បច្ចុប្បន្នមានមនុស្សជាច្រើន មិនថាចាស់ ឬវ័យជំទង់កំពុងជួបប្រទះនូវបញ្ហាហើម ឬឈឺសន្លាក់ ដោយពួកគេពុំបានដឹងពីឬសគល់នៃបញ្ហានេះឡើយ។
ថ្ងៃនេះ កញ្ញានឹងចែករំលែកអំពីជំងឹឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាមដែលជាមូលហេតុបណ្តាលឲ្យយើងមានអាការៈដូចរៀបរាប់ខាងលើ។
អ្វីទៅជាអាស៊ីតអ៊ុយរិក?
អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលីស ដែលកកើតចេញពីការផលិតរបស់សរីរាង្គ ការបរិភោគអាហារសម្បូរជាតិពុយរីនច្រើនហួស ឬដោយសាររាងកាយអសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។
កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ និងតម្រងនោម។
តើអាហារណាសម្បូរដោយសារធាតុពុយរីន ដែលបណ្តាលឲ្យកើនជាតិអាស៊ីតអ៊ុយរិក?
ប្រភេទអាហារដែលសំបូរដោយសារធាតុពុយរីន (purines) មានដូចជា៖
- ប្រភេទសាច់៖ គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ...)
- គ្រឿងសមុទ្រ
- ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង
- ប្រភេទបន្លែផ្លែឈើ៖
• ផ្សិត
• ស្ពៃក្ដោប
• ខាត់ណា
• ផ្កាខាត់ណា
• ទំពាំងបារាំង និងសណ្ដែកខៀវ...។
** អាហារដែលមិនសូវសំបូរជាតិ** ពុយរីន មានដូចជាៈ
- នំបុ័ង
- ផ្លែឈើ
- ទឹកដោះគោ
- ស៊ុត
- តែ កាហ្វេជាដើម។
តើរោគសញ្ញានៃជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាមមានអ្វីខ្លះ?
ជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម មានរោគសញ្ញាដូចជា៖
- ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ...) ជាពិសេសម្រាមមេជើង
- ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
- ក្ដៅខ្លួន
- ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ
- ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)
តើជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម បណ្តាលមកពីមូលហេតុអ្វីខ្លះ?
មូលហេតុ និងកត្តារួមផ្សំដែលបង្កឲ្យមានជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាមរួមមាន៖
- ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ឆ្នាំ
- លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ
- មានមូលហេតុមួយចំនួន ដែលអាចបណ្ដាលឲ្យមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។
តើជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាមមានការព្យាបាលយ៉ាងដូចម្តេច?
ការព្យាបាលជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម មានដូចជា៖
- បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ
- បន្ថយការឈឺចាប់សន្លាក់
- ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម
ខាងក្រោមជាដំបូន្មានសម្រាប់អ្នកជំងឺឡើងជាតិអាស៊ីត៖
- ជៀសវាងការបរិភោគអាហារដែលសម្បូរជាតិពុយរីន (ដូចបានរៀបរាប់ខាងលើ)
- ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ
- ជៀសវាងការពិសាគ្រឿងស្រវឹង
- ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន៕
ប្រភព៖
មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
អត្ថបទដោយ៖ សុលក្ខិណា