ការ​ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ​អាច​ធ្វើ​ឲ្យ​យើង​ញៀន​នឹង​ជាតិ​កាហ្វេអ៊ីន?

  • 2023-09-26 04:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​គ្នា​យើង​ណា​ម្នាក់​​ពិបាក​ផ្ចង់អារម្មណ៍​ធ្វើ​ការ​នៅ​ព្រឹក​ៗ​ឡើង​​ដោយ​សារ​មិន​ទាន់​បាន​ញ៉ាំ​កាហ្វេ នោះ​ក៏​មិន​ចម្លែក​ដែរ មាន​អ្នក​ផ្សេង​ជា​ច្រើន​ទៀត​ក៏​ទំនង​ជា​ដូច​គ្នា​អីចឹង​ដែរ​។​

កាហ្វេ​អ៊ីន​ក៏​ត្រូវ​បាន​គេ​ប្រើ​​នៅ​ក្នុង​ឱសថ​ច្រើន​ដែរ​នៅ​លើ​ពិភព​លោក​។ មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ការ​ញ៉ាំ​កាហ្វេ ឬ​ការ​​អត់​កាហ្វេ​មិន​បាន​គឺ​ជារឿង​ធម្មតា​ដែល​សង្គម​ទាំង​មូល​ទទួល​យក​បាន​។ តស់​​ស្វែង​យល់​នៅ​ទី​នេះ​ដើម្បី​ដឹង​ថា​ញ៉ាំ​កាហ្វេ​ពិត​ជា​ធ្វើ​ញៀន​មែន​ឬអត់?​

កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​

កាហ្វេ​មាន​ផ្ទុក​ជាតិកាហ្វេ​អ៊ីន ដែលជា​សមាធាតុ​រំញោច​ធម្មជាតិ​មួយ​ដែល​គេ​ក៏​ឃើញ​​មាន​ចំនួន​តិច​តួច​ដែរ​​នៅ​ក្នុង​តែ សូកូឡា និង​ភេសជ្ជៈ​មួយ​ចំនួន​។ ជាតិ​កាហ្វេ​អ៊ីន​មាន​ឥទ្ធិពល​លើ​រាង​កាយ​យើង​​​លើ​ចំណុច​ផ្សេង​ៗ​ដូច​ជា​បង្កើន​ការ​ធ្វើ​មេតាប៉ូលិស ផ្ដល់​ថាមពល និង​ជំនួយ​ស្មារតី​។

ដូច​គ្នា​ដែរ កាហ្វេអ៊ីន​ក៏​មាន​ឥទ្ធិ​ពល​លើ​ខួរ​ក្បាល​ដែរ​ ដែល​វា​អាច​ជួយ​ឲ្យ​យើង​មាន​ស្មារតី​ល្អ ផ្ចង់អារម្មណ៍​បាន​ល្អ និង​ជំរុញ​ដល់​ការ​ធ្វើ​ការងារ​ផង​ដែរ​។​

បរិមាណ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ​មាន​ផ្សេងៗ​គ្នា​។ ប្រភេទ​កាហ្វេ​ខ្លះ​ក្នុង​ចំណុះ​មួយ​ពែង​មាន​ការ​ហ្វេ​អ៊ីន​ត្រឹម​៣០​មិល្លីក្រាម និង​ខ្លះ​អាច​មាន​រហូត​ដល់​ជាង​៣០០​មិល្លីក្រាម​ក៏​មាន។​ យ៉ាងណា​ការ​ញ៉ាំ​កាហ្វេ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ត្រឹម​១០០​មិល្លីក្រាម​គឺ​អាច​ធ្វើ​ឲ្យ​យើង​សម្គាល់​ដឹង​ពី​ឥទ្ធិពល​របស់​វា​ហើយ​។​ ពេល​យើង​ញ៉ាំកាហ្វេ វា​ត្រូវ​ការ​ពេល​ប្រហែល​ពី​៣០​ទៅ​៦០​នាទី​ដើម្បី​ចូល​ទៅ​ក្នុង​ឈាម​ក្នុង​កម្រិត​អតិបរមា។ ឥទ្ធិពល​កាហ្វេ​អាច​មាន​ចន្លោះពី​​៣​ទៅ​៩​ម៉ោង​អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ​។​

ហេតុ​អ្វី​ជាតិ​កាហ្វេអ៊ីន​ធ្វើ​ឲ្យ​ញៀន?

