោយបន្លែ ផ្លែឈើ ប្រូតេអ៊ីន រួមនឹងគ្រាប់ធញ្ញជាតិផង គឺនឹងផ្ដល់សារជាតិចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺផ្សេងៗ ព្រមទាំងផ្ដល់ថាមពលដល់រាងកាយ។
រក្សាអនាម័យ
ជំងឺផ្ដាសាយធម្មតា និងផ្ដាសាយធំច្រើនកើតមានណាស់ក្នុងរដូវរងា ឬធ្លាក់ខ្យល់បែបនេះ។ ដូចនេះការអនុវត្តវិធានការអនាម័យខ្លួនប្រាណបានល្អ ពិសេសការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ គឺអាចជួយកាត់បន្ថយការឆ្លងវីរុសបង្កជំងឺទាំងនេះ។