ប្រភេទមុនទាំងនេះឧស្សាហ៍កើតលើក្មេងជំទង់ឬទើបពេញវ័យ
- 2023-10-14 03:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភេទមុនទាំងនេះឧស្សាហ៍កើតលើក្មេងជំទង់ឬទើបពេញវ័យ
មុន ជាជំងឺស្បែកដែលបណ្តាលមកពីខ្លាញ់ និងកោសិកាស្បែកងាប់ស្ទះក្នុងរន្ធញើស។ ភាគច្រើនវាកើតឡើងលើមនុស្សវ័យជំទង់ និងទើបពេញវ័យ ប៉ុន្តែក៏អាចកើតលើអ្នកស្ថិតក្នុងវ័យខុសពីនេះដែរ។
មុន មានច្រើនប្រភេទ ដែលបណ្តាលមកពីកត្តាផ្សេងៗគ្នា និងទាមទារឲ្យមានការព្យាបាលខុសៗគ្នាផងដែរ។
ថ្ងៃនេះកញ្ញា នឹងនាំហេ្វនៗមកដឹងអំពីប្រភេទ និងលក្ខណៈមុនខុសៗគ្នារបស់មុនដើម្បីឲ្យហ្វេនបានស្គាល់ និងស្វែងរកវិធីព្យាបាលឲ្យបានសមស្រប។
មុនក្បាលខ្មៅ៖ ជាប្រភេទមុនដែលគេស្គាល់ច្រើនជាងគេ ដោយសារភាពងាយស្រួលក្នុងការចំណាំ និងការកើតឡើងញឹកញាប់។ មុនប្រភេទនេះកើតឡើងដោយសារតែការស្ទះនៃរន្ធញើស ដោយសារខ្លាញ់ និងកោសិកាចាស់ៗដែលងាប់។
មុនក្បាលខ្មៅ វិវត្តមកពីរន្ធញើសដែលបើកចំហនៅលើផ្ទៃស្បែក ហើយត្រូវបានបំពេញដោយប្រេងលើស និងកោសិកាស្បែកងាប់។
មនុស្សមួយចំនួនយល់ច្រឡំថា មុននោះខ្មៅដោយសារធូលី ឬសារធាតុកខ្វក់។ តាមពិត វាបណ្តាលមកពី សារជាតិមេឡានីននៃស្បែកត្រូវបានធ្វើអុកស៊ីតកម្ម និងប្រែក្លាយរន្ធញើសដែលស្ទះទៅជាមានពណ៌ខ្មៅ។
មុនក្បាលស៖ មុនដែលបិទមុខជិត ហើយមានក្បាលសៗ មានឈ្មោះថាមុនក្បាលស ។ វាកើតឡើងនៅពេលដែលប្រេង និងកោសិកាស្បែកទៅស្ទះនៅរន្ធញើសហើយរារាំងរន្ធញើសនោះមិនឲ្យបើក។ អ្នកមានមុនក្បាលស និងក្បាលខ្មៅ អាចរកទិញថ្នាំ ឬផលិតផលដែលគ្មានវេជ្ជបញ្ជាដើម្បីធ្វើការព្យាបាលបាន ព្រោះផលិតផលទាំងនោះក៏មានប្រសិទ្ធភាពក្នុងការព្យាបាលមុនក្បាលសដែរ។ យ៉ាងណាបើស្ថានភាពមុនគួរឲ្យបារម្ភ គួរប្រឹក្សាជាមួយគ្រូពេទ្យសើស្បែក។
មុនខ្ទុះ៖ ជាមុនធំ ដែលមានខ្ទុះ ដែលមើលទៅស្រដៀងនឹងដំបៅ។ មុនខ្ទុះបង្កឲ្យមានការឈឺចាប់ ហើយគួរទៅទទួលការព្យាបាលដោយគ្រូពេទ្យជំនាញខាងសើស្បែក ព្រោះមុននេះក៏អាចបណ្តាលឲ្យមានស្នាមលើស្បែកផងដែរ។ មុនខ្ទុះត្រូវបានចាត់ទុកថាមានមុនកម្រិតធ្ងន់ធ្ងរ។
តើហ្វេនៗមានមុនប្រភេទមួយណាដែរ? ប្រសិនបើមានមុនដែលស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ គួរតែទៅពិគ្រោះនឹងអ្នកជំនាញសើរស្បែក ដើម្បីទទួលការព្យាបាលឲ្យទាន់ពេលវេលា។