FDA អាមេរិកអនុញ្ញាតឲ្យប្រើថ្នាំលេបសម្រាប់ព្យាបាលជំងឺ​បាក់ទឹកចិត្តក្រោយសម្រាល

  • 2023-08-08 07:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​អាមេរិក (FDA) ​កាល​ពី​សប្ដាហ៍​មុន​បាន​សម្រច​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ឱសថ​សម្រាប់​ព្យាបាល​បញ្ហា​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ក្នុង​ប្រទេស​របស់​ខ្លួនហើយ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNN កាលពីថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៣​។

​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ត្រូវ​គេ​ដឹង​ថា​អាច​កើត​មាន​លើ​ស្រ្តី​ម្នាក់ក្នុង​ចំណោម​ប្រាំពីរនាក់។ ជំងឺ​នេះជា​ជំងឺ​ធ្ងន់​ធ្ងរ​មួយ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ស្រ្តី ដែល​ពួក​គាត់អាច​ជួប​ប្រទះនឹង​អារម្មណ៍​សោក​សៅ មាន​កំហុង ឬ​គិតថា​ខ្លួន​គ្មាន​តម្លៃ​​ ហើយ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​វិញ​អាច​ឈាន​ដល់​ការ​ធ្វើ​បាបខ្លួន​ឯង និង​កូន​ផង​ដែរ​។

ថ្នាំ​សម្រាប់​ព្យាបាល​​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​នេះ​បាន​ត្រូវ​ប្រកាស​ឲ្យ​ដាក់​លក់​ដោយ​ក្រុម​ហ៊ុន​ឯកជន និង​ត្រូវ​លេប​មួយ​ថ្ងៃ​មួយ​គ្រាប់​ក្នុង​រយៈពេល​១៤​ថ្ងៃ​។ ផល​រំខាន​របស់​ឱសថ​នេះ​អាច​ធ្វើ​ឲ្យ​វិល​មុខ អង់កម្លាំង រាក ងងុយ​ដេក និង​មាន អាការៈដូច​ផ្ដាសាយ ដែល​នេះ​ជា​ផល​រំខាន​មួយ មិន​តម្រូវ​ឲ្យ​អ្នក​ប្រើ​ថ្នាំ​បើក​បរ ឬ​ធ្វើសកម្ម​ភាព​មួយ​ចំនួន​ដែល​អាច​នាំ​ឲ្យគ្រោះ​ថ្នាក់។ ​បើ​តាម​ភ្នាក់​ងារ​ឱសថនេះ ​អ្នក​ប្រើ​ប្រាស់ថ្នាំ​អាច​បើក​បរ ឬធ្វើ​ការ​ទាក់ទង​នឹង​គ្រឿង​ម៉ាស៊ីបាន​ដរាប​ណា​មាន​រយៈពេល​១២​ម៉ោង​ក្រោយ​ប្រើ​ថ្នាំនេះ។​

បើ​តាម​វិទ្យាស្ថាន​សុភាពផ្លូវ​ចិត្ត​អាមេរិក បាន​ប៉ាន់​ប្រមាណ​ថា​ទារក​ប្រហែល​ជា​៤សែន​នាក់​បាន​រស់​នៅ​ជាមួយ​ម្ដាយ​មាន​ជំងឺ​បាក់ទឹក​ចិត្ត​ក្នុង​មួយ​ឆ្នាំៗ​នៅសរដ្ឋអាមេរិក។ ហើយ​ថា​បើ​មិន​ទៅ​ទទួល​ការ​ព្យាបាល​ទេ​ ជំងឺ​បាក់​ទឹក​ចិត្ត​នេះ​អាច​បន្ត​កើត​មាន​លើ​ស្រ្តី​រាប់​ខែ ឬ​ឈាន​ដល់​ឆ្នាំ​ក៏​មាន​។

ប្រភព៖ CNN ដោយ៖ ទូច សុខា

អត្ថបទពេញនិយម