ដូច​ទៅ​នឹង​សារធាតុ​ញៀន​ផ្សេង​ទៀត​ដែរ កាហ្វេអ៊ីន​ក៏​អាច​ធ្វើ​ឲ្យ​ញៀន​ដូច​គ្នា​។ ការញៀន​នេះ​អាច​មក​ពី​យើង​បាន​ញ៉ាំជាតិ​កាហ្វេអ៊ីន​ទៀងទាត់​ ហើយ​សារធាតុ​នេះ​កែ​ប្រែ​សារធាតុ​គីមី​មួយ​ចំនួន​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង​។​

ជា​ឧទាហរណ៍ ខួរ​ក្បាល​យើង​អាច​នឹង​ចាប់​​ផ្ដើម​ផលិត​ធ្មួល​ adenosine កាន់​តែ​ច្រើន​ ដើម្បី​ជំនួស​ឲ្យ​ធ្មួល​ផ្សេង​ដែល​ត្រូវ​បិទ​ដោយសារ​កាហ្វេអ៊ីន​។ ជា​លទ្ធ​ផល​ចំនួន​ធ្មួល​កាន់​តែ​ច្រើន ក៏​តម្រូវ​ឲ្យ​យើង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ក៏​ច្រើនដើម្បី​បំពេញ​គ្នា​។ ហេតុ​នេះ​នៅពេល​យើង​ញ៉ាំកាហ្វេ​យូរៗទៅ​យើង​ក៏​កាន់​តែ​ស៊ាំ​ទៅ​នឹង​ជាតិ​កាហ្វេ​អ៊ីន​។​

ផ្ទុយ​មក​វិញ​នៅពេល​យើង​មិន​បាន​ញ៉ាំកាហ្វេ​​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​មាន​ធ្មួល​ adenosine សេរី​កាន់​តែ​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​។​ ពេល​យើង​ញ៉ាំ​កាហ្វេ​រាល់​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ​ឬញៀន​ទៅ​នឹង​កាហ្វេ ហើយ​ការ​​ញ៉ាំ​កាហ្វេ​ជា​ប្រចាំ​នេះ​ទៀត​សោត​ក៏​ធ្វើ​ឲ្យ​យើង​មាន​ទម្លាប់​ ឬ​បង្កើត​ជា​ទម្លាប់​ក្នុង​ការ​ញ៉ាំ​កាហ្វេ​ផង​ដែរ​។ មួយ​វិញ​ទៀត​ដោយសារតែការ​ញ៉ាំ​កាហ្វេ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ទើប​ធ្វើ​ឲ្យ​យើង​ចេះ​តែ​ចង់​ញ៉ាំ​ហើយ​ញ៉ាំ​ទៀត​រាល់​ថ្ងៃ​បែប​នេះ​។​

គុណ​ប្រយោជន៍​មួយ​ចំនួន​របស់​កាហ្វេ​ចំពោះ​សុខ​ភាព

ខុស​ពី​សារធាតុ​ញៀន​ផ្សេង កាហ្វេ និង​កាហ្វេអ៊ីន​មាន​គុណ​ប្រយោជន៍​ដល់​សុខ​ភាព​មួយ​ចំនួន​។ គុណ​ប្រយោជន៍​ទាំង​នោះ​មាន​ដូច​ជា​ជំរុញ​ដល់​ដំណើ​រការ​ខួរ​ក្បាល ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ ជួយ​ដល់​ការ​ធ្វើ​មេតាប៉ូលិស​រាង​កាយ ជួយ​បង្កើន​ថាមពល និង​ត្រូវ​គេជឿ​ថា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺបេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ​។​

ចុះ​អ្នក​ណា​ខ្លះ​មិន​គួរ ឬ​គួរ​កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ីន? ស្រ្តី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មាន​បញ្ហា​ធ្វើ​មេតាប៉ូលិស​ជាតិ​កាហ្វេអ៊ីន​យឺតគួរ​តែ​កម្រិត​ការញ៉ាំ​កាហ្វេ ឬអាហារ​មានជាតិ​កាហ្វេអ៊ីន​។ សម្រាប់​អ្នក​ដែល​កំពុង​​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ក៏​គួរ​កម្រិត​ការញ៉ាំកាហ្វេ​ដែរ ឬ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុននឹង​ញ៉ាំ​កាហ្វេ ឬអាហារ​មានជាតិ​កាហ្វេ​អ៊ីន​។​

ប្រភព៖ healthline ប្រែ​សម្រួល៖ ទូច សុខា