តើអ្វីជាជំងឺបេះដូង?
- 2023-09-06 04:12:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្វីជាជំងឺបេះដូង?
ជំងឺបេះដូងគឺជាពាក្យទូទៅមួយដែលរួមបញ្ចូលប្រភេទនៃបញ្ហាបេះដូងជាច្រើន។ នៅសហរដ្ឋអាមេរិក ជំងឺបេះដូងដែលកើតច្រើនគឺជំងឺសរសៃឈាមបេះដូង(coronary artery disease) ដែលជំងឺនេះធ្វើឲ្យប៉ះពាល់ដល់លំហូរឈាមទៅកាន់បេះដូង។
ជំងឺបេះដូងមានប្រភេទផ្សេងៗដែលរួមមាន៖
ប្រភេទនៃជំងឺបេះដូងនីមួយៗមានមូលហេតុបង្កផ្សេងៗគ្នា។ ជាក់ស្ដែងដូចជាជំងឺសរសៃឈាមបេះដូង កើតឡើងនៅពេលសរសៃឈាមអាក់ទែដែលផ្គត់ផ្គង់ឈាមទៅបេះដូងមានការរាំងស្ទះដោយកំណក ចំណែកបញ្ហាចង្វាក់បេះដូងលោតខុសប្រក្រតីអាចកើតចេញពីសម្លាកនៅលើសាច់ដុំបេះដូង។ បញ្ហាសម្ពាធឈាមខ្ពស់ លើសជាតិខ្លាញ់ និងការជក់បារី គឺជាកត្តាហានិភ័យនាំឲ្យមានជំងឺបេះដូង។
រោគសញ្ញាជំងឺបេះដូងអាចមានភាពផ្សេងៗគ្នាអាស្រ័យលើប្រភេទនៃជំងឺបេះដូង។ យ៉ាងណារោគសញ្ញាទូទៅនៃជំងឺបេះដូងមានដូចជាឈឺទ្រូង ឬពិបាកក្នុងទ្រូង ចុករួយក ឬខ្នងផ្នែកខាងលើ ពិបាករំលាយអាហារ ក្រហាយទ្រូង ចង្អោរ ឬក្អួត អស់កម្លាំងខ្លាំង វិលមុខ និងដកដង្ហើមខ្លីៗជាដើម។
ការព្យាបាលជំងឺបេះដូងគឺអាស្រ័យទៅលើប្រភេទជាក់លាក់នៃជំងឺនេះ និងភាពធ្ងន់ធ្ងររបស់ជំងឺ ទៅតាមការវាយតម្លៃរបស់គ្រូពេទ្យ។ យ៉ាងណា ការព្យាបាលជាទូទៅមានដូចជាការប្រើប្រាស់ថ្នាំ ការវះកាត់ ឬអាចមានវិធីផ្សេងទៀត។ ក្រៅពីនេះការព្យាបាលដោយកែប្រែបែបបទនៃការរស់នៅក៏ត្រូវប្រើដែរ។ ការកែប្រែនេះគឺដូចជាអ្នកជំងឺត្រូវញ៉ាំអាហារល្អចំពោះសុខភាពតាមការណែរបស់គ្រូពេទ្យ ដូចជាអាហារមានជាតិខ្លាញ់ទាប និងអំបិលទាបជាដើម។ ក្រៅពីនេះការហាត់ប្រាណ និងបញ្ឈប់ការជក់បារីក៏ត្រូវអនុវត្តដែរ។
ក្រៅពីនេះ ការគេងឲ្យបានគ្រប់គ្រាន់ និងការគ្រប់គ្រងស្រ្តេសឲ្យបានល្អ ក៏ជាចំណែកជួយដល់សុខភាពបេះដូងដែរ។ បើសិនជាមានការសង្ស័យថាមានជំងឺបេះដូងដោយមានចេញរោគសញ្ញាដូចបានរៀបរាប់ខាងលើ ជាការល្អត្រូវស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យដើម្បីបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលបានទាន់ពេល។