ញ៉ាំទឹកមិនស្អាត ញ៉ាំអាហារមិន​ឆ្អិតល្អ អាចបង្កឱកាស​កើត​ជំងឺគ្រុនពោះវៀន

  • 2023-09-14 02:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺគ្រុនពោះវៀន គឺជាការឆ្លងមេរោគដែលអាចគំរាមកំហែងដល់អាយុជីវិតប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា។

ការរីកដុះដាលនៃនគរូបនីយកម្ម និងបម្រែបម្រួលអាកាសធាតុមានឥទ្ធិពលលើការកើនឡើងនៃជំងឺនេះ ស្របពេលដែលការធន់នឹងការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចក៏ធ្វើឲ្យមានភាពងាយស្រួលសម្រាប់ជំងឺគ្រុនពោះវៀនក្នុងការរីករាលដាលនៅក្នុងសហគមន៍ដែលខ្វះលទ្ធភាពទទួលបានទឹកស្អាត ឬអនាម័យគ្រប់គ្រាន់ផងដែរ។

ការចម្លងរោគ

ជំងឺគ្រុនពោះវៀន បណ្តាលមកពីបាក់តេរី Salmonella Typhi ដែលជាធម្មតាជំងឺនេះឆ្លងតាមរយៈការបរិភោគទឹក ឬអាហារដែលមានផ្ទុកនូវពពួកមេរោគ Salmonella enterica (typhi , Paratyphi) ។

រោគសញ្ញា

ជាទូទៅ អ្នកជំងឺមានរោគសញ្ញាដូចជា៖

  • ក្តៅខ្លួន ដែលសីតុណ្ហភាពអាចដល់ ៣៩-៤០ អង្សា
  • ភាពមិនស៊ីចង្វាក់គ្នារវាងកំដៅ និងជីពចរ
  • អស់កម្លាំង
  • ឈឺក្បាលខ្លាំង
  • ចង្អោរ
  • ពិបាកបន្ទោរបង់ ឬរាករូស
  • មានករណីតិចតួច ដែលមានសញ្ញាកន្ទួលក្រហមនៅលើស្បែក ជាពិសេសស្បែកពោះ

ការធ្វើរោគវិនិច្ឆ័យ

  • ជាទូទៅអ្នកជំងឺនឹងត្រូវ​គ្រូពេទ្យសាកសួរ និងពិនិត្យឲ្យបានច្បាស់លាស់ -​ ការធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យឈាម និងការបណ្តុះមេរោគដើម្បីទទួលបានប្រភេទមេរោគ ព្រមទាំងថ្នាំសម្លាប់មេរោគត្រឹមត្រូវ និងច្បាស់លាស់
  • ក្រៅពីនេះគេអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យលាមក តែថាការធ្វើរោគវិនិច្ឆ័យនេះមានការដុះរបស់មេរោគនៅកំរិតទាប

វិធីសាស្ត្រនៃការព្យាបាល

វិធីសាស្ត្រនៃការព្យាបាលជំងឺគ្រុនពោះវៀនមានដូចជា៖

  • ស្វែងរកប្រភេទមេរោគ
  • អ្នកជំងឺចាំបាច់ត្រូវការការព្យាបាលដោយថ្នាំអង់ទីប៊្យូទីក (Antibiotic) សម្រាប់​សម្លាប់មេរោគ Salmonella
  • រយៈពេលនៃការព្យាបាល អាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ (មិនសូវធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរ)

វិធីបង្ការ

យើងអាចបង្ការជំងឺគ្រុនពោះវៀនបានតាមរយៈវិធីខាងក្រោម៖

  • បង្កើនទម្លាប់រក្សាអនាម័យ ជាពិសេសលាងដៃនឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលទទួលទានអាហារ
  • ត្រូវទទួលទានទឹកស្អាត និងបរិភោគចំណីអាហារដែលឆ្អិនល្អ
  • ចាក់វ៉ាក់សាំងការពារមេរោគ Salmonella enterica (typhi) ដែលមានមានពីរប្រភេទគឺ ប្រភេទលេប និងប្រភេទចាក់សាច់ដុំ។

គេសង្កេតឃើញថាប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះ អាចការពារបានត្រឹមតែ ៥០% ទៅ ៦០% តែប៉ុណ្ណោះ ដូច្នេះហើយការធ្វើអនាម័យដោយលាងដៃនឹងសាប៊ូ ព្រមទាំងទទួលទានទឹកស្អាត ហើយអាហារដែលចម្អិនបានឆ្អិនល្អ នៅតែជាវិធីការពារដ៏ចម្បង។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា