របបអាហារ​សុខ​ភាពសម្រាប់អ្នកសម្រាលកូន​រួច ម៉ាក់ៗគួរដឹង

  • 2023-08-16 04:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របបអាហារ​ល្អ​ដើរ​តួសំខាន់​ណាស់​សម្រាប់​ការ​ធានា​ឲ្យ​សុខ​ភាព​ម៉ាក់ៗ​វិល​មក​រក​សភាព​ធម្មតា​វិញ​បន្ទាប់​ពី​សម្រាល​កូន​រួច​។ របប​អាហារ​ល្អ​សម្ដៅ​លើ​អាហារ​ប្រភេទ​ណា​ខ្លះ? តស់​ស្វែង​យល់​នៅ​ទី​នេះ!

១. ​ញ៉ាំ​អាហារ​ចម្រុះ​មុខ​​៖ ការ​ញ៉ាំ​អាហារ​ចម្រុះ​មុខ​​នេះ​សម្ដៅ​ដល់​​ការ​ញ៉ាំ​អាហារ​មាន​ទាំង​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ ប្រូតេអ៊ីន​បានពីសណ្ដែក និង​ផលិត​ផល​ទឹក​ដោះ​គោ​ជា​ដើម​។ ក្រៅ​ពីនេះ​អាហារ​មួយ​ចំនួន​ទៀត​​ក៏​សម្បូរ​សារជាតិ​ចិញ្ចឹម​ដែល​ម៉ាក់ៗ​មិន​គួរ​រំលង​ដែរ។ អាហារ​ទាំង​នោះ​មាន​ដូច​ជា​សាច់​មាន់ ត្រី តៅហ៊ូ និង​អង្ករសម្រូប។ អាហារ​ទាំង​នេះ​ផ្ដល់​នូវ​សារជាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​សុខ​ភាព​ម៉ាក់ៗ និង​ការ​បំបៅ​ដោះ​កូន​។

២. រក្សា​ជាតិ​ទឹក​៖ ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​ក៏​ជា​រឿង​សំខាន់​មួយ​ទៀត​ដែរ​សម្រាប់​ម៉ាក់​ៗ​ទើប​សម្រាល​កូន​រួច​។ ការ​ញ៉ាំ​ទឹក​មិន​ត្រឹម​តែ​ជួយ​ទ្រ​ទ្រង់​ដល់​សុខ​ភាព​ម៉ាក់ៗ​ទេ តែ​ក៏​ជួយ​ដល់​ការ​ផលិត​ទឹក​ដោះ​សម្រាប់​កូន​បៅ​ផង​ដែរ​។ ជា​ធម្យម​ម៉ាក់ៗ​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​​យ៉ាង​តិច​ចន្លោះពី​៦​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ​។​​​​

៣. កុំ​ទាន់​តម​អាហារ​ភ្លាម​ៗ​៖ ម៉ាក់ៗ​មួយ​ចំនួន​អាច​បារម្ភ​ថា​ញ៉ាំ​ច្រើន​ធ្វើ​ឲ្យ​ឡើង​គីឡូ​រាង​មិន​ស្អាត តែ​​សម្រាប់​អ្នក​ទើប​សម្រាល​កូន​ហើយ​មិន​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​លឿន​ពេក​ទេ​។ ការ​កាត់​បន្ថយ​បរិមាណ​កាឡូរី​លឿន​ពេក​អាច​ប៉ះពាល់​ដល់​ការ​វិល​ទៅ​រក​សុខ​ភាព​ធម្មតា​របស់​ម៉ាក់ៗ និង​ការ​បំបៅ​ដោះ​កូន​។ អាហារ​ម៉ាក់ៗ​ញ៉ាំ​មាន​ផ្ទុក​កាឡូរី​ដែល​ចាំ​បាច់​សម្រាប់​ការ​ធានា​នូវ​សុខ​ភាព​ម្ដាយ និង​ការ​ផលិត​ទឹក​ដោះ​សម្រាប់​កូន​បៅ​។ ដូច​គ្នា​ដែរ​​ម៉ាក់ៗ​ត្រូវ​​សង្កេត​ខ្លួន​ឯង​ថា​តើ​ការ​ញ៉ាំ​អាហារ​កម្រិត​ណា​សម​ល្មម​មិន​ធ្វើ​ឲ្យ​នៅ​ឃ្លាន ឬ​ក៏​ឆ្អែត​ពេក​។ ជា​ធម្មតា​ម៉ាក់ៗ​បំបៅ​ដោះ​កូន​អាច​នឹង​ត្រូវ​ការ​​ញ៉ាំ​អាហារ​ច្រើន​ជាង​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន​។​​

៤. ប្រឹក្សា​ជាមួយ​គ្រូពេទ្យ៖ បើ​សិន​ជា​ម៉ាក់ៗ​មាន​បំណង​ចង់​តម​អាហារ ឬ​មាន​សំណួរទាក់​ទង​នឹង​របប​អាហារ គឺ​ចាំ​បាច់​ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​បាន​ដឹង​ច្បាស់​ថា​សុខ​ភាព​ម៉ាក់ៗ​អាច​កាត់​បន្ថយ​អាហារ​បាន​ឬនៅ ឬ​ក៏​ត្រូវ​ញ៉ាំ​អាហារ​ប្រភេទ​ណា​ដែល​រាង​កាយ​ម៉ាក់ៗ​ត្រូវ​ការ​ពិត​ប្រាកដ​។​​

ម៉ាក់ៗ​គួរ​ចាំ​ថា​ការ​ថែទាំក្រោយ​សម្រាល​មិន​មែន​ត្រឹម​តែ​ធ្វើ​ឲ្យ​រាង​កាយ​ស្រក​គីឡូ​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សារជាតិ​ចិញ្ចឹម​ដល់​រាង​កាយ​ផង​ដែរ​។ ការ​ទទួល​បាន​រប​ប​អាហារ​សុខ​ភាព និង​មាន​តុល្យភាព ជួយ​ឲ្យ​ម៉ាក់ៗ​បាន​ធូរ​ស្បើយ​លឿន និង​មាន​សុខ​ភាព​មាំ​មួន​ផង​ដែរ​។

អត្ថបទគួរអាន៖ FDA អាមេរិកអនុញ្ញាតឲ្យប្រើថ្នាំលេបសម្រាប់ព្យាបាលជំងឺ​បាក់ទឹកចិត្តក្រោយសម្រាល

ប្រភព៖ healthline | Cleveland Clinic អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម