អតុល្យភាពអ័រម៉ូន​អាចប៉ះពាល់​សុខ​ភាព​បន្ត​ពូជ​

  • 2023-11-12 02:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អតុល្យភាព​អ័រម៉ូន​អាច​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​សុខ​ភាព​បន្ត​ពូជ​របស់​បុរស និង​ស្រ្តី​។ អតុល្យភាព​នេះ​កើត​ឡើ​នៅ​​ពេល​បរិមាណ​មិន​ត្រឹម​ត្រូវ​របស់​អ័រម៉ូន​មួយ​ឬ​ច្រើន​មាន​នៅ​ក្នុង​ចរន្ត​ឈាម​ ដែល​រំខាន​ទៅ​ដល់​ពេល​វេលា​បញ្ចេញ​អ័រម៉ូន អន្តរកម្ម​រវាង​អ័រម៉ូន និង​លទ្ធភាព​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ធ្មួល​របស់​កោសិកា​។​ ​អតុល្យភាព​អ័រម៉ូន​អាច​ប៉ះ​ពាល់​​សុខ​ភាព​ប្រព័ន្ធ​បន្ត​ពូជ​ដូច​ករណី​មួយ​ចំនួន​នេះ។​

​អតុល្យភាព​អ័រម៉ូន​ ដូច​ជា​អ័រម៉ូនluteinizing hormone (LH) និង​ប្រូជេស្ដេរ៉ូន អាច​នាំ​ឲ្យ​ស្រ្តី​ធ្លាក់​មេជីវិត​មិន​ទៀង​ទាត់ ឬ​អវត្ត​មាន​មេជីវិត ដែល​អាច​ធ្វើ​ឲ្យ​ស្រី​ៗពិបាក​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​។ អ័រម៉ូន luteinizing hormone (LH) ជា​អ័រម៉ូន​ដែល​ផលិត​ដោយ​ក្រពេញ​​ភីតូរីសនៅ​ខាង​ក្រោម​ខួរក្បាល។ អ័រម៉ូន​នេះ​ដើរតួ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​ដំណើរ​ការ​របស់​សុខ​ភាព​ផ្លូវ​ភេទ។ សម្រាប់​ស្រ្តី អ័រម៉ូន​នេះ​ជួយ​គ្រប់​គ្រង​វដ្ដរដូវ និង​ក៏​ជួយ​ជំរុញ​ដល់​ការ​បញ្ចេញ​មេជីវិត​ញី​ផង​ដែរ។

ដូច​គ្នា​ដែរ​ សម្រាប់​ស្រ្តី​មាន​អតុល្យភាព​អ័រម៉ូន​ទីរ៉ូអ៊ីត ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​បញ្ចេញ​មេជីវិត​ញី​មិន​បាន​ទៀង​ទាត់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្រ្តី​ពិបាក​បង្ក​កំណើត​ដែរ​។ សម្រាប់​អ័រម៉ូន​​ប្រូឡាក់ទីន​ (Prolactin )​វិញ ក៏​ដូច​គ្នា បើ​ស្រ្តី​មាន​បញ្ហា​អតុល្យភាព​លើ​អ័រម៉ូន​ប្រភេទ​នេះ ក៏​អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​ដូច​គ្នា ដោយ​សារ​តែ​ការ​មក​រដូវ​មិន​ទៀងទាត់ បង្ក​ឲ្យ​មាន​បញ្ហា​លើ​ការ​បញ្ចេញ​មេជីវិត​ញី​។ អ័រម៉ូន​ប្រភេទ​នេះ​​ទទួល​ខុស​ត្រូវ​លើ​ការ​ផលិត​ទឹក​ដោះ និង​ការ​លូត​លាស់​របស់​ជាលិកា​សុដន់​ជាក់​លាក់​មួយ​ចំនួន​។ បើ​សិន​ជា​កម្រិត​អ័រម៉ូន​​ប្រូឡាក់​ទីន​ក្នុង​ឈាម​ខ្ពស់​ជាង​ធម្មតា​វា​អាច​ធ្វើ​ឲ្យ​ស្រ្តី​មាន​រដូវ​មិន​ទៀង ពិបាក​បង្ក​កំណើត ហើយ​បើ​បុរស​វិញ​អាច​នឹង​មាន​បញ្ហា​​ខ្សោយ​លិង្គ​។

​រោគ​សញ្ញា​នៃ​ការ​មាន​បញ្ហា​អតុល្យភាព​អ័រម៉ូន​

រោគ​សញ្ញា​បញ្ហា​អតុល្យភាព​អ័រម៉ូន​ដែល​អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​មាន​ដូច​ជា​៖

  • រដូវ​មិន​ទៀង
  • ឡើង​មុន​ថ្មីៗ ឬ​ស្ថាន​ភាព​មុន​កាន់​តែអាក្រក់​
  • ដុះ​រោម​លើ​ផ្ទៃ​មុខ
  • ស្រក​ទម្ងន់​​ខុស​ធម្មតា​​
  • អារម្មណ៍​ប្រែ​ប្រួល​ខ្លាំង

បើ​សិន​ជា​គ្នា​យើង​សង្ស័យ​ថា​ខ្លួន​កំពុង​ជួប​បញ្ហា​អតុល្យភាព​អ័រម៉ូន ជា​ការ​ល្អ​គួរ​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​បាន​ធ្វើ​ការ​ពិនិត្យ និង​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ​។

ប្រភព៖ parents ប្រែសម្រួល៖ សុខា