ហេតុអ្វីអាហារពេលព្រឹកមានសារសំខាន់?

  • 2023-09-19 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក គឺជា​ការ​ចាប់​ផ្ដើម​នៃ​ការ​ធ្វើ​មេតាប៉ូលិស​របស់​រាង​កាយ ជួយ​ឲ្យ​រាង​កាយ​ដុត​កាឡូរី​បាន​ពេញ​មួយ​ថ្ងៃ​។ ដូច​គ្នា​ដែរ​ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក៏​ជួយ​​ផ្ដល់​ថាមពល​ដែល​រាង​កាយ​ត្រូវ​ការ ដើម្បី​បំពេញ​កិច្ច​ការ​ងារ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ​។​ អ្វី​ដែល​បាន​រៀប​រាប់​នេះ​គ្រាន់​ជា​ហេតុ​ផល​មួយ​ចំនួន​ប៉ុណ្ណោះ។ បើ​អីចឹង​អាហារពេល​ព្រឹក​មាន​សារសំខាន់​អ្វី​ខ្លះទៀត?​

ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទៅ​នឹង​សុខ​ភាព​ល្អ ជំនួយ​ដល់​ការ​ចងចាំ ផ្ទង់អារម្មណ៍​បាន​ល្អ បញ្ចុះ​កម្រិតកូលេស្តេរ៉ូល​អាក្រក់ និង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​បញ្ហា​ធាត់​លើស​ទម្ងន់​។​ ថ្វី​បើ​អ្វី​ទាំង​នេះ​ហាក់​ពិបាក​យល់​បន្តិច​ថា​តើ​ការ​ញ៉ាំអាហារ​ពេល​ព្រឹក​ជួយ​ឲ្យ​មាន​គុណ​សម្បត្តិ​ផ្នែក​សុខ​ភាព​ទាំង​នេះ ឬ​ក៏​មក​ពី​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជាមនុស្ស​មាន​ទម្លាប់​ល្អ​ចំពោះ​សុខ​ភាព​។

ប៉ុន្តែ​អ្វី​ដែ​ល​គេ​ដឹង​ច្បាស់​គឺ​ថាបើ​សិន​ជា​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​​នឹង​ធ្វើ​ឲ្យ​រាង​កាយយើង​​បាត់​បង់​នូវ​ទម្លាប់​ដែល​រាង​កាយ​ត្រូវ​ញ៉ាំ និង​មិន​ត្រូវ​ញ៉ាំ​។ ពេល​យើង​ភ្ញាក់​ពី​គេង​ជាតិ​ស្ករ​ក្នុង​ឈាម​​ដែល​មាន​នាទី​ជួយ​ពង្រឹង​សាច់​ដុំ និង​ខួរ​ក្បាល​ឲ្យ​ដំណើរ​ការ​ល្អ​មាន​កម្រិត​ទាប ហើយ​អាហារពេល​ព្រឹក​ជួយ​បំពេញ​អ្វី​ទាំងនេះ​។​

បើ​សិន​ជា​រាង​កាយ​យើង​មិ​ន​បាន​បន្ថែម​អាហារ​ចូល​ទេ នោះ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ខ្សោះ ឬ​ខ្វះ​ថាមពល ហើយ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​ច្រើន​នៅ​ម៉ោង​​បាយ​បន្ទាប់​។​ អាហារ​ពេល​ព្រឹក​ក៏​ជួយ​ផ្ដល់​ឲ្យ​រាង​កាយ​យើង​ទទួល​បាន​សារជាតិ​ចិញ្ចឹម​ល្អៗ​ពីអាហារ​​ដែល​យើង​បាន​ញ៉ាំ​។ បើ​សិន​ជា​យើង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក គឺ​​យើង​នឹង​មិន​បាន​ទទួល​សារជាតិ​ចិញ្ចឹម​ល្អៗ​ទាំង​នោះ​សម្រាប់​រាង​កាយ​ដែរ​។​

មនុស្ស​ជាច្រើន​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក៏ព្រោះ​តែ​អ្នក​ទាំង​នោះ​មាន​ការ​បន្ទាន់​ត្រូវ​ទៅ​ធ្វើ​ការ ឬ​មូល​ហេតុ​ចាំ​បាច់​ណា​មួយ​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ​ យើង​ត្រូវ​តែ​ផ្ដល់​អាហារ​ពេល​ព្រឹក​ដល់​រាង​កាយ ទម្រាំ​ដល់​ម៉ោង​ញ៉ាំ​​បាយ​ថ្ងៃត្រង់​។​ បើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក យើង​អាច​នឹង​ឃ្លាន​ខ្លាំង​នៅ​ពេល​ក្រោយ​ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ចំពោះ​សុខ​ភាព ដូច​ជា​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​ជាតិ​ស្ករ​ខ្ពស់​ជា​ដើម​។

ប្រភព៖ webmd អត្ថបទ៖ ទូច សុខា