គន្លឹះថែទាំសុខភាពឆ្អឹង សម្រាប់ស្រីៗ​ក្រោយអស់រដូវ

  • 2023-11-15 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អំឡុង​ពេល​អស់​រដូវ ឬ​អំឡុង​ពេល​១២​ខែ​ក្រោយ​ការ​មាន​រដូវ​លើក​ចុង​ក្រោយ ដង់ស៊ីតេ​ឆ្អឹង​របស់​ស្រីៗ​នឹង​ចាប់​ផ្ដើម​ថយ​ចុះ ដោយ​សារ​តែ​អ័រម៉ូន​អឺស្រ្តូសែន​ថយ​ចុះ។ ប្រាំ​ឆ្នាំ​បន្ទាប់​​ក្រោយ​ពេល​អស់​រដូវ (បន្ទាប់​ពី​១២​ខែ​ដែល​គ្មាន​រដូវ) ស្រ្តី​អាច​បាត់​បង់​ម៉ាស​ឆ្អឹង​រហូត​ដល់​១០​ភាគរយ​​ ហើយ​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​អាច​​ជួប​បញ្ហា​បាក់​ឆ្អឹង​យ៉ាង​តិច​ម្ដង​នៅ​វ័យ​៦០​ឆ្នាំ​ឡើង ដែល​នេះ​កើត​ចេញ​ពី​បញ្ហា​ពុក​ឆ្អឹង​។​

ហេតុ​អ្វី​អ័រម៉ូន​អឺស្រ្តូសែន​សំខាន់​សម្រាប់​សុខ​ភាព​ឆ្អឹង?​

អ័រម៉ូន​អឺស្រ្តូសែន​មាន​នាទី​រក្សា​ដង់ស៊ីតេ​ឆ្អឹង​ និង​ជួយ​គ្រប់​គ្រង​កោសិកា​បង្កើត​ឆ្អឹង និង​កោសិកា​ដែល​បំបែក​ឆ្អឹង​។ ពេល​ស្រ្តី​ចូល​ដល់​វ័យ​អស់​រដូវ អ័រម៉ូន​អឺស្រ្តូសែន​ថយ​ចុះ ដែល​អាច​ជា​ហេតុ​នាំ​ឲ្យ​ដង់ស៊ីតេ​ឆ្អឹង​ក៏​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ។ ការ​ថយ​ចុះ​នៃ​អ័រម៉ូន​អឺស្រ្តូសែន ក៏​ជា​កត្តា​ហានិភ័យ​មួយ​ដែល​ធ្វើ​ឲ្យ​ស្រ្តី​ក្នុង​វ័យ​អស់​រដូវ​ប្រ​ឈម​នឹង​បញ្ហា​ពុក​ឆ្អឹង ហើយ​បញ្ហា​ពុក​ឆ្អឹង​នេះ​​ធ្វើ​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​​។​

គន្លឹះ​ថែរក្សា​សុខ​ភាព​ឆ្អឹង​សម្រាប់​ស្រ្តី​ក្រោយ​អស់​រដូវ​

​ពិនិត្យ​ដង់ស៊ីតេ​ឆ្អឹង​៖ ស្រ្តី​ក្រោយ​ពី​អស់​រដូវ ភាគ​ច្រើន​ត្រូវ​គ្រូពេទ្យ​ណែ​នាំ​ឲ្យ​​ពិនិត្យ​ដង់ស៊ីតេ​ឆ្អឹង​ ពិសេស​ចំពោះ​ស្រ្តី​ដែល​មាន​កត្តា​ប្រឈម ដូចជា​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ពុក​ឆ្អឹង ឬ​មាន​ប្រវត្តិ​បាក់​ឆ្អឹង​ជា​ដើម​​។ ដូច​គ្នា​ដែរ​ស្រ្តី​ក្នុង​វ័យ​នេះ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​អំពី​សុខ​ភាព​ឆ្អឹង និង​ហានិភ័យ​នានា​ដែល​អាច​កើត​មាន​​លើ​សុខ​ភាព​ឆ្អឹង​ឲ្យ​បាន​ជា​ប្រចាំ​ផង​ដែរ​។​​

ញ៉ាំ​កាល់ស្យូម និង​វីតាមីន D៖ ស្រ្តី​ចូល​ដល់​វ័យ​អស់​រដូវ គួរ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​វីតាមីនD និង​កាល់ស្យូម ដើម្បី​​ឲ្យ​សុខ​ភាព​ឆ្អឹង​រឹង​មាំ​។ កាល់ស្យូម​ជា​សារធាតុ​សំខាន់​ជួយ​ដល់​ជាលិកា​ឆ្អឹង ហើយ​វីតាមីន​ D ជួយ​ឲ្យ​រាង​កាយ​ស្រូប​កាល់ស្យូម​បាន​ល្អ​។ ក្រៅ​ពី​អាហារ ស្រ្តី​​ក្នុង​វ័យ​អស់​រដូវ​ក៏​អាច​រក​អាហារ​បំប៉ន​ដែល​មាន​ផ្ទុក​វីតាមីន​​D និង​កាល់ស្យូម​សម្រាប់​ញ៉ាំ​បន្ថែម​បាន​ដែរ តែ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន។​

ហាត់​ប្រាណ​ជា​ប្រចាំ៖ ការ​ហាត់​ប្រាណ​ដូច​ជា​ដើរ ឬ​រត់​ត្រឹកៗ អាច​ជួយ​រក្សា​ដង់ស៊ីតេ​ឆ្អឹង និង​កាត់​បន្ថយ​ហានិភ័យ​បាក់​ឆ្អឹង​ផង​ដែរ​។ លំហាត់​ប្រាណ​ក៏​ជួយ​​ឲ្យ​សុខភាព​ទូទៅ​ល្អ​ផង​ដែរ​។​

ប្រភព៖ webmd ប្រែសម្រួល៖ សុខា