ស្វែងយល់បញ្ហាឧស្សាហ៍គេងមិនលក់ពេលពពោះ និងដោះស្រាយសម្រាប់ម៉ាកៗ

  • 2023-10-25 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺគេងមិនលក់ អាចកើតលើយើងគ្រប់ពេល គ្រប់វ័យ នាំឲ្យប៉ះពាល់ច្រើនដល់សុខភាព។ អ្វីកាន់តែគួរឲ្យព្រួយបារម្ភខ្លាំង បើកើតលើស្រីៗកំពុងពពោះ ត្រូវតែប្រយ័ត្នប្រយែងឲ្យបានច្រើន ទោះធម្មតាមិនអាចប៉ះពាល់ដល់សុខភាពយើង និងកូនក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែក៏មិនត្រូវព្រងើយកន្តើយដែរ។

កញ្ញា ចែករំលែកម៉ាក់ៗយើងកំពុងពពោះ ហើយជួបបញ្ហានេះអាចសាកដោះស្រាយតាមវិធីខាងក្រោមនេះបាន។

១- បញ្ហាគេងមិនលក់កើតឡើងសម្រាប់ស្ត្រីពពោះ

បញ្ហាដំណេកតែងកើតមានគ្រប់ពេលចំពោះស្រីៗកំពុងពពោះ ជាធម្មតា ប៉ុន្តែតាមបទពិសោធន៍ម៉ាក់ៗជាច្រើន ជំងឺគេងមិនលក់ពេលពពោះ អាចចាប់ផ្តើមចន្លោះត្រីមាសទី២ និង ទី៣ នៃការពពោះ ហើយក៏ជាអំឡុងពេលរោគសញ្ញាពពោះផ្សេងទៀតចាប់ផ្តើមកើតមាន ព្រោះជាពេលគភ៌កំពុងលូតលាស់កាន់តែខ្លាំងនាំឲ្យយើងពិបាកក្នុងការគេង។

២- តើគេងមិនលក់ពេលពពោះគ្រោះថ្នាក់ដែរទេ? បញ្ហាគេងមិនលក់ពេលពពោះ មិនអាចបង្កហានិភ័យដល់សុខភាពយើង និងកូនទេ អ៊ីចឹងក៏មិនចាំបាច់បារម្ភខ្លាំងពេកនោះដែរ។ ពេលខ្លះស្រីៗយើងកុំខ្វាយខ្វល់ច្រើនពេក ព្រោះថាការមិនខ្វាយខ្វល់ច្រើន ក៏ជួយឲ្យយើងអាចគេងលក់ដូចធម្មតាវិញបាន។

**៣- កត្តាដែលនាំឲ្យគេងមិនលក់ពេលពពោះ មានកត្តាស្មុគស្មាញជាច្រើនរួមបញ្ចូលគ្នា ដែលអាចបង្កទៅជាបញ្ហាគេងមិនលក់ពេលពពោះ ក្នុងនោះរាប់បញ្ចូលទាំង៖

  • បម្រែបម្រួលអ័រម៉ូន
  • តម្រូវការទៅបន្ទប់ទឹកញឹកញាប់
  • បញ្ហាក្រហាយទ្រូងពេលពពោះ
  • រមួលក្រពើ
  • ការធ្វើមេតាប៉ូលីសក្នុងរាងកាយនាំឲ្យឡើងកម្តៅ
  • គេងមិនស្រណុក ដោយសារតែភគ៌ក្នុងផ្ទៃកាន់តែធំ និងកម្រើក
  • បញ្ហាថប់បារម្ភមុនសម្រាល។

៤- គេងមិនលក់ពេលពពោះដោយបញ្ហាថប់បារម្ភមួយចំនួន បញ្ហាថប់បារម្ភមួយចំនួនតែងកើតមានឡើង ដូចជាការមានអារម្មណ៍ភ័យខ្លាចខ្លាំងចំពោះការសម្រាលកូន ជាកត្តាចម្បងនាំឲ្យប៉ះពាល់ដល់ដំណេក និងក៏ជាកត្តានាំឲ្យស្រីៗភាគច្រើនគេងមិនលក់ស្រួល រើខ្លួនចុះឡើងពេញមួយយប់ដែរ។ បើយើងមានអារម្មណ៍ភ័យខ្លាចការសម្រាល ក៏មិនមែនជារឿងចម្លែក ព្រោះស្រីៗពពោះភាគច្រើនតែងមានបញ្ហានេះ ប៉ុន្តែបើបញ្ហានេះធ្វើឲ្យយើងគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់ គួរសាកល្បងដោះស្រាយតាមវិធីសាស្ត្រខាងក្រោមនេះបន្តិចលមើល៍។

  • ក្រោកឡើង៖ បើព្យាយាមគេងប្រមាណ ២០-៣០ នាទី ហើយបើនៅតែគេងមិនលក់ អាចក្រោកទៅធ្វើអ្វីយើងគិតថាមិនទាន់ធ្វើរួចកាលពីល្ងាច (ចំណាយត្រឹម ១៥នាទីបានហើយ) ហើយព្យាយាមត្រឡប់មកគេងវិញ ប្រហែលជាជួយឲ្យយើងមានអារម្មណ៍ល្វើយជាងមុន ងាយគេងលក់ស្រួល។
  • កុំគិតពីចំនួនម៉ោងយើងគេងអី៖ គិតថា ពេលវេលាគេងសម្រាប់យើងទូទៅ ៨ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែគ្នាយើងខ្លះអាចនឹងមានតម្រូវការគេងច្រើន ឬតិចជាងនេះ។​ អ្វីល្អបំផុត សួរខ្លួនយើងមានអារម្មណ៍ស្រួលខ្លួន ឬយ៉ាងណាជាមួយរយៈពេលយើងគេង។ បើយើងគ្មានអារម្មណ៍ល្វើយ អស់កម្លាំងទេនោះ មានន័យថាយើងគេងគ្រប់គ្រាន់ហើយ។

៥- វិធីកាតើបន្ថយការគេងមិនលក់ និងការបង្ការ៖

គ្នាយើងប្រហែលជាមិនអាចចៀសផុតពីបញ្ហាគេងមិនលក់ពេលពពោះក៏ពិតមែន ប៉ុន្តែយើងអាចកាត់បន្ថយបានតាមរយៈតិចនិកខាងក្រោមនេះ៖

  • កម្ចាត់អារម្មណ៍ស្មុគស្មាញចេញឲ្យអស់
  • កុំផឹកកាហ្វេ ឬញ៉ាំសូកូឡា ពិសេសនៅពេលរសៀល និងពេលល្ងាច
  • ញ៉ាំអាហារពីព្រលប់ អាចជួយឆាប់ងងុយគេងបាន
  • ញ៉ាំអាហារសម្រន់ខ្លះដែលជួយឲ្យយើងឆ្អែតពេញមួយយប់
  • ផឹកទឹកឲ្យបានច្រើនពេញមួយថ្ងៃ ប៉ុន្តែពេលល្ងាចកុំផឹកច្រើនពេក ព្រោះធ្វើឲ្យក្រោកទៅបង្គន់ច្រើនដង
  • ហាត់ប្រាណអំឡុងពេលពពោះជារឿងល្អ បានទាំងសុខភាព និងជួយដល់ការគេងស្កប់ស្កល់
  • គេងឲ្យបានទៀងពេល ដើម្បីនាឡិកាក្នុងរាងកាយអាចកំណត់ពេលគេងច្បាស់លាស់
  • កុំមើលអេក្រង់ឧបករណ៍អេឡិចត្រូនិកពេលចូលគេង ព្រោះពន្លឺរបស់ចេញពីឧបករណ៍ទាំងនេះនឹងរំខានដល់ភាពងងុយគេងបាន
  • ពិនិត្យសីតុណ្ហភាពបន្ទប់ឲ្យបានត្រឹមត្រូវ ត្រជាក់ល្មមមានផាសុកភាពពេលគេង
  • ប្រើខ្នើយជំនួយសម្រាប់ស្រីៗពពោះ អាចធ្វើឲ្យការគេងកាន់តែស្រួល
  • ប្រើក្លិនក្រអូបៗក្នុងបន្ទប់ កម្រាលពូក ភួយ និងខ្នើយ ពិសេសក្លិនផ្កាឡាវេនឌឺ អាចជួយឲ្យយើងឆាប់គេងលក់បាន។

៦- វិធីសាស្ត្រជួយស្រីៗពពោះគេងលក់ស្រួល បើមានបញ្ហាពិបាកគេង ប៉ុន្តែមិនសូវធ្ងន់ធ្ងរ ល្អបំផុតគួរសាកល្បងវិធីទាំងនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារប្រើថ្នាំពេទ្យ៖

  • គេងផ្អៀងទៅម្ខាង និងដាក់ខ្នើយនៅចន្លោះជង្គង់ពេលគេង
  • មិនត្រូវញ៉ាំអាហារច្រើនពេក មុនពេលគេង
  • គួរញ៉ាំទឹកដោះគោមួយពែងមុនចូលគេង
  • ប្រើវិធីសម្រួលអារម្មណ៍ផ្សេងៗ ដូចជា វិធីដកដង្ហើម ឬសម្រួលសាច់ដុំ (Stretching) ដើម្បីជួយបង្កើនការគេងលក់។

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម