គន្លឹះងាយៗបំផុត ដែលអាចជួយពង្រឹងការផ្តោតអារម្មណ៍របស់អ្នកកុំឲ្យមានកំហុសច្រើន

  • 2022-08-11 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានធ្លាប់ដឹងទេថា កំហុសឆ្គងដែលមិនបានយកចិត្តទុកដាក់ភាគច្រើនគឺវាកើតឡើងដោយសារតែមានការរំខានទៅលើការផ្ដោតអារម្មណ៍របស់អ្នក? ហើយនៅពេលដែលមានរឿងអ្វីមួយកើតឡើង អ្នកអាចនឹងធ្វើការស្ដីបន្ទោស ឬរកលេសនានាដើម្បីយករួចខ្លួនពីកំហុសឆ្គងរបស់ខ្លួន។

អ្នកត្រូវដឹងថា ការខ្វះការផ្ដោតអារម្មណ៍ វាអាចបណ្ដាលមកពីបញ្ហាសុខភាព បញ្ហាផ្ទាល់ខ្លួន ការរំខាននានា និងការទទួលរងសម្ពាធពីគ្រប់មជ្ឈដ្ឋាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ មានបញ្ហាជាច្រើនទៀតដែលបណ្ដាលឲ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍ អាចបណ្ដាលមកពីការព្យាយាមធ្វើកិច្ចការច្រើនមុខក្នុងពេលតែមួយ។ ការខ្វះការផ្តោតអារម្មណ៍របស់អ្នកមិនត្រឹមតែអាចបង្កឲ្យមានបញ្ហាធំៗនោះទេ ប៉ុន្តែវាអាចកាត់បន្ថយផលិតភាពរបស់អ្នកក្នុងការធ្វើកិច្ចការអ្វីមួយ អ្នកមិនសូវយកចិត្តទុកដាក់រហូតដល់បណ្តាលឲ្យមានកំហុស។

ទាំងនេះគឺជាវិធីសាស្ត្រល្អៗទាំងប្រាំមួយយ៉ាងដើម្បីជួយពង្រឹងការផ្តោតអារម្មណ៍របស់អ្នកបាន៖

  • ផ្ដោតទៅលើអ្វីមួយដែលអ្នកកំពុងតែធ្វើ៖ វាអាចជួយអ្នកបានប្រសិនបើអ្នកបានធ្វើការជ្រើសរើសដោយមនសិការ ដើម្បីការកែលម្អ ការយកចិត្តទុកដាក់របស់អ្នក ហើយអ្នកត្រូវចាប់ផ្ដើមដោយការប្រាកដថាអារម្មណ៍របស់អ្នកគឺផ្ដោតតែទៅលើអ្វីដែលអ្នកកំពុងធ្វើ។

  • ធ្វើការសម្រាកឲ្យបានគ្រប់គ្រាន់៖ ប្រសិនបើអ្នកមិនបានសម្រាកឬគេងពី ៦ ទៅ ៨ ម៉ោងក្នុងមួយយប់ទេ វាអាចជាហេតុដែលធ្វើឲ្យអ្នកមិនអាចផ្ដោតអារម្មណ៍បាន ពីព្រោះរាងកាយរបស់អ្នកត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីអាចដំណើរការបានល្អ។

  • ចៀសវាងកិច្ចការងារច្រើនក្នុងពេលតែមួយ៖ ទោះជាយ៉ាងណាក៏ដោយតាមការស្រាវជ្រាវថ្មីបានបង្ហាញថា «​កិច្ចការច្រើនគឺមិនសូវល្អសម្រាប់អ្នកទេ» មនុស្សដែលធ្វើការងារច្រើននឹងមិនសូវមានប្រសិទ្ធភាព ហើយធ្វើខុសកាន់តែច្រើន។

  • កាត់បន្ថយការញ៉ាំជាតិស្កនឹងកាបូអ៊ីដ្រាត៖ ប្រសិនបើរបបអាហាររបស់អ្នកមានជាតិស្ករ កាបូអ៊ីដ្រាតច្រើននោះ អ្នកប្រហែលជាមានផលវិបាកក្នុងការផ្ដោតអារម្មណ៍ ធ្វើឲ្យអ្នកមានភាពយឺតយាវ ដូច្នេះព្យាយាម​ទទួលទានប្រូតេអ៊ីន ​អូមេហ្គា​បី និង​អាហាសុខភាពផ្សេងទៀត​ដែល​មិនមានជាតិស្ករច្រើន។

  • បំបាត់ចោលការរំខាននានា៖ បិទទូរសព្ទ ការផ្ញើសារនានា និងការរំខានផ្សេងទៀតដែលអាចរារាំងអ្នកក្នុងការផ្ដោតអារម្មណ៍ ពីព្រោះអ្នកនឹងមិនអាចធ្វើទៅបានឡើយប្រសិនបើមានការរំខានពីសំឡេងសារពីទូរសព្ទមិនឈប់ឈរនោះ។

  • ការផ្លាស់ប្ដូរបរិយាកាសជុំវិញខ្លួន៖ បរិយាកាសជុំវិញអ្នកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសមត្ថភាពក្នុងការផ្តោតអារម្មណ៍របស់អ្នក ដូចជាពណ៌ខៀវមានទំនោរក្នុងការបង្កើនផលិតភាព ខណៈពេលដែលពណ៌ក្រហមគឺអាចធ្វើឲ្យអ្នកមានភាពស្មុគស្មាញ ក្រៅពីនោះកម្ពស់នៃតុរបស់អ្នក កម្រិតផាសុកភាពនៃកៅអី និងពន្លឺក៏អាចដើរតួយ៉ាងសំខាន់ផងដែរ។

អ្នកត្រូវចាំថាគឺអ្នកណាៗក៏បង្កើតកំហុសដែរ ប៉ុន្តែប្រសិនបើអ្នកបានរៀនអំពីរបៀបនៃការពង្រឹងនៃការផ្ដោតអារម្មណ៍របស់អ្នកដោយការប្រវិធីសាមញ្ញៗខាងលើនេះ វាពិតជាអាចជួយធ្វើឲ្យកំហុសរបស់អ្នកតិចជាងមុន។ ដូច្នេះខិតខំព្យាយាមផ្តោតការយកចិត្តទុកដាក់តែទៅលើអ្វីដែលអ្នកកំពុងតែធ្វើ ការរៀបចំកន្លែងធ្វើការរបស់អ្នកឲ្យទៅជាកន្លែងស្ងប់ស្ងាត់ល្អសម្រាប់ផលិតភាព និងដើម្បីលុបបំបាត់ការរំខាននៅជុំវិញខ្លួន។ ជាមួយនឹងការកែតម្រូវបន្តិចបន្ទួច អ្នកនឹងអាចស្វែងយល់អំពីភាពងាយស្រួលក្នុងការធ្វើឲ្យការផ្ដោតអារម្មណ៍របស់អ្នកមានផលិតភាពខ្ពស់ មិនបង្កើតកំហុសច្រើន និងមានភាពល្អប្រសើរជាងមុន៕

ចុចអានបន្ត៖ រឿងសំខាន់ៗ ដែលអ្នកមិនគួរនិយាយចេញឡើយនៅពេលណាដែលមានការជួបជុំមិត្តភក្តិ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម