ហេតុ​អ្វី​ស្រីៗ​ងាយ​នឹង​ប្រឈម​បញ្ហា​ថប់បារម្ភ ឬ​បាក់ទឹកចិត្ត​ខ្ពស់​ជាង​បុរស?

  • 2023-10-04 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ពី​ភាព​ខុសគ្នា​រវាង​បុរស និង​ស្រ្តី​ទាក់​ទង​នឹង​បញ្ហា​ថប់​បារម្ភ និង​បាក់​ទឹក​ចិត្ត​។ ការ​សិក្សា​រក​ឃើញ​ថា​ស្រ្តី​ងាយ​នឹង​មាន​បញ្ហា​ទាំង​នេះ​ខ្ពស់​ជាង​បុរស​។ ការសិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​ធ្វើ​ឡើង​កាល​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា​ស្រ្តី​មាន​ទំនោរ​ទៅ​រក​បញ្ហា​ថប់​បារម្ភ ឬ​បាក់​ទឹក​ចិត្ត​ពីរ​ដង​ខ្ពស់​ជាង​បុរស​។​ តាម​រយៈ​ការ​សិក្សា​គេ​រក​ឃើញ​ថា​កត្តា​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ស្រ្តី​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត​បែប​នេះ​​។​

កត្តា​អ័រម៉ូន​

ស្រ្តី​ក្នុង​វ័យ​បន្ត​ពូជ​​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥​ទៅ​៤៤​ឆ្នាំ អ័រម៉ូន​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បញ្ហា​ថប់​បារម្ភ ឬ​បាក់ទឹកចិត្ត​។​

​អ័រម៉ូន​ដូច​ជា​អឺស្រ្តូហ្សែន និង​ប្រូជេស្តេរ៉ូន មាន​ឥទ្ធិពល​លើ​សេរ៉ូតូនីន ដែល​ជា​ភ្នាក់​ងារ​គីមី​នៃ​អារម្មណ៍​ល្អ​ដែល​ជំរុញ​ឲ្យ​ស្រ្តី​មាន​អារម្មណ៍​រីករាយ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ័រម៉ូន​​អឺស្រ្តូហ្សែន និង​ប្រូជេស្តេរ៉ូន​ធ្លាក់​ចុះ​ សេរ៉ូតូនីន ក៏​ធ្លាក់ចុះ​ដូច​គ្នា ដែល​អាច​នាំ​ឲ្យ​ស្រ្តី​មួយ​ចំនួន​ប្រឈម​​បញ្ហា​បាក់​ទឹក​ចិត្ត​។ កត្តា​អាយុ​កាន់​តែ​ច្រើន កត្តា​ជំងឺ​ជាក់​លាក់​មួយ​ចំនួន និង​កត្តា​បញ្ហា​តំណពូជ​ គឺ​ជា​ដើម​ចម​នាំ​ឲ្យ​អ័រម៉ូន​ទាំង​នេះ​ធ្លាក់​ចុះ។​

​កត្តា​សង្គម

ក្នុង​បរិបទ​​សង្គម​មួយ​ចំនួន​មនុស្ស​ស្រី​ត្រូវ​ទទួល​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ជាង​បុរស ឬ​ក្មេង​ប្រុស។ សង្គម​ខ្លះ​មាន​​ប្រពៃ​ណី ទំនៀមទម្លាប់​តឹង​រឹង​លើ​នារី​ភេទ ដែល​នាំ​ឲ្យ​នារី​បាត់​បង់​នូវ​ឱកាស​ក្នុង​ការ​ចូល​រួម ឬ​បញ្ចេញ​មតិ​ជា​ដើម​។ ការ​សិក្សា​រក​ឃើញ​ថា​ស្រ្តី​ដែល​ស្ថិត​ក្នុង​បរិបទ​សង្គម​មួយ​ដែល​រឹត​ត្បិត​ខុស​ពី​បុរស​បែប​នេះ​ក៏​ប្រឈម​នឹង​បញ្ហា​បាក់​ទឹក​ចិត្ត ឬ​ថប់បារម្ភ​ដែរ។

ដូច​គ្នា​ដែរ ស្រ្តី​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ពេល​ឈប់​ធ្វើ​ការ​និង​ក្លាយ​ជា​ម្ដាយ និង​មេផ្ទះ​ក្រោយ​រៀបការ ក៏​មិន​សូវ​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ពី​សង្គម​ ឬ​ក្រុម​មួយ​ចំនួន ដែល​ការ​មិន​ឲ្យ​តម្លៃ​លើ​តួនាទី​ស្រ្តី​ក្នុង​គ្រួសារ​បែប​នេះ​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ស្រ្តី​មាន​បញ្ហា​ថប់​បារម្ភ​ដែរ។ ជាង​នេះ​ទៅ​ទៀត​បើ​ស្រ្តី​ក្លាយ​ជា​ភរិយា មាន​ទាំង​កូន ហើយ​បន្ត​ធ្វើ​ការ​ក្រៅ​ទៀន​នោះ ក៏​កាន់​តែ​មាន​សម្ពាធ​ដែរ​ ដោយ​សារ​ស្រ្តី​ពិបាក​បែង​ចែង​ថា​ខ្លួន​មាន​តួនាទី​អ្វី​ឲ្យ​ប្រាកដ​។

តើ​ស្រ្តី​គួរ​ធ្វើ​បែប​ណា? ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ស្រ្តី​គ្មាន​អ្វី​ក្រៅ​ពី​ការ​​ស្វែង​រក​ជំនួយ​ពី​ដៃ​គូ ឬ​អ្នក​ជំនាញ​នោះ​ទេ​បើ​ករណី​នេះ​បង្ក​ការ​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ។ ក្រៅ​ពី​នេះ ស្រ្តី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​បន្ថែម​ទៀត​ដូច​ជា​ឆ្លៀត​ហាត់​ប្រាណ ញ៉ាំ​អាហារ​ល្អ​ៗ​ចំពោះ​សុខ​ភាព និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​ដើម​។

ស្រ្តី​យើង​គួរ​ដឹង​ដែរ​ថា​ការ​គ្រប់​គ្រង​បញ្ហា​ថប់បារម្ភ និង​បញ្ហា​បាក់​ទឹក​ចិត្ត​គឺ​ត្រូវ​ការ​ពេល​វេលា និង​វិធី​សាស្រ្ត​ត្រឹម​ត្រូវ​ដែល​ខ្លួន​យើង​អាច​ទទួល​យក​បាន​ និង​មាន​ភាព​អត់ធ្មត់​។ ក្រៅពី​នេះ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែង​រក​ជំនួយ​ពី​មិត្ត​ភក្ដិ ដៃគូ ឬ​គ្រូពេទ្យ​ជំនាញ​។

ប្រភព៖ verywellmind ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